COVID-19
អន្តរជាតិ
ករណីឆ្លងជំងឺកូវីដ-១៩ នៅចិន ចាប់ផ្ដើមកើនជាថ្មី
18, Jul 2022 , 1:59 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
អាជ្ញាធរចិន ប្រកាសនៅថ្ងៃទី១៨ ខែកក្កដា ករណីជំងឺកូវីដ-១៩ ឆ្លងថ្មីចំនួន៥៩៨នាក់ ត្រូវបានរកឃើញនៅ២៤ម៉ោងមុន។ ករណីឆ្លងជំងឺកូវីដ-១៩ នៅចិន ហាក់កម្រើកខ្លាំងជាថ្មី ដោយទីក្រុងសៀងហៃ និងតំបន់រដ្ឋបាលពិសេសម៉ាកាវ សុទ្ធតែចាត់វិធានការទប់ទល់ការរាលដាល។


 
ក្រោយការថមថយការរាតត្បាតជំងឺកូវីដ-១៩ អស់មួយរយៈ ចិនបានចាប់ផ្ដើមរងគ្រោះខ្លាំងជាថ្មីដោយការរាលដាលចាប់ពីខែមីនា ដើមឆ្នាំ២០២២។ បើតាមការបញ្ជាក់របស់គណៈកម្មការសុខភាពជាតិរបស់ចិននៅថ្ងៃទី១៨ ខែកក្កដា គិតត្រឹមនៅថ្ងៃទី១៧ ខែកក្កដា ចិនមានករណីវិជ្ជមានកូវីដ-១៩ សរុបជាង ២២ម៉ឺនករណី ក្រោយរកឃើញអ្នកឆ្លងថ្មីមានចំនួន ៥៩៨នាក់ ដែលភាគច្រើនគឺមិនមានចេញរោគសញ្ញាឡើយ។ 
 
យ៉ាងណាមិញ ទិន្នន័យនេះបានធ្លាក់ចុះបន្តិចធៀបនឹងថ្ងៃទី១៦ ខែកក្កដា ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ៦៩១នាក់។ ក្នុងនោះអ្នកមានរោគសញ្ញាមានចំនួន ១៥៤ករណី និងអ្នកមិនមានរោគសញ្ញាមាន ៥៣៧ករណី។ 
 
រដ្ឋាភិបាលចិនបានអះអាងថា រដ្ឋធានីប៉េកាំង មិនមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីឡើយគិតចាប់ពីថ្ងៃទី១១ ដល់ទី១៧ ខែកក្កដា។ ចំណែកទីក្រុងសៀងហៃ មានករណីវិជ្ជមានជំងឺកូវីដ-១៩ ឆ្លងថ្មីក្នុងសហគមន៍សរុប ១៧នាក់ ដែល ៣នាក់មានចេញរោគសញ្ញា និង១៤នាក់មិនមានរោគសញ្ញា។ នៅថ្ងៃទី១៨ ខែកក្កដា សៀងហៃបានបើកការធ្វើតេស្តរួមទូទាំងទីក្រុងផងដែរដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ចំណែកក្រុងម៉ាកាវ បន្តបិទខ្ទប់។ 
 
ក្រៅពីនេះ តំបន់ដែលមានករណីជំងឺកូវីដ-១៩ ឆ្លងថ្មីច្រើនមានខេត្តកាន់ស៊ូ និងខេត្តគ័ងតុង។ តំបន់ដែលមានករណីឆ្លងថ្មីភាគច្រើនសុទ្ធតែបានចាត់វិធានការបិទខ្ទប់ និងធ្វើតេស្តរកវីរុសបង្កជំងឺកូវីដ-១៩៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com