ជាតិ
​​​​​​​​​​​​​​ កញ្ញា ជា ម៉ៃសារ៉ស់ ពីនិស្សិតគណនេយ្យទៅជានារីទ័ពមួកខៀវ​ក្នុងបេសកកម្ម​រក្សាសន្តិភាពពិភពលោក
17, Jul 2022 , 6:59 pm        
រូបភាព
១២ឆ្នាំ​ក្នុង​វិស័យ​យោធា ជាពិសេសក្នុងតួនាទីជាទ័ពមួក​ខៀវ កញ្ញា ជា ម៉ៃសារ៉ស់ មិនដែល​រាថយនោះឡើយ។ ការ​ឆ្លងកាត់ឧបសគ្គ ការហ្វឹកហាត់ដ៏តឹងតែង និង​ការបំពេញ​បេសកកម្ម​ផ្ទាល់ សុទ្ធតែ​ជាកត្តាដែល​បង្ហាញពីភាព​ក្លាហាន​របស់​ស្ត្រីខ្មែរ និង​តួនាទី​ដ៏សំខាន់សម្រាប់​មនុស្ស​ជាតិ។

ស្រ្តីកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍសហគមន៍ ឱ្យមានភាពរីកចម្រើន។ បច្ចុប្បន្ន ចំនួនស្រ្តី ដែលប្រឡូកក្នុងកិច្ចការសង្គមហាក់មានភាពល្អប្រសើរជាងមុន។ លើសពីនេះ ស្រ្តីក៏ចាប់ផ្តើមមានភាពក្លាហាន និងមានទំនុកចិត្តច្រើនក្នុងការសម្រេចចិត្តដើរតាមក្តីស្រមៃរបស់ខ្លួន។ 
 

វរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ អមដោយទងជាតិខ្មែរ និងទងជាតិនៃអង្គការសហប្រជាតិ។ រូបភាពដោយ៖ កញ្ញា ជា ម៉ៃសារ៉ស់ .
 
បើក្រឡេកមើលស្រ្តីក្នុងវិស័យយោធាវិញ ក៏ចាប់ផ្តើមមានកំណើនជាងមុនបន្តិចម្តងៗ ដែលនេះជាសញ្ញាវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រ។  កញ្ញា ជា ម៉ៃសារ៉ស់ ជាទាហានមួកខៀវនារីម្នាក់ ក្នុងចំណោមយោធានារីជាច្រើន ដែលកំពុងបំពេញការងារនៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម នៃអង្គការសហប្រជាជាតិ។
 
កងកម្លាំងមួកខៀវកម្ពុជា ជាកងទ័ពដែលទៅបំពេញបេសកកម្មនៅក្រៅប្រទេស ក្នុងនាមជាកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ។ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម បានបញ្ជូនកងកម្លាំងមួកខៀវទាំងបុរស និងស្រ្តី ទៅបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ស៊ីប ម៉ាលី អាហ្រ្វិកកណ្តាល យ៉េមែន ស៊ីរី និងឆាត។
 

កញ្ញា ជា ម៉ៃសារ៉ស់ និងកងទ័ពមួកខៀវនារីជាច្រើនរូប ដែលទៅបំពេញបេសកកម្ម។ រូបភាពដោយ៖ កញ្ញា ជា ម៉ៃសារ៉ស់ 
 
និស្សិតផ្នែកគណនេយ្យ កែប្រែក្តីស្រមៃ ប្រឡងចូលយោធា
 
មុនប្រឡងចូលបម្រើការងារកងទ័ព នៃអង្គការសហប្រជាជាតិ ម៉ៃសារ៉ស់ គឺជាអតីតនិស្សិតនៃសកលវិទ្យាល័យអាស៊ី-អឺរ៉ុប ផ្នែកគណនេយ្យនៅឆ្នាំ២០០៨-២០១២។ កញ្ញាក៏បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររងភាសាអង់គ្លេស នៅឆ្នាំ២០០៥ ផងដែរ។ 

នារីឈរជួរមុខ ដែលសម្បុរស ភ្នែកតូច មាឌតូច គឺជាកញ្ញា ជា ម៉ៃសារ៉ស់ ។ រូបភាពដោយ៖ កញ្ញា ជា ម៉ៃសារ៉ស់ 
 
