ជាតិ
សង្គមជាតិ
​មនុស្ស​៣នាក់ស្លាប់ និង​ពលរដ្ឋ ​៩៩គ្រួសារ រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង
18, Jul 2022 , 9:59 pm        
រូបភាព
ជំនន់ទឹកភ្លៀង បណ្ដាលឱ្យលិចផ្ទះពលរដ្ឋ តាំងទីជិតស្ទឹងសង្កែលិច កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ រូបភាពពី ទំព័រហ្វេសប៊ុករដ្ឋបាលក្រុងបាត់ដំបង។
ជំនន់ទឹកភ្លៀង បណ្ដាលឱ្យលិចផ្ទះពលរដ្ឋ តាំងទីជិតស្ទឹងសង្កែលិច កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ រូបភាពពី ទំព័រហ្វេសប៊ុករដ្ឋបាលក្រុងបាត់ដំបង។
ភ្នំពេញ៖ ជំនន់ទឹកភ្លៀងកាលពីសប្ដាហ៍មុន ធ្វើឱ្យប៉ះពាល់ដល់ផ្នែកខ្លះ ក្នុងខេត្តព្រះសីហនុ កោះកុង ពោធិ៍សាត់ និងខេត្ត​បាត់ដំបង។ ជំនន់ទឹកភ្លៀងនេះ បណ្ដាលឱ្យពលរដ្ឋចំនួន៩៩គ្រួសាររងផលប៉ះពាល់ និងមនុស្ស៣នាក់បាត់បង់ជីវិត។ ក្រៅពីឆក់យកជីវិតមនុស្ស ជំនន់ទឹកភ្លៀងក៏បានប៉ះពាល់ នូវដំណាំកសិកម្ម សត្វចិញ្ចឹម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។


 
ឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្ម នៅលើសមុទ្រចិនខាងត្បូង និងខ្យល់មូសុងនិរតី ព្រមទាំងឥទ្ធិពលជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងក្នុងកម្រិតខ្សោយទៅមធ្យម បានបង្កជាជំនន់ទឹកភ្លៀង តាមបណ្ដាខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា។ ជំនន់ទឹកភ្លៀងកាលពីសប្ដាហ៍មុន គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤​ ខែកក្កដា កន្លងទៅ បានឆក់យកជីវិតមនុស្ស ដោយ​ជន់លិចផ្ទះពលរដ្ឋតាមបណ្ដាភូមិសាស្ត្រភាគខាងក្រោម ស្រែ សត្វចិញ្ចឹម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។
 
យោងតាមរបាយការណ៍ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំនន់ទឹកភ្លៀងបានធ្វើឱ្យប៉ះពាល់ផ្ទះពលរដ្ឋចំនួន ៥៤គ្រួសារ ក្នុងស្រុកចំនួន៣គឺ កំពង់សិលា ស្ទឹងហាវ និងព្រៃនប់ ខេត្តព្រះសីហនុ។ ចំពោះខេត្តកោះកុងវិញ ប៉ះពាល់ពលរដ្ឋចំនួន៤០គ្រួសារ លិចសម្ទូង៥ហិកតា និងបាត់បង់មាន់ទា ១៦០ក្បាល ក្នុងស្រុកចំនួន៣គឺ មណ្ឌលសីមា បទុមសាគរ និងស្រែអំបិល។
 
យោងតាមប្រភពខាងលើ ជំនន់ទឹកភ្លៀងបានធ្វើលិចផ្ទះពលរដ្ឋ ០៥គ្រួសារ ​, បាក់ក្បាលស្ពាន នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង។ ចំណែកខេត្តពោធិ៍សាត់វិញ ជំនន់ទឹកភ្លៀង បានបណ្ដាលឱ្យពលរដ្ឋបីនាក់ស្លាប់ បណ្ដាលមកពីទឹកកួច ក្នុងឃុំថ្មដា ស្រុកវាលវែង។
 
គួរជម្រាបផងដែរថា បរិមាណទឹកភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ចាប់ពីដំណាច់ខែឧសភា ដែលធ្វើឱ្យជន់លិចនៅតាមតំបន់ទំនាប និងទីប្រជុំជន ក្នុងរយៈពេលខ្លី ព្រមទាំងបណ្ដាលឱ្យខូចខាតផលកិសកម្ម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។ យោងតាមរបាយការណ៍ឆមាសទី១ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ជំនន់ទឹកភ្លៀងបានធ្វើឱ្យស្រូវខូចខាត ៩ ៨១៣ហិកតា និងដំណាំរួមផ្សំ  ២១ហិកតា ក្នុងខេត្តបន្ទាយមានជ័យ ត្បូងឃ្មុំ និងសៀមរាប។ ជំនន់ទឹកភ្លៀងក៏បានហូរផ្ដាច់ផ្លូវលំ ២ខ្សែ, ដាច់ស្ពានឈើមួយកន្លែង, បាក់ដាច់ទំនប់អាងស្តុកទឹក ០២កន្លែង, លិចផ្ទះកម្មករ៧ល្វែង (១៥០បន្ទប់) និងជម្លៀសកម្មករចម្ការចេក ១៧៦គ្រួសារ ក្នុងខេត្តរតនគិរី កំពង់ឆ្នាំង និងសៀមរាប។
 
សូម​បញ្ជាក់ថា តាមការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី១៥ ដល់ទី១៩ កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងក្នុងកម្រិតខ្សោយទៅមធ្យម។ ស្ថានភាពទាំងពីរខាងលើនេះ បណ្ដាលឱ្យតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ៕

Tag:
 ជំនន់ទឹកភ្លៀង២០២២
  គ្រោះមហន្តរាយ
  សុទ្ធ គឹមកុលមុន្នី
© រក្សាសិទ្ធិដោយ thmeythmey.com