ជាតិ
បោះតង់ ជិះទូក លេងទឹក នៅសហគមន៍អេកូទេសចរណ៍កោះសាមសិប
16, Jul 2022 , 4:40 pm        
រូបភាព
ក្រចេះ៖ សហគមន៍អេកូទេសចរណ៍កោះសាមសិប ជាតំបន់ទេសចរណ៍ធម្មជាតិមួយកន្លែងនៅតាមបណ្ដោយដងទន្លេមេគង្គលើ ខេត្តក្រចេះ។ នៅទីនេះទេសចរអាច ជិះទូក លេងទឹក បោះតង់នៅលើកោះខ្សាច់តូចធំ។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នក ទស្សនាវីដេអូខាងក្រោម៖ 
 
 
សហគមន៍អេកូទេសចរណ៍កោះសាមសិប ស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងមានចម្ងាយប្រមាណ ៩៣គីឡូម៉ែត្រ ពីក្រុងក្រចេះ។ មុនទៅដល់ចំណតទូកអេកូទេសចរណ៍នេះ
អ្នកធ្វើដំណើរក៏បានបណ្ដែតអារម្មណ៍ឃើញនូវទិដ្ឋភាពចម្ការតូចធំតាមដងផ្លូវក្រាលក្រួសក្រហមមួយខ្សែ។ មិនយូរប៉ុន្មានអ្នកដំណើរក៏បានមកដល់ចំណតទូកសហគមន៍។
បន្ទាប់ពីឡើងទូក ដើម្បីធ្វើដំណើរតាមដងទន្លេ
ទេសចរនឹងបានឃើញសម្រស់ដើមឈើ ដែលដុះចេញពីផ្ទៃទន្លេយ៉ាងស្រស់ស្អាត
សំឡេងទឹកហូរប៉ប្រះនឹងថ្ម និងកោះខ្សាច់តូចធំ។ ឯម្ដងម្កាល
អ្នកទេសចរក៏នឹកឃើញវត្តមានសត្វស្លាបហោះហើរលើវេហាផងដែរ។ 
មិនយូរប៉ុន្មានទេសចរ បានមកដល់លើកោះមួយ ដែលមានដើមខ្ពស់ នៅលើកោះនោះ
ហាក់កំពុងរង់ចាំស្វាគមន៍ទេសចរ។ មកដល់លើកោះនេះ ទេសចរខ្លះក៏ចុះលេងទឹក
ខ្លះក៏រៀបចំបោះតង់ ខ្លះបង់សំណាញ់ត្រីកម្សាន្ត ឯខ្លះទៀតផ្ដិតរូបភាពទេសភាព ជាដើម។ 
លុះទិនក្ស័យចូលមកដល់ ទេសចរទាំងឡាយ ក៏បានមកបរិភោគអាហាររួមគ្នា
ក្រោមពន្លឺភ្នក់ភ្លើង។ នាពេលរាត្រីទេសចរទាំងអស់និទ្រាក្នុងតង់ ជាមួយនឹងសំឡេងទឹកហូរ
និងសំឡេងខ្យល់បក់ត្រជាក់រហឹម។ រាត្រីបានបញ្ចប់ អរុណរង្សី នាព្រឹកព្រលឹម
បានជះមកលើផ្ទៃទន្លេ សត្វស្លាបបង្ហើរសំនៀង ដាស់អ្នកទេសចរឱ្យក្រោកពីដំណេក
រួចបន្តដំណើរទៅទីតាំងដទៃទៀត៕
 
 
 

Tag:
 កោះសាមសិប
  ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com