រថយន្ត
អន្តរជាតិ
ក្រុមហ៊ុន​​វៀតណាម ផ្តើម​ផលិតរថយន្តអគ្គិសនីនៅទឹកដីអាម៉េរិកចាប់ពីខែកក្កដា ឆ្នាំ២០២៤
18, Jul 2022 , 7:29 pm        
រូបភាព
ដោយ: ធីតា
លោកស្រី Le Thi Thu Thuy អគ្គនាយិកា​នៃ​ក្រុមហ៊ុន​យានយន្ត​វៀតណាម VinFast បាន​បញ្ជាក់ពីការ​ចាប់​ផ្តើម​ដំណើរ​ផលិត​ផល​រថយន្តអគ្គិសនី (EV) នៅទឹក​ដី​សហរដ្ឋអាម៉េរិក ចាប់ពី​ខែ​កក្កដា ឆ្នាំ​២០២៤ ខាងមុន។ នេះបើតាម​ការផ្សាយ​របស់ទូរទស្សន៍ Bloomberg TV។

 
នា​វេទិកាសេដ្ឋកិច្ច​ Qatar Economic Forum នៅកាតា លោកស្រី Thuy បាន​បញ្ជាក់ថា Vingroup អាច​ចាប់ផ្តើមគម្រោង​សាងសង់​រោ​ងចក្រ​របស់ខ្លួន​នៅ​ North Carolina ជាមួយ​ការ​វិនិយោគ​បឋម​នូវ​ទឹក​ប្រាក់​ចំនួន​២ពាន់លាន​ដុល្លារអាម៉េរិក។
 
បច្ចុប្បន្ន Vinfast ដាក់​ទីតាំងកណ្តាល​នៅ Los Angeles រីឯ​​មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D Center) ស្ថិតនៅ​ San Francisco។ ទីតាំង​រោង​ចក្រ EV របស់​ក្រុមហ៊ុន​វៀតណាមមួយនេះ គឺ​នៅតំបន់ Traingle Innovation Point នៃ Chatham County។
 
រោង​ចក្រ​នៅសហរដ្ឋអាម៉េរិក ជាទីតាំង​ទីពីរនៃ​ផលិតយានយន្ត​អគ្គិសនី​របស់ VinFast បន្ទាប់ពី​ទីតាំងទីមួយ​នៅ​ភាគខាងជើង​នៃក្រុង​កំពង់ផែហៃហ្វុង ប្រទេស​វៀតណាម ផ្ទាល់ ដោយនៅទីនោះ ក្រុម​ហ៊ុន​បាន​បង្កើត​ការងារ​ជាង​៧០០០។ ក្រុមហ៊ុន​រំពឹង​ចាប់ផលិត​ផល​ថ្ម​សាក​របស់ខ្លួន​នៅខេត្ត Ha Tinh នា​ចុង​ឆ្នាំនេះផងដែរ។
 
ជាមួយ​នឹង​ការពង្រីក​ទុន​វិនិយោគ​បន្ថែម VinFast សំឡឹងឃើញទីផ្សារ​ធំៗ​នៅ​លើពិភពលោក​សម្រាប់​ការ​នាំ​ចេញ រួមមាន​ដូចជា អាម៉េរិក កាណាដា បារាំង អាល្លឺម៉ង់ និងហូឡង់៕
 

© រក្សាសិទ្ធិដោយ thmeythmey.com