ជាតិ
បណ្ដាញសង្គម ជួយឱ្យគំនូររបស់លោក កែវ សាន់ មានទីផ្សារឡើងវិញ
17, Jul 2022 , 5:39 pm        
រូបភាព
លោកតា កែវ សាន់ កំពុងគូរគំនូរលើជញ្ជាំង ក្នុងហាងសាច់អាំងមួយកន្លែង។
លោកតា កែវ សាន់ កំពុងគូរគំនូរលើជញ្ជាំង ក្នុងហាងសាច់អាំងមួយកន្លែង។
ភ្នំពេញ៖ លោក កែវ សាន់ ជាវិចិត្រករល្បីមួយរូប នៅអំឡុងឆ្នាំ១៩៨២។ វិចិត្រករវ័យ ៨៧ឆ្នាំរូបនេះ មានដើមកំណើតជាអ្នកខេត្តកំពត ដោយបានស្រលាញ់ និងរៀនគូរគំនូរតាំងពីអាយុ ១៥ឆ្នាំមកម្ល៉េះ។ នៅឆ្នាំ១៩៨២ លោកតា សាន់ បានគូរគំនូរតាមរោងកុនជាច្រើន។ វ័យកាន់តែចាស់ ប្រឡុកក្នុងអាជីពគូរគំនូរ ជាង៤០ឆ្នាំមកហើយក្ដី តែលោកតា សាន់ នៅតែប្រឹងកាន់ជក់បង្ហាញស្នាដៃ ដល់យុវជនជំនាន់ក្រោយ។

 
ជាអតីតវិចិត្រករគំនូរល្បីមួយរូប លោក កែវ សាន់ ជាវិចិត្រករគំនូរលើជញ្ជាំងដ៏មានប្រជាប្រិយភាពម្នាក់កាលពីជាង ៤០ឆ្នាំ មុន។ លោកតា សាន់ បានរៀនគូរគំនូរតាំងពីអាយុ១៥ឆ្នាំ ដោយមិនមានគ្រូបង្ហាត់បង្រៀនឡើយ។ លោករៀនគូរគំនូរដំ​បូងដោយប្រើខ្មៅដៃ ប៊ិច ប្រដាប់ផាត់ពណ៌ទាន និងទឹក។
 
លោកតា កែវ សាន់ កំពុងឆ្លាក់អក្សរលើជញ្ជាំង ក្នុងហាងសាច់អាំងមួយកន្លែង។ 

ជាការពិតណាស់ ការរៀនសូត្រដោយមិនមានគ្រូបង្ហាត់បង្ហាញ គឺមិនងាយស្រួលឡើយ ប៉ុន្តែកុមារា កែវ សាន់ អាចហាត់រៀនបានដោយខ្លួនឯង។ កំពុងមមាញឹកនឹងការគូរគំនូរលើជញ្ជាំងឱ្យហាងសាច់អាំងមួយកន្លែង លោកតា កែវ សាន់ បានឆ្លៀតប្រាប់អ្នកសារព័ត៌មានថ្មីៗ២៥អំពីការរៀនគូររបស់លោកថា៖ «មើលជាងគូរ គេលាយពណ៌យ៉ាងម៉េច ពណ៌សលាយខ្មៅទៅជាពណ៌អី ហើយពណ៌ក្រហមលាយលឿងទៅជាពណ៌អី។ ចាំយើងទៅផ្ទះ បាញ់ពណ៌ហើយ លាយក្រឡាគូរតាមគេទៅ យូរៗចេះ។ ដូចថា ការឧស្សាហ៍ព្យាយាមវាគង់សម្រេច»។ 
 
ក្រោយរៀនចេះគូរ លោកតាបានប្រកបរបរនេះដើម្បីសម្រួលជីវភាព​គ្រួសារ។ គួរឱ្យសោកស្តាយ នៅឆ្នាំ១៩៧៥ របបប៉ុលពតបានចូលមកដល់ ដែលវាជាហេតុនាំឱ្យលោកតា សាន់ និងគ្រួសារ រត់ទៅរស់នៅកោះត្រល់ ឬ ហ្វូក្វូក នៃប្រទេសវៀតណាមមួយរយៈ។ លោកតាសាន់ បានប្រើជំនាញថ្វីដៃរបស់លោកដើម្បីគូរគំនូរ និងសរសេរអក្សរឆ្លាក់លើទូកឱ្យអ្នកនេសាទនៅតំបន់នោះ។ 
 
ក្រោយរបបខ្មែរក្រហមដួលរលំ លោកតា សាន់ និងគ្រួសារ បានត្រឡប់មករស់ស្រុកកំណើតវិញនៅឆ្នាំ១៩៨១ និងបានទៅរស់នៅក្រុងភ្នំពេញនៅឆ្នាំ ១៩៨២។ ពេលនោះ វិចិត្រកររូបនេះ បានចាប់ផ្ដើមអាជីពរបស់ខ្លួន។
 
លោកតា សាន់ មានភាពឆ្លាតវៃ និងរហ័សរហួន ក្នុងការគូរគំនូរឱ្យរួចរាល់ក្នុងរយៈពេល៣ម៉ោង ដ្បិតវិចិត្រករភាគច្រើនប្រើពេលយូរជាងលោកក្នុងការគូរគំនូរឱ្យរួចរាល់ក្នុងមួយផ្ទាំងៗ។ 
 

