អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍
17, Jul 2022 , 11:29 pm        
រូបភាព
ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើន បានកើតឡើងនៅក្នុងសប្តាហ៍ចុងក្រោយនេះ។ វិបត្តិនយោបាយនៅស្រីលង្កា បានជំរុញឱ្យប្រធានាធិបតីចាកចេញពីប្រទេស និងលាលែងពីតំណែងជាផ្លូវការ ខណៈសង្រ្គាមនៅអ៊ុយក្រែន បន្តអូសបន្លាយ។ ចំណែកជប៉ុនឯណោះវិញ បានគិតគូរធ្វើពិធីបុណ្យថ្នាក់រដ្ឋសម្រាប់លោកអាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន។ ទន្ទឹមនេះ ឥណ្ឌូណេស៊ី ក្នុងនាមជាប្រធានផ្លាស់វេន បានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ បន្ទាប់ពីជំនួបរដ្ឋមន្រ្តីការបរទេសនៅសប្តាហ៍មុន។

 
 
ថ្ងៃទី១១ ខែកក្កដា

រដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី​ ប្លីងខិន​ បានហៅអតីតនាយករដ្ឋមន្រ្តីជប៉ុន អាបេ ស៊ិនហ្សូ ជាមនុស្សពោរពេញដោយចក្ខុវិស័យក្នុងការដឹកនាំប្រទេស និងការលើកកម្ពស់ទំនាក់ទំនងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងតូក្យូ។
 
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានព្រមានជាថ្មី ចំពោះបណ្តាប្រទេសអាស៊ីកុំឱ្យក្លាយជាកូនអុករបស់មហាអំណាច។ បើតាមលោក វ៉ាង អនាគតតំបន់អាស៊ី គួរតែស្ថិតក្នុងដៃរបស់ប្រទេសក្នុងតំបន់ មិនមែនមហាអំណាចមកពីខាងក្រៅឡើយ។
 
ថ្ងៃទី១២ ខែកក្កដា
 
អាម៉េរិក និងទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ជំរុញឱ្យបណ្តាប្រទេសអាស៊ីធ្វើពិពិធកម្មច្រវាក់ផ្គត់ផ្គង់ថាមពលរបស់ខ្លួន សំដៅបញ្ចៀសការពឹងផ្អែកលើប្រភពផ្គត់ផ្គង់ថាមពលពីចិន និងរុស្ស៊ី។
 
នៅខួបលើកទី៦ ដែលតុលាការមជ្ឈត្តការក្រុងឡាអេសម្រេចឱ្យឈ្នះក្តីចិនជុំវិញសំណុំរឿងដែនទឹកនៅសមុទ្រចិនខាងត្បូង ហ្វីលីពីន បានបញ្ជាក់ជាថ្មីពីអធិបតេយ្យស្របច្បាប់របស់ខ្លួននៅតំបន់ជម្លោះដែលក្រុងប៉េកាំងទាមទារស្ទើតែទាំងអស់នៃដែនទឹកទីនោះ។ ប្រមុខការទូតហ្វីលីពីនអះអាងថា សាលក្រមនេះមិនអាចកែប្រែបានឡើយ។
 
ថ្ងៃទី១៣ ខែកក្កដា
 
ប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa បានចាកចេញពីប្រទេស។​ ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍បែបនេះនៅថ្ងៃទី១៣ ខែកក្កដា ខណៈវិបត្តិនយោបាយ និងសេដ្ឋកិច្ចកាន់តែដុនដាបទៅ ហើយ​ក្រុម​អ្នក​តវ៉ានៅតែបន្តប្រឆាំឱ្យមេដឹកនាំប្រទេសលាលែងពីតំណែងឱ្យដាច់ស្រេច។ ក្នុងថ្ងៃដដែលនេះ ក្រុមបាតុករ បានចូលកាន់កាប់ការិយាល័យនាយករដ្ឋមន្រ្តីស្រីលង្កាផង។ 
 