ការជ្រើសរើសជំនាញនេះនៅសាកលវិទ្យាល័យ ដោយសារកញ្ញា ម៉ៃសារ៉ស់ មានក្តីស្រមៃចង់ធ្វើការផ្នែកគណនេយ្យ។ ក្រៅពីនេះ កញ្ញាក៏ស្រលាញ់ការងារមគ្គទេសក៍ផងដែរ ព្រោះ ម៉ៃសារ៉ស់ ចង់ចេះចង់ដឹងអំពីកន្លែងថ្មី និងចង់ធ្វើការជាមួយបរទេស។
 
នៅឆ្នាំ២០១០ កម្ពុជា ជាម្ចាស់ផ្ទះនៃលំហាត់​ហ្វឹកហ្វឺន កង​កម្លាំង​ពហុសាសន៍ ដែល​មាន​ឈ្មោះ​ថា «ឆ្មាំ​អង្គរ ឆ្នាំ​២០១០»។ គ្រានោះ ក៏មានការប្រកាសជ្រើសរើសនិស្សិត ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឬបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ដើម្បីចូលបម្រើការងារក្នុងវិស័យរក្សាសន្តិភាពកម្ពុជា។

 កញ្ញា ជា ម៉ៃសារ៉ស់ អំឡុងពេលចុះបំពេញបេសកកម្មនៅក្រៅប្រទេស។ រូបភាពផ្តល់ឱ្យដោយ៖ កញ្ញា ជា ម៉ៃសារ៉ស់ 

ដោយសង្កេតឃើញថា កងកម្លាំងមួកខៀវមានឱកាសចេញទៅធ្វើការក្រៅប្រទេស និងអាចធ្វើការជាមួយបរទេសផងនោះ និស្សិតមាឌតូច ចិត្តធំរូបនេះ បានដាក់ពាក្យចូលប្រឡង។ ក្រៅពីនេះ កញ្ញា ជា ម៉ៃសារ៉ស់ ក៏ចង់សាកល្បងសមត្ថភាពខ្លួនលើការងារយោធា ដែលភាគច្រើនមានតែបុរស។  
 
ម៉ៃសារ៉ស់ បានរំលឹកពីគោលបំណងចូលទាហានប្រាប់ ThmeyThmey25 ដូច្នេះ៖« ខ្ញុំគិតថាការចូលបម្រើការងារក្នុងវិស័យយោធា គឺជាបទពិសោធន៍ថ្មីមួយ ក្រៅពីការងារឯកជន និងចង់សាកល្បងអ្វីដែលថ្មី ដែលភាគច្រើនមានតែបុរសទេជាទាហាន ហើយខ្ញុំជឿជាក់ថាខ្ញុំក៏អាចធ្វើបានដែរ»។
 

 កញ្ញា ជា ម៉ៃសារ៉ស់ អំឡុងពេលចុះបំពេញបេសកកម្មនៅក្រៅប្រទេស។ រូបភាពផ្តល់ឱ្យដោយ៖ កញ្ញា ជា ម៉ៃសារ៉ស់ 
 
និស្សិតរូបនេះ បានឆ្លងកាត់ការធ្វើតេស្តសមត្ថភាពលើចំណេះដឹងវប្បធម៌ទូទៅ ភាសាអង់គ្លេស និងកាយស​ម្បទា។​ ចំពោះ មៃសារ៉ស់ ការប្រឡង​កាយសម្បទា មានភាពលំបាកជាងវិញ្ញាសាឯទៀត ព្រោះត្រូវរត់ អាវ៉ង់ ចោលដំដែក និងលោតចម្ងាយ។ 
 
ការតស៊ូនឹងការលំបាកក្នុងទីលានហ្វឹកហ្វឺន​ និងនៅតំបន់បេសកកម្ម 
 
ទោះការប្រឡងហាក់តឹងតែង និងខុសប្លែកពីការប្រឡងនានាបន្តិចក្តី តែទាហានសម្បុរស ភ្នែកតូចរូបនេះនៅតែអាចធ្វើបាន។ បន្ទាប់ពីការប្រឡងជាប់ នាយទាហានតូច មៃសារ៉ស់ ត្រូវហ្វឹកហ្វឺនលំហាត់កងទ័ព ច្បាប់វិន័យ ក្រមសីលធម៌ និងសមយុទ្ធក្នុងស្រុក និងក្រៅស្រុក។ 
 

 កញ្ញា ជា ម៉ៃសារ៉ស់ អំឡុងពេលចុះបំពេញបេសកកម្មនៅក្រៅប្រទេស។ រូបភាពផ្តល់ឱ្យដោយ៖ កញ្ញា ជា ម៉ៃសារ៉ស់ 
 
យោធានារីវ័យ ៣៨ឆ្នាំរូបនេះ បានថ្លែងពីការលំបាកនៃការហ្វឹកហ្វឺនក្នុងនាមខ្លួនជាស្ត្រីក្នុងវិស័យយោធាដូច្នេះថា៖« ដំបូងលំបាកណាស់ ព្រោះព្រលឹមឡើងត្រូវងើបម៉ោង៤ព្រឹក ហាត់ប្រាណជាមួយគេ។ ក្រោយអាហារពេលព្រឹក ដល់ម៉ោងហាត់លំហាត់របៀប និងលំហាត់អាវុធជាដើម។ និយាយទៅអត់មានពេលសម្រាកទេ ព្រោះត្រូវគោរពតាមវិន័យ ត្រូវស្លៀកពាក់ឯកសណ្ឋាន មិនអាចដោះស្បែកជើង ឬឯកសណ្ឋាន បានតាមចិត្តនោះទេ»។ 

កញ្ញា ជា ម៉ៃសារ៉ស់ អំឡុងពេលចុះបំពេញបេសកកម្មនៅក្រៅប្រទេស។ រូបភាពផ្តល់ឱ្យដោយ៖ កញ្ញា ជា ម៉ៃសារ៉ស់  

ជាការពិតណាស់ ឯកសណ្ឋានទានហានមិនផ្តល់ភាពងាយស្រួលឡើយ ជាពិសេសសម្រាប់ការហ្វឹកហាត់ក្នុងទីលានក្រោមកម្តៅថ្ងៃ។ ដោយឡែក កូនអ្នកសៀមរាបរូបនេះ ក៏ត្រូវគោរពតាមវិន័យតឹងរ៉ឹងរបស់កងទ័ព ដែលវាពិបាកសម្របខ្លួនបន្តិចសម្រាប់កញ្ញា។
 
ក្រៅពីលំបាកក្នុងទីលានហ្វឹកហ្វឺន កូនទី២ ក្នុងចំណោមបងប្អូន៥នាក់ ម៉ៃសារ៉ស់ ក៏ជួបការលំបាកមួយចំនួនអំឡុងពេលចេញទៅបំពេញបេសកកម្មនៅក្រៅប្រទេសផងដែរ។ អំឡុងឆ្នាំ២០១២-២០១៣ ម៉ៃសារ៉ស់ បានចេញបំពេញបេសកកម្មទី១របស់ខ្លួន នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។ 
 

 កញ្ញា ជា ម៉ៃសារ៉ស់ អំឡុងពេលចុះបំពេញបេសកកម្មនៅក្រៅប្រទេស។ រូបភាពផ្តល់ឱ្យដោយ៖ កញ្ញា ជា ម៉ៃសារ៉ស់ 
 
រយៈពេល៨ឆ្នាំ ដែលកូនអ្នកនេសាទរូបនេះ បំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង និងបន្តបេសកកម្មនៅសាធារណរដ្ឋលីបង់ នៅឆ្នាំ២០២១-២០២២។ ជាកូនស្រី ដែលត្រូវឃ្លាតឆ្ងាយពីគ្រួសារដើម្បីបំពេញកាតព្វកិច្ច ឱពុកម្តាយ ម៉ៃសារ៉ស់ ក៏មានការព្រួយបារម្ភ និងនឹកនា ចំពោះកូនស្រីរូបនេះផងដែរ ដ្បិតបេសកកម្មនេះមានការលំបាកមួយចំនួន។
 
«ការលំបាក គឺចុះល្បាតនៅតំបន់អសុវត្ថិភាព មានការឆក់ប្លន់តាមដងផ្លូវ គេងក្នុងតង់តាមភូមិរយៈពេលយូរ កង្វះទឹកហូបនិងប្រើប្រាស់ ប្រឈមនឹងការយាយីនិងហានិភ័យ និងមិនមានបន្ទប់ទឹកក្នុងពេលចេញល្បាត»។ នេះជាការលើកឡើងរបស់វរសេនីយ៍ទោ ជា ម៉ៃសារ៉ស់ អនុប្រធានជំនាញគ្រប់គ្រងធនធានមនុស្ស និងបណ្តុះបណ្តាល នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម។
 

 កញ្ញា ជា ម៉ៃសារ៉ស់ និងកងទ័ពមួកខៀវនារី មកពីបណ្តាប្រទេសនានា។ រូបភាព៖ កញ្ញា ជា ម៉ៃសារ៉ស់

