អន្តរជាតិ
កូរ៉េខាងជើងថា ខ្លួនជិតបញ្ចប់វិបត្តិកូវីដ-១៩ ខណៈប្រទេសជិតខាង​កំពុងប្រយុទ្ធនឹងរលកថ្មី
18, Jul 2022 , 9:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
កូរ៉េខាងជើង នៅថ្ងៃទី១៨ ខែកក្កដា បានប្រកាសថា ខ្លួនកំពុងដើរជិតដល់ទីបញ្ចប់នៃវិបត្តិ​ជំងឺ​កូវីដ-១៩ ហើយ ខណៈដែលករណីសង្ស័យថយចុះទាបជាលំដាប់។ ប៉ុន្តែប្រទេស​ជិត​ខាង​នៅ​អាស៊ី​របស់​កូរ៉េខាងជើង កំពុង​មមាញឹកប្រយុទ្ធនឹងរលកថ្មី​នៃការរាលដាល​ជំងឺកូវីដ-១៩ បង្កដោយវី​រុស​បំប្លែង​ថ្មី​ស្រឡាយ​អូមីក្រុង។


 
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA រាយការណ៍នៅថ្ងៃទី១៨ ខែកក្កដាថា ប្រជាជនកូរ៉េខាងជើង​ដែលមានរោគសញ្ញាក្ដៅខ្លួនចាប់ពីចុងខែមេសាមក ប្រមាណ៩៩,៩៨ភាគរយបានជាសះ​ស្បើយអស់​ហើយ។ នេះជាសញ្ញាបង្ហាញពីការខិតជិតរកទីបញ្ចប់ជំងឺកូវីដ-១៩ ក្នុងប្រទេសក្រីក្រមួយនេះ។ 
 
«យុទ្ធនាការប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ មានភាពប្រសើរឡើងដែលនឹងបញ្ចប់​វិបត្តិ​ជំងឺកូវីដ-១៩ ទាំងស្រុង»។ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានអះអាង​បែបនេះ។
បើតាម KCNA ករណីគ្រុនក្តៅថ្មីប្រចាំថ្ងៃនៅកូរ៉េខាងជើងដែលត្រូវចាត់ទុកជាករណីសង្ស័យជំងឺកូវីដ-១៩នោះ ​បានធ្លាក់ចុះជាលំដាប់ ក្រោយប្រទេសឯកោមួយនេះខិតខំ​ប្រឹងប្រែងគ្រប់គ្រង​ស្ថានការណ៍​កូវីដ-១៩។ បើទោះជាគ្មាន​យុទ្ធនាការចាក់វ៉ាក់សាំងឱ្យប្រជាជន កូរ៉េខាងជើងបានអះអាងថា​ខ្លួន​បាន​ត្រួតពិនិត្យសុខ​ភាពប្រជាជនទូទាំងប្រទេស ជាមួយការធ្វើតេស្ត PCR រកវីរុសបង្ក​ជំងឺ​កូវីដ-១៩ ជាប្រចាំ។ 
 
ទន្ទឹមនេះ កូរ៉េខាងជើងកំពុងបង្កើតវិធីសាស្រ្តថ្មីដើម្បីដឹងពីវីរុសបង្កជំងឺ​កូវីដ-១៩ និងការ​បំប្លែងខ្លួន​របស់វីរុស ក៏ដូចជាវីរុសបង្កជំងឺឆ្លងផ្សេងៗ​ទៀត ដូចជាជំងឺអុតស្វា​ជាដើម។
ការប្រកាសរបស់កូរ៉េខាងជើង ធ្វើឡើងស្របពេលបណ្ដា​ប្រទេសជិតខាងនៅ​អាស៊ីកំពុងមមា​ញឹក​ទប់​ទល់នឹងរលកថ្មីនៃជំងឺនេះដែលបង្កដោយវីរុសបំប្លែងខ្លួនស្រឡាយអូមីក្រុង។ ជាក់ស្ដែង ចិនកំពុង​មាន​ករណីវិជ្ជមានកូវីដ-១៩ ឆ្លងថ្មីជិត ៦០០ករណីនៅថ្ងៃទី១៧ ខែកក្កដា។ ចំណែកកូរ៉េខាងត្បូង និង​ជប៉ុនឯណោះវិញ ក៏មាន​ករណីវិជ្ជមានឆ្លងថ្មីប្រចាំថ្ងៃ​រាប់ម៉ឺនករណី​ទូទាំងប្រទេសដែរ។
 
យ៉ាងណាមិញ សហគមន៍អន្តរជាតិ បានដាក់ការសង្ស័យលើរបាយការណ៍ចេញពីកូរ៉េខាងជើង។ នៅ​ខែមិថុនាកន្លងទៅ អង្គការសុខភាពពិភពលោក WHO ជឿថាស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រ​ទេស​នេះ​នឹងមាន​ភាពយ៉ាប់យ៉ឺនឡើង មិន​មានភាពធូរ​ស្រាលឡើយ ព្រោះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ​កូវីដ-១៩ នៅកូរ៉េខាង​ជើងនៅមិនទាន់មានឡើយ ហើយប្រទេសនេះមិនព្រមទទួលជំនួយ​វ៉ាក់​សាំង​ពី​បណ្ដា​ប្រទេសដទៃទៀត៕
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com