អនុប្រធានាធិបតីអាម៉េរិក បានបង្ហាញពីយុទ្ធសាស្រ្តថ្មីរបស់ទីក្រុងវ៉ាស៊ីនតោនដែលផ្តល់អាទិភាពដល់កោះប៉ាស៊ីហ្វិកក្នុងគោលនយោបាយការបរទេសរបស់ខ្លួន បន្ទាប់ពីទុកចោលមិនអើពើអស់រយៈពេលជាច្រើនឆ្នាំ។ តាមយុទ្ធសាស្រ្តថ្មី អាម៉េរិក នឹងបង្កើនជំនួយលើការអភិវឌ្ឍ និងប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ក៏ដូចជាបើកស្ថានទូតនៅកោះប៉ាស៊ីហ្វិកមួយចំនួនដើម្បីទប់ទល់ការពង្រីកឥទ្ធិពលរបស់ចិន។
 
ថ្ងៃទី១៤ ខែកក្កដា
 
កូរ៉េខាងជើង បានទទួលស្គាល់ឯករាជ្យរបស់តំបន់ផ្ដាច់ខ្លួនពីរនៅភាគខាងកើតអ៊ុយក្រែន ហើយត្រៀមខ្លួនបង្កើតទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង។ ក្រុងកៀវ ក៏ប្រកាសផ្ដាច់ទំនាក់ទំនងការទូតជាមួយក្រុងព្យុងយ៉ាងវិញដែរ។
 
មន្ត្រីកូរ៉េខាងត្បូង បានលើកឡើងថា កូរ៉េខាងត្បូង និងអាម៉េរិកបានធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នា ដោយប្រើយន្តហោះចម្បាំងបំបាំងកាយ F-35A ជាលើកដំបូង។ ការធ្វើសមយុទ្ធរួមគ្នា ត្រូវមើលឃើញថា ជាការសម្ញែងអានុភាពរបស់សម្ព័ន្ធមិត្តទាំងពីរ តបនឹងសកម្មភាពយោធាកូរ៉េខាងជើងផង និងបង្កើនសមត្ថភាពប្រតិបត្តិការរួមគ្នាផង។

ថ្ងៃទី១៥ ខែកក្កដា
 
លោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា បានចុះចេញពីតំណែងជាប្រធានាធិបតីស្រីលង្កាជាផ្លូវការហើយ។ ប្រធានសភាស្រីលង្កាប្រកាសបែបនេះ ក្រោយបានត្រួតពិនិត្យមើលលិខិតលាលែងតំណែងរបស់លោក ហ្គោតាបាយ៉ា ដែលផ្ញើពីសិង្ហបុរី។ ទន្ទឹមនេះ សភាស្រីលង្កាប្រកាសថា ស្រីលង្កានឹងមានប្រធានាធិបតីថ្មីក្នុងរយៈពេល៧ថ្ងៃ។
 
រដ្ឋមន្រ្តីហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី Sri Mulyani Indrawati ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងកសិកម្មនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង ២០ (G20) បានអំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកជួយដោះស្រាយបញ្ហាអសន្តិសុខស្បៀងអាហារ និងវិបត្តិការផ្គត់ផ្គង់ជី ដែលអាចនឹងកើតឡើងនាពេលខាងមុខ។
 
ថ្ងៃទី១៦ ខែកក្កដា
 
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន បានប្រកាសជំហររបស់អាម៉េរិកដែលនឹងបន្តតួនាទីរបស់ខ្លួននៅមជ្ឈិមបូព៌ា ដោយមិនទុកឱកាសឱ្យគូប្រជែងមានរុស្ស៊ី ចិន ឬអ៊ីរ៉ង់ឆ្លៀតពេលបញ្រ្ជាបឥទ្ធិពលនោះឡើយ។ ចំពោះមុខមេដឹកនាំប្រទេសតំបន់មជ្ឈិមបូព៌ានាជំនួបនៅអារ៉ាប៊ីសាអូឌីត លោក បៃឌិន បញ្ជាក់ថា អាម៉េរិកមិនទៅណាឡើយ៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com