រថយន្ត
អន្តរជាតