អត្ថបទពាណិជ្ជកម្ម
ការទូទាត់តាមប្រព័ន្ធ KHQR កាន់តែទូលំទូលាយនៅប្រទេសថៃ
18, Jul 2022 , 3:29 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញៈ ស្របពេលដែលការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល កាន់តែពេញនិយម គេសង្កេត ឃើញថា ការទូទាត់តាមប្រព័ន្ធ KHQR ត្រូវបានបណ្តាហាងលក់ទំនិញ និងសេវានានា នៅប្រទេសថៃ យកមកប្រើប្រាស់សម្រាប់មធ្យោបាយទូទាត់ សម្រាប់អតិថិជ នមកពីប្រទេសកម្ពុជា បានយ៉ាងងាយស្រួល។
 
កាលពីពេលថ្មីៗនេះ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស NBC ក្នុងដំណើរកម្សាន្តនៅប្រទេសថៃ បានប្រើប្រាស់ការទូទាត់ការស្កេន KHQR ដោយផ្ទាល់ នៅក្នុងហាងមួយនាទីក្រុងបាងកក។ ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក អ្នកស្រីបានមានប្រសាសន៍ថា ចាប់តាំងពីការទូទាត់តាមQR ត្រូវបានដាក់ឱ្យដំណើរការ តាំងពីខែកុម្ភៈ ឆ្នាំ២០២០ ដោយធនាគារកណ្តាលនៃប្រទេសទាំងពីរ ការទូទាត់តាម QR ក៏ចាប់ផ្តើមមានដំណើរការសន្សឹមៗ។ ប៉ុន្តែចាប់តាំងពីពេលនោះមក ព្រំដែនត្រូវបានបិទ ដោយសារតែការរីករាលដាលជំងឺកូវីដ-១៩ ដូច្នេះប្រតិបត្តិការមិនមាន ឬមានតិចតួចបំផុត។
 
លោកស្រីបន្តថា បច្ចុប្បន្ន ប្រតិបត្តិការអាចធ្វើបាន តែរវាងអតិថិជនធនាគារ អេស៊ីលីដា និងអតិថិជន របស់ធនាគារថៃ SCB ប៉ុណ្ណោះ ដោយវាមិនទាន់ដំណើរការជាសកលនៅឡើយទេ។ លោកស្រីថ្លែងថា៖ «បច្ចុប្បន្នយើងកំពុងពិភាក្សា ដើម្បីអនុញ្ញាតឱ្យអ្នកប្រើ KHQR ទាំងអស់ អាចប្រើកម្មវិធីលើទូរស័ព្ទចល័តរបស់អតិថិជន ដើម្បីទូទាត់ប្រាក់ ជាមួយពាណិជ្ជកររបស់ ធនាគារ SCB បានកាន់តែទូលំទូលាយ»។
 
លោកស្រីបញ្ជាក់ថា៖« នៅប្រទេសថៃ មិនមែនពាណិជ្ជករទាំងអស់ អាចទទួលយក KHQR នោះទេ គឺយើងមានតែអាជីវករ ដែលជាអតិថិជនរបស់ធនាគារ SCB ប៉ុណ្ណោះ ដែលអាចទទួលការទូទាត់បាន។ យើងសង្ឃឹមថា ជាមួយនឹងការអនុម័តស្តង់ដារ QR របស់ប្រទេសថៃ យើងនឹងអាចឱ្យអ្នកប្រើប្រាស់ KHQR របស់យើង អាចទូទាត់ប្រាក់ដោយផ្ទាល់ ជាមួយពាណិជ្ជកររបស់ថៃ តាម Thai-QR ទាំងអស់ អាចទូទាត់បាន»។
លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស NBC
លោកស្រីបន្តថា រហូតមកដល់ពេលនេះ ប្រតិបត្តិការអាចធ្វើបានទៅក្រៅប្រទេស តែប៉ុណ្ណោះ។ មានន័យថា ប្រជាជនកម្ពុជា អាចបង់ប្រាក់នៅប្រទេសថៃបាន។ ប៉ុន្តែភ្ញៀវទេសចរថៃ មិនទាន់អាចបង់ប្រាក់នៅកម្ពុជាបានទេ។ បច្ចុប្បន្នសេវាកម្មនេះ ក្នុងប្រទេសកំពុងដំណើរការរៀបចំ។
 
ទាក់ទិននឹងការទូទាត់តាមប្រព័ន្ធឌីជីថលនេះ អ្នកស្រី សូរ ផនណារី អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ របស់ធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា លោកស្រីបានកត់សម្គាល់ ពីការកើនឡើងនៃប្រតិបត្តិការឌីជីថល របស់ធនាគារលោកស្រី។ ដូចកាលពីត្រីមាសទី ១ ប្រតិបត្តិការធនាគារឌីជីថល របស់ធនាគារអេស៊ីលីដា បានកើនឡើង ៣១,៤លានប្រតិបត្តិការ ស្មើនឹង ៤២ភាគរយ ហើយចំនួនប្រតិបត្តិការ បានកើនឡើងដល់ ១៤,៣៤២ ពាន់លាន ស្មើនឹង ៩៤ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលពេញមួយឆ្នាំ ២០២១។
 
លោកស្រីបញ្ជាក់ថា៖«ការទូទាត់តាមប្រព័ន្ធឌីជីថល របស់ធនាគារអេស៊ីលីដា បានជំរុញឱ្យមានកំណើនប្រតិបត្តិការទាំងនេះ សេវាធនាគារឌីជីថល អាចឱ្យផ្តល់សេវារបស់ធនាគារអេស៊ីលីដា ទៅដល់អតិថិជនរបស់ខ្លួន នៅទូទាំងពិភពលោក តាមរយៈបណ្តាញឌីជី »។
 
លោកស្រីលើកឡើងថា៖«ក្រៅពីកម្មវិធីទូរស័ព្ទចល័ត និងផលិតផលឌីជីថល ធនាគារ អេស៊ីលីដា គ្រោងនឹងពង្រីកសេវាធនាគារដោយខ្លួនឯង (SSB) បន្ថែមទៀត និងបន្តកែលម្អការិយាល័យសាខា ដែលមានស្រាប់របស់ខ្លួន ឱ្យក្លាយជាការិយាល័យឌីជីថល ពេញលេញ និងបរិយាប័ន្ន»៕
 
(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 ACLEDA
© រក្សាសិទ្ធិដោយ thmeythmey.com