អន្តរជាតិ
លោកហ្សេលេនស្គី បណ្តេញប្រធានទីភ្នាក់ងារសន្តិសុខដែលជាមិត្តពីកុមារភាព ព្រោះមានមន្រ្តីពាក់ព័ន្ធនឹងរុស្ស៊ី
18, Jul 2022 , 10:01 am        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៧ ខែកក្កដា បានបណ្តេញភ្លាមៗប្រមុខទីភ្នាក់ងារសន្តិសុខជាតិ ដែលជាមិត្តពីកុមារភាព និងអគ្គរដ្ឋអាជ្ញា ក្រោមហេតុផលមន្រ្តីនៃស្ថាប័នរបស់អ្នកទាំងពីររូបគ្រប់គ្រង បានសហការជាមួយរុស្ស៊ី។ បើតាមប្រធានាធិបតីអ៊ុយក្រែន ករណីចោទពាក់ព័ន្ធនឹងទោសក្បត់ជាតិ រួមទាំងទាក់ទិននឹងរុស្ស៊ីជាច្រើនរយករណី ត្រូវបានបើកការស៊ើបអង្កេត។

 
តាមរយៈវេបសាយការិយាល័យប្រធានាធិបតីអ៊ុយក្រែន បញ្ជាប្រតិបត្តិមួយ បានប្រកាសបណ្តេញប្រធានទីភ្នាក់ងារសន្តិសុខរដ្ឋ (SBU) លោក Ivan Bakanov ដែលជាមិត្តពីកុមារភាពរបស់លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី និងអគ្គរដ្ឋអាជ្ញា លោកស្រី Iryna Venediktova។ លោក Bakanov ត្រូវបានតែងតាំងជាប្រធានទីភ្នាក់ងារសន្តិសុខរដ្ឋនៅក្នុងឆ្នាំ២០១៩ បន្ទាប់ពីលោក ហ្សេលេនស្គី ជាប់ឆ្នោតជាប្រធានាធិបតី ខណៈលោកស្រី Venediktova ដឹកនាំការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមលើរុស្ស៊ីនៅអ៊ុយក្រែន។ 
 
តាមការបញ្ជាក់របស់លោក ហ្សេលេនស្គី លើប្រព័ន្ធ Telegram ទៅកាន់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងថ្ងៃទី១៧ ខែកក្កដា ការបណ្តេញចេញនេះ ធ្វើឡើងក្រោមហេតុផល មន្រ្តីជាច្រើននៅក្នុងទីភ្នាក់ងារសន្តិសុខ និងការិយាល័យរដ្ឋអាជ្ញា មានពាក់ព័ន្ធនឹងរុស្ស៊ី ខណៈមន្រ្តីអ៊ុយក្រែនមួយចំនួន កំពុងប្រឆាំងនឹងរដ្ឋាភិបាលក្រុងកៀវ ពីដែនដីរបស់អ៊ុយក្រែនគ្រប់គ្រងដោយរុស្ស៊ី។ 
 
«សកម្មភាពប្រឆាំងនឹងសន្តិសុខជាតិអ៊ុយក្រែនដ៏ច្រើនបែបនេះ រួមទាំងកំណត់ត្រាពាក់ព័ន្ធរវាងកម្លាំងសន្តិសុខអ៊ុយក្រែនជាមួយរុស្ស៊ី បានចោទជាសំណួរធ្ងន់ធ្ងរចំពោះមេដឹកនាំរបស់ពួកគេ»។ ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់បែបនេះ នៅក្នុងវីដេអូមួយទៀត ដែលត្រូវបានបង្ហោះលើបណ្តាញសង្គម Facebook ក្នុងថ្ងៃទី១៧ ខែកក្កដា ដោយបន្ថែមថា បុគ្គលិកច្រើនជាង ៦០នាក់របស់ការិយាល័យរដ្ឋអាជ្ញា និងទីភ្នាក់ងារសន្តិសុខរដ្ឋ ដែលស្ថិតនៅក្នុងតំបន់រុស្ស៊ីគ្រប់គ្រង កំពុងសហការជាមួយក្រុងមូស្គូ ប្រឆាំងអ៊ុយក្រែន។  
 
មិនតែប៉ុណ្ណោះ មេដឹកនាំអ៊ុយក្រែនរូបនេះ បានបន្តទៀតថា ករណីចោទនឹងទោសក្បត់ជាតិ និងសហការជាមួយរុស្ស៊ីចំនួន ៦៥១ ក៏ត្រូវបានបើកការស៊ើបអង្កេតផងដែរ។ នេះជាករណីចោទពីទោសក្បត់ជាតិដ៏ច្រើនបំផុត ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ 
 
ក្នុងបញ្ជាប្រតិបត្តិដោយឡែកមួយទៀត ប្រធានាធិបតីអ៊ុយក្រែន បានតែងតាំង លោក Oleksiy Symonenko ជាអគ្គរដ្ឋអាជ្ញាថ្មីរបស់អ៊ុយក្រែន ជំនួសលោកស្រី Venediktova៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com