អន្តរជាតិ
ប្រទេស​ម៉ាលី​ផ្អាកការ​ប្តូរវេន​កងកម្លាំង​យោធា​អង្គការ​សហ​ប្រជាជាតិ
19, Jul 2022 , 8:29 am        
រូបភាព
 រូបឯកសារ៖ បូលិសប្រចាំបេសកកម្មស្ថិរភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសម៉ាលី (MINUSMA) ល្បាតនៅមុខព្រះវិហារនៅក្រុង Timbuktu ប្រទេសម៉ាលី កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១។
រូបឯកសារ៖ បូលិសប្រចាំបេសកកម្មស្ថិរភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសម៉ាលី (MINUSMA) ល្បាតនៅមុខព្រះវិហារនៅក្រុង Timbuktu ប្រទេសម៉ាលី កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១។
ដោយ: VOA
រដ្ឋាភិបាល​យោធា​ប្រទេស​ម៉ាលី​បានផ្អាក​បញ្ជូន​កងកម្លាំង​យោធា​និង​ប៉ូលិស​ប្តូរវេន​ទៅ​ចូលរួមក្នុង​បេសសកកម្ម​ អង្គការ​សហប្រជាជាតិ​ បន្ទាប់ពី​បេសកកម្ម​អង្គការ​សហប្រជាជាតិ​នៅប្រទេស​នេះ​ត្រូវបាន​បន្ត​អាណត្តិថ្មី​កាលពី​ចុងខែ​មុន។


 
រដ្ឋាភិបាល​ម៉ាលី​បាន​ប្រកាស​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ជា​លាយល័ក្ខណ៍​អក្សរថា​៖ «ដើម្បីហេតុផល​សន្តិសុខ​ជាតិ ​រាល់ការ​ប្តូរវេន​កងកម្លាំង​យោធា​និង​ប៉ូលិស​ទាំងអស់​របស់​បេសកកម្មពហុខ្នាតរួមគ្នា​នៃអង្គការ​សហប្រជាជាតិ​ដើម្បីស្ថិរភាព​នៅម៉ាលី (MINUSMA) ដែល​រំពឹង​ទុកនោះ ​នឹងត្រូវ​បានផ្អាក​គិតពី​ត្រឹម​ថ្ងៃព្រហស្បតិ៍​នេះទៅ»។
 
ការផ្អាក​នេះ​ធ្វើឡើង​បន្ទាប់​ពីប្រទេស​ម៉ាលី​បាន​ឃាត់ខ្លួន​ទាហាន​ចំនួន​ ៤៩ នាក់ ​ដែល​មកពីប្រទេស ​កូតឌីវ័រ (Ivory Coast) ​កាលពី​ថ្ងៃ​អាទិត្យ។
 
ក្នុង​អំឡុង​ពេល​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃព្រហស្បតិ៍​ អ្នកនាំពាក្យរង​របស់​អគ្គលេខា​ធិការអង្គការ​សហប្រជាជាតិ​លោក Farhan Haq ​បាន​និយាយថា​ កងកម្លាំង​ទាំងនេះ​មិនមែន​ជាកងកម្លាំង​ផ្លូវការ​របស់​ បេសកកម្ម MINUSMA ទេ ​ប៉ុន្តែ​ពួកគេ​មក​ចូលរួម​ជាកម្លាំង​ទាហានជំនួយ​ត្រៀម​បម្រុង​របស់​ បេសកកម្ម​ MINUSMA ​ដែល​លោក ​Haq ​បានលើក​ឡើងថា​ជា «ការ​អនុវត្ត​ទូទៅ​នៃ​បេសកម្ម​រក្សា​សន្តិភាព»។​ រដ្ឋាភិបាល​ប្រទេស​ម៉ាលី​បានហៅ​ក្រុមនេះ​ថាជា ​«ក្រុមទាហាន​ស៊ីឈ្នួល»។ប្រទេស​កូតឌីវ័រ ​បាន​ស្នើសុំ​ឲ្យមាន​ការដោះ​លែង​ក្រុម​ទាហានទាំង​នោះ។
 
ការ​ឃាត់ខ្លួន​ទាហាន​ទាំងនេះ​មិនត្រូវ​បានគេ​លើកឡើង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​អំពី​ការផ្អាកការប្តូរវេន​កងកម្លាំង​យោធា​អង្គការ​សហប្រជាជាតិ​នោះទេ។
 
ចាប់​តាំងពី​ខែមេសា​មក​ អង្គការ​សហប្រជាជាតិ​បាន​ស្វែងរក​មធ្យោបាយ​ចូល​ទៅក្នុង​ទីប្រជុំជន Moura ​ដែល​ប្រជាពលរដ្ឋ​បាន​ប្រាប់​អ្នកស៊ើប​អង្កេត​សិទ្ធិមនុស្ស​និង​អ្នកសារព័ត៌មាន​ថា​កងទ័ពនិង​ទាហាន​ស៊ីឈ្នួល​រុស្ស៊ីបាន​ធ្វើការ​សម្លាប់​រង្គាល​ក្នុង​រយៈពេល​៥ថ្ងៃ។
 
បេសកកម្មរបស់​អង្គការ​សហប្រជាជាតិ​នៅក្នុង​ប្រទេស​ម៉ាលី​ត្រូវបាន​បន្ត​អាណត្តិ​ថ្មីក្នុង​អំឡុងកិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​កាល​ពីថ្ងៃ​ទី ២៩ ខែ​មិថុនា។
 
ក្នុង​កិច្ចពិភាក្សា​ពីការ​បន្ត​អាណត្តិរបស់​អង្គការ​សហប្រជាជាតិ​នេះ ​អ្នកតំណាង​អង្គការ​សហប្រជាជាតិ​នៅក្នុង​ប្រទេស​ម៉ាលី​ បាននិយាយ​ថា ​រដ្ឋាភិបាល​នឹងមិន​អនុញាត​ឲ្យអង្គការ​សហប្រជាជាតិ​ធ្វើការ​ស៊ើបអង្កេត​លើការចោទ​ប្រកាន់​ អំពីការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ដែល​ជាផ្នែក​មួយនៃ​អាណត្តិថ្មី​នេះ​ទេ។
 
បេសកកម្ម​អង្គការ​សហប្រជាជាតិ​នៅក្នុង​ប្រទេស​ម៉ាលី​មានកង​កម្លាំង​ទាហាន​ជិត​ ១២.០០០ នាក់​និង​មន្ត្រីប៉ូលិស​ ១.៧០០ នាក់។ គេមើល​ឃើញ​ច្បាស់​ក្រឡែត​ថា ទីក្រុង​ជាច្រើន​នៅភាគខាងជើង​នៃ​ប្រទេស​ម៉ាលី​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុមសកម្ម​ប្រយុទ្ធ​អ៊ីស្លាម​នៅក្នុង​ឆ្នាំ​ ២០១២ ហើយ​ឃើញ​មាន​ការកើន​ឡើង​នូវ​អសន្តិសុខ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែថ្មីៗនេះ​ បន្ទាប់​ពីកងទ័ព​បារាំង​បាន​ដកខ្លួន​ចេញ​ពីប្រទេស​នេះ៕
 
ប្រែសម្រួលដោយ អ៊ូ ចរិយា
 

© រក្សាសិទ្ធិដោយ thmeythmey.com