អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង ទៅជប៉ុនដើម្បីជួសជុលទំនាក់ទំនងទ្វេភាគី
18, Jul 2022 , 5:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក ផាក ជីន ជាមួយសមភាគីជប៉ុន លោក លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក ផាក ជីន ជាមួយសមភាគីជប៉ុន លោក លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង ផាក ជីន នៅថ្ងៃទី១៨ ខែកក្កដា បានចាកចេញពីប្រទេស ដើម្បីធ្វើទស្សនកិច្ចនៅជប៉ុនលើកដំបូង ចាប់តាំងពីចូលកាន់តំណែង នៅក្នុងខែឧសភាកន្លងទៅ។ ការចាប់បង្ខំកម្លាំងពលកម្មក្នុងសម័យសង្រ្គាមលោកលើកទីពីរ ការកែប្រែទំនាក់ទំនងទ្វេភាគី និងកូរ៉េខាងជើង អាចក្លាយជាប្រធានបទដ៏សំខាន់រវាងលោក ផាក ជាមួយសមភាគីជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី។

 
ប៉ុន្មានឆ្នាំចុងក្រោយ ទំនាក់ទំនងកូរ៉េខាងត្បូង និងជប៉ុន បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារប្រទេសទាំងពីរ បានឈ្លោះគ្នាជុំវិញការទាមទារសំណងជុំវិញការចាប់បង្ខំកម្លាំងពលកម្មនាសម័យសង្រ្គាមនៅចន្លោះឆ្នាំ ១៩៤០ ដល់១៩៤៥ និងការរឹតត្បិតលើការនាំចេញធាតុកម្រជាដើម។ យ៉ាងណាមិញ ប្រធានាធិបតីកូរ៉េខាងត្បូងថ្មី លោក យូន សុកយ៉ល កន្លងមក បានទទូចឱ្យប្រទេសជិតខាងទាំងពីរកែលម្អទំនាក់ទំនងឡើងវិញ ស្របពេលចិនកំពុងបង្កើនឥទ្ធិពលក្នុងតំបន់ និងកូរ៉េខាងជើងសាកល្បងមីស៊ីលជាច្រើនលើក។ 
 
ក្នុងគោលបំណងពង្រឹងទំនាក់ទំនងឡើងវិញ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក ផាក ជីន នៅថ្ងៃទី១៨ ខែកក្កដា បានចាកចេញពីប្រទេសទៅជប៉ុន។ ក្នុងដំណើរទស្សនកិច្ចលើកដំបូងចាប់តាំងពីចូលកាន់តំណែង លោក ផាក នឹងជួបជាមួយសមភាគីជប៉ុន យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី ដើម្បីពិភាក្សាពីការចាប់បង្ខំកម្លាំងពលកម្មនៅក្នុងសម័យសង្រ្គាម ការកែលម្អទំនាក់ទំនងទ្វេភាគីឡើងវិញ រួមទាំងការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង ដែលបានបាញ់មីស៊ីលជាច្រើនលើក និងអាចសាកល្បងនុយក្លេអ៊ែរជាថ្មីផង។ 
 
សំណុំរឿងចាប់បង្ខំនេះ ក្លាយជាបញ្ហាក្ដៅ បន្ទាប់ពីជប៉ុនបដិសេធមិនផ្ដល់សំណងតាមការសម្រេចរបស់តុលាការកូរ៉េខាងត្បូង ដោយអះអាងថា បញ្ហានេះត្រូវបានដោះស្រាយស្រេចអស់ហើយ។
 
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាននៅក្នងអាកាសយានដ្ឋានមុនចាកចេញទៅជប៉ុន ប្រមុខការទូតកូរ៉េខាងត្បូង បានថ្លែងថា លោកនឹងប្រាប់ភាគីជប៉ុនពីឆន្ទៈដ៏រឹងមាំរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីនៃប្រទេសជិតខាងទាំងពីរ ហើយលោកនឹងជជែកពីការស្តារឡើងវិញនៃកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសន្តិសុខយោធា (GSOMIA) ដែលត្រូវបានផ្អាកប្រើប្រាស់ចាប់តាំងពីឆ្នាំ ២០១៩។ កាលនោះ រដ្ឋាភិបាលលោកមូន ចេអ៊ីន បានពន្យារពេលបន្តសុពលភាពកិច្ចព្រមព្រៀង ដែលហួសកំណត់មួយនេះ ដោយសារជប៉ុនរឹតត្បិតការនាំចេញធាតុកម្រមកកូរ៉េខាងត្បូង។ 
 
កន្លងមក ប្រធានាធិបតីកូរ៉េខាងត្បូង បានជំរុញឱ្យក្រុងតូក្យូពិភាក្សាជាមួយក្រុងសេអ៊ូលលើបញ្ហាប្រវត្តិសាស្រ្ត និងអនាគតជាមួយគ្នា ដើម្បីអាចដោះស្រាយជម្លោះដែលបានធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ៕
 

Tag:
 ជប៉ុន
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com