មោទកភាព ដែលជាកងកម្លាំងមួកខៀវនារី ក្នុងបេសកកម្មរក្សាសន្តិភាព
 
ថ្វីបើការហ្វឹកហ្វឺន និងការចេញបំពេញបេសកកម្មក្រៅប្រទេសមានការលំបាកច្រើនបន្តិចក្តី តែកញ្ញា ជា ម៉ៃសារ៉ស់ ជាពិសេសឱពុកម្តាយផ្ទាល់ មានមោទនភាព ដែលកូនស្រីរូបនេះបានចូលរួមចំណែកជួយអង្គភាព សង្គមជាតិ និងលើកស្ទួយកិត្តិយសគ្រួសារផងដែរ។ 
 
រីឯកញ្ញា ជា ម៉ៃសារ៉ស់ ក៏មានមោទកភាព ដែលបានបំពេញបេសកកម្មរក្សាសន្តិភាពជូនជាតិមាតុភូមិ ដ្បិតការងារនេះបានជួយឱ្យកញ្ញាទទួលបានពិសោធន៍ការងារថ្មី និងបានយល់ដឹងពីវប្បធម៍ប្រទេសផ្សេងៗ។ ក្រៅពីនេះ ម៉ៃសារ៉ស់ ក៏បានចូលរួមការងារមនុស្សធម៌នានា និងបានផ្សព្វផ្សាយពីតម្លៃនៃសន្តិភាពកម្ពុជាទៅជាតិសាសន៍ដទៃ។ 
 
កញ្ញាបានលើកឡើងពីភាពត្រេអរថា៖«នាងខ្ញុំមានមោទនភាពណាស់ ដែលបានស្លៀកឯកសណ្ឋានកងទ័ពកម្ពុជាចូលរួមស្មើមុខស្មើមាត់លើឆាកអន្តរជាតិជាមួយប្រទេសនានា ដែលបានបរិច្ចាគកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ»។
 

កញ្ញា ជា ម៉ៃសារ៉ស់ អំឡុងពេលចុះបំពេញបេសកកម្មនៅក្រៅប្រទេស។ រូបភាពផ្តល់ឱ្យដោយ៖ កញ្ញា ជា ម៉ៃសារ៉ស់  
 
ក្នុងនាមជានារីមួយរូបក្នុងវិស័យយោធា កញ្ញាបានលើកឡើងពីការចូលរួមរបស់ស្រ្តីដូច្នេះថា​៖«ការចូលរួមរបស់ស្ត្រីក្នុងវិស័យយោធាកម្ពុជា បានឆ្លុះបញ្ចាំងពីភាពអង់អាចក្លាហាន វីរភាព និងភាពរឹងមាំរបស់ស្ត្រី ដោយមិនខ្លាចភាពនឿយហត់ក្នុងការហ្វឹកហាត់នៅលើទីលាន។ ទំនុកចិត្តជម្នះគ្រប់ឧបសគ្គ ដើម្បីសម្រេចបានលទ្ធផលល្អ ដូចដែលបុរសធ្វើបានស្រ្តីក៏ធ្វើបានដែរ»។ 
 
ទន្ទឹមនឹងនោះ​ ម៉ៃសារ៉ស់ ក៏លើកទឹកចិត្តដល់ស្រ្តី ដែលស្រលាញ់វិស័យយោធាឱ្យក្លាហាន និងបង្កើនសមត្ថភាព ចំណេះដឹង ជំនាញ និងភាសា ដើម្បីលើកស្ទួយសមភាពយេនឌ័រក្នុងវិស័យយោធាកម្ពុជាលើឆាកអន្តរជាតិ។ «ស្ត្រីគួរចូលរួមការងារយោធាឱ្យបានច្រើន ដើម្បីបង្ហាញពីសមត្ថភាព និងភាពរឹងមាំរបស់ស្ត្រី។ ស្រ្តីអាចធ្វើដូចបុរស គ្រប់ការងារ គ្រប់ស្ថាប័ន គ្រប់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ទាំងផ្នែកវិស័យសាធារណៈ សន្តិសុខ ការទូត វិស័យឯកជន នយោបាយ អង្គការជាតិនិងអន្តរជាតិ»។ នេះជាការលើកទឹកចិត្តរបស់ វរសេនីយ៍ទោ ជា ម៉ៃសារ៉ស់៕
 
 

Tag:
 កញ្ញា ជា ម៉ៃសារ៉ស់
  ស្រ្តីក្នុងវិស័យយោធា
© រក្សាសិទ្ធិដោយ thmeythmey.com