លោកតា កែវ សាន់បង្ហាញអក្សរដែលឆ្លាក់លក់ 
 
លោកតាវ័យ ៨៧ឆ្នាំរូបនេះ បានរម្លឹកប្រវត្តិរបស់លោកទាំងរីករាយ៖ «ក្រោយអាពត គូរដំបូងគេនៅរោងកុនអង្គរ ដោយមិត្តភ័ក្តតាឈ្មោះ ចៅហ្វា ហៅទៅគូរ។ គូរហើយ ចាប់ផ្តើមល្បី គេហៅគូរគ្រប់គ្នា ព្រោះគូរទាន់ចិត្ត ៣ម៉ោងយក តែបើហៅជាងគេ ២ថ្ងៃ។ កាលនោះចាប់លេខរៀង រោងកុនវិមានសួស្តី មេគង្គ មនោរម្យ ភ្នំពេញហាវៃ កាពីតូល លុច ថាជិត៣០រោង ហៅកុងទាំងអស់»។ 
 
ទីផ្សារគំនូរដោយដៃ ថយចុះ ដោយសារបច្ចេកវិទ្យាទំនើប
 
យ៉ាងណាមិញ ភាពស្រស់បំព្រងនៃការងារនេះក៏បានសាបម្តង​បន្តិចៗ ដោយសារបច្ចេកវិទ្យា។ នៅឆ្នាំ២០០៤ មនុស្សចាប់ផ្តើមប្រើការព្រីនរូប ច្រើនជាងគូរគំនូ ព្រោះវាមានភាពងាយស្រួល និងចំណេញពេលវេលា។ កត្តានេះ បានធ្វើឱ្យការងារលោកតាសាន់អន់ចុះ ដ្បិតអាជីពមួយនេះលែងមានតម្រូវការទៀត។ 
 
«២០០៤, ២០០៥ ចាប់ផ្តើមមានកុំព្យូទ័រ ឈប់គូរហើយ អត់ណាគូរទេ គេព្រីនស្កែនអស់ហើយ។ ធម្មតា ១ម៉ែត្រការ៉េ ៤ដុល្លារ។ បើគូរវិញ អត់គិតការ៉េទេ គេគិតម៉ៅតែម្តង ច្រើនតិច ពិបាកគូរឬអត់ បានគិតតម្លៃ។ បើមិនផ្អាក ក៏លែងមានអ្នកហៅគូរអស់ហើយ»។ នេះជាការលើកឡើងរបស់លោកតា កែវ សាន់ វិចិត្រករគំនូរលើជញ្ជាំង។
 
ទោះបីរបរនេះ ហាក់មិនមានប្រជាប្រិយដូចមុន តែលោកតា សាន់ នៅតែឃ្មីឃ្មាតជាមួយរបរគូរគំនូរ តាំងពីសក់ខ្មៅ រហូតប្រែជាស្កូវសព្រោង។ 
 
មានទីផ្សារឡើងវិញ ដោយសារបណ្ដាញសង្គមទីបំផុត ការប្រឹងប្រែងរបស់ លោក តា សាន់ មិនខកបំណងឡើយ មានមហាជនចាប់អារម្មណ៍ជាច្រើនតាមរយៈបណ្ដាញសង្គម អំឡុងឆ្នាំ២០១៩។ ស្នាដៃដ៏ល្អ​ឯក របស់វិចិត្រករវ័យ ៨៧ឆ្នាំរូបនេះ ត្រូវបានអតិថិជនគាំទ្រជាហូរហែឡើងវិញ។
 
លោកតា បានគូរគំនូរលើជញ្ជាំងហាងនានា  និងឆ្លៀតពេលឆ្លាក់អក្សរ លក់មុខផ្សារធំថ្មីផងដែរ។ លោកតាសាន់ ឆ្លាក់អក្សរលើក្រណាត់ ដែលមានពាក្យអបអរសាទរ និងពាក្យរំលែកទុក្ខជាដើមតាមតម្រូវការភ្ញៀវ។ តម្លៃនៃពាក្យស្លោកនីមួយៗ គិតទៅតាមអក្សរតិចឬច្រើន ដោយមានតម្លៃ ៥ពាន់រៀល និង១ម៉ឺនរៀល ។
 
អាយុកាន់តែច្រើន កម្លាំងក៏កាន់តែថយចុះ។ លោកតាក៏ជួបការលំបាកមួយចំនួនក្នុងការងារគូរគំនូរនេះផង ដ្បិតលោកតាដើរគូរតែម្នាក់ឯង។ លោកតាបានឱ្យដឹងថា៖« វាពិបាកគូររឿងឡើងចុះៗ ហើយដៃមួយកាន់កំប៉ុង ដៃមួយគូរ ។ បើឈរនៅដីមានអី»។ 
 
ថ្វីបើមានភាពលំបាកដោយសារវ័យជរាទៅហើយ លោតា សាន់ អះអាងថា លោកនៅតែប្រឹងប្រកបអាជីពនេះ រហូតដង្ហើមចុងក្រោយ ដ្បិតលោក ចាត់ទុក ការគំនូរ គឺជារឿងដ៏រីករាយមួយសម្រាប់ជីវិត៕
 
 
 

Tag:
 វិចិត្រករ កែវ សាន់
  គំនូរ
© រក្សាសិទ្ធិដោយ thmeythmey.com