អន្តរជាតិ
ប្រធានាធិបតីស្តីទីស្រីលង្កា ដាក់ប្រទេសក្នុងស្ថានភាពអាសន្ន មុនបោះឆ្នោតរើសប្រធានាធិបតីថ្មី
18, Jul 2022 , 3:59 pm        
រូបភាព
ប្រធានាធិបតីស្ដីទីស្រីលង្កា Ranil Wickremesinghe។ រូបថត AFP
ប្រធានាធិបតីស្ដីទីស្រីលង្កា Ranil Wickremesinghe។ រូបថត AFP
ដោយ:
ប្រធានាធិបតីស្តីទីស្រីលង្កា Ranil Wickremesinghe ប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលស្រីលង្កានៅថ្ងៃទី ១៧ ខែកក្កដា។ ការដាក់ប្រទេសក្នុងស្ថានភាពអាសន្នលើកនេះគឺជាចំណាត់ការដើម្បីទប់ទល់ភាពចលាចលក្នុងប្រទេស មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីដែលគ្រោងនឹងរៀបចំនៅថ្ងៃទី២០ ខែកក្កដា។

 
ជាច្រើនលើកច្រើនសារហើយ មេដឹកនាំស្រីលង្កាដាក់ប្រទេសក្នុងស្ថានភាពអាសន្នដើម្បីទប់ទល់ក្រុមបាតុករដែលខឹងសម្បារនឹងរដ្ឋាភិបាលជុំវិញការគ្រប់គ្រងសេដ្ឋកិច្ចប្រទេសមិនបានល្អ។ ខណៈដែលចលនាបះបោរប្រឆាំងរដ្ឋាភិបាលឈានដល់ថ្ងៃទី១០០ ប្រធានាធិបតីស្តីទីស្រីលង្កា Ranil Wickremesinghe ដែលបានស្បថចូលកាន់តំណែងនៅថ្ងៃទី ១៥ ខែកក្កដាបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នម្តងទៀត។ 
 
« លោក Wickremesinghe ប្រកាសពីវិធានការនេះដើម្បីជាប្រយោជន៍សន្តិសុខសាធារណៈ ការការពារសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការថែរក្សាការផ្គត់ផ្គង់ និងសេវាកម្មដែលសំខាន់ដល់ប្រជាជនសហគមន៍នេះ»។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាលស្រីលង្កានៅល្ងាចថ្ងៃទី១៧ ខែកក្កដា។
 
កាលពីសប្តាហ៍មុន លោក Wickremesinghe បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន និងបម្រាមគោចរនៅខេត្តភាគខាងលិចប្រទេស និងរដ្ឋធានីកូឡុំបូ បន្ទាប់ពីអតីតប្រធានាធិបតីស្រីលង្កា ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា បានភៀសខ្លួនទៅម៉ាល់ឌីវ។ ចំណាត់ការនោះរួមមានដាក់ពង្រាយយោធា ដើម្បីចាប់ខ្លួន និងឃុំខ្លួនអ្នកល្មើសធរមានប្បញ្ញត្តិ ឆែកឆេរទ្រព្យសម្បត្តិឯកជន ក៏ដូចជាបង្រ្កាបលើការតវ៉ាសាធារណៈ។ 
 
យ៉ាងណាមិញ ចំពោះការដាក់ប្រទេសក្នុងស្ថានភាពអាសន្នលើកនេះ រដ្ឋាភិបាលស្រីលង្កាមិនទាន់បានប្រកាសពីសេចក្តីលម្អិតនៃបញ្ញត្តិនៅឡើយទេ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃទី១៨ ខែកក្កដា រដ្ឋធានីកូឡុំបូមានសភាពស្ងប់ស្ងាត់ ជាមួយចរាចរណ៍ និងអ្នកថ្មើរជើងនៅតាមផ្លូវ។ 
 
នៅថ្ងៃទី១៦ ខែកក្កដា ប្រធានាធិបតីស្តីទីស្រីលង្កាបានប្រជុំជាមួយសមាជិកសភាដើម្បីចាប់ផ្តើមដំណើរការជ្រើសរើសប្រធានាធិបតីស្រីលង្កាថ្មី ក្រោយលោក ហ្គោតាបាយ៉ា បានចុះចេញពីតំណែងជាផ្លូវការនៅថ្ងៃទី១៤ ខែកក្កដា។ អំឡុងពេលកិច្ចប្រជុំខ្លីមួយនៅថ្ងៃប្រជុំសភានោះ អគ្គលេខាធិការសភាលោក Dhammika Dasanayake បញ្ជាក់ថា អ្នកឈរឈ្មោះសម្រាប់តំណែងប្រធានាធិបតីនឹងត្រូវបានប្រកាសនៅថ្ងៃទី១៩ ខែកក្កដា ហើយប្រសិនបើមានបេក្ខភាពប្រធានាធិបតីលើសពីមួយ សមាជិកសភានឹងបោះឆ្នោតសម្រេចនៅថ្ងៃទី២០ ខែកក្កដា។
 
ក្នុងចំណោមនោះ បក្សប្រឆាំងស្រីលង្កាដែលដឹកនាំដោយលោក Sajith Premadasa ហាក់ដូចជាលេចធ្លោជាងគេដែលមានអាសនៈ៥៤ ក្នុងចំណោម ២២៥ អាសនៈនៅសភា។ កាលពីខែឧសភា លោក Premadasa បដិសេធមិនធ្វើជានាយករដ្ឋមន្រ្តីបណ្តោះអាសន្នឡើយ នៅពេលអតីតលោកម៉ាហ៊ិនដា រ៉ាចាប៉ាក់សា ហៀបនឹងលាលែងពីតំណែង។ ប៉ុន្តែ កាលពីសប្តាហ៍មុន មេដឹកនាំបក្សប្រឆាំងស្រីលង្ការូបនេះប្រាប់ទីភ្នាក់ងារព័ត៌មាន BBC ថា លោកត្រៀមខ្លួនជាស្រេចក្នុងការឈរឈ្មោះជាប្រធានាធិបតី៕

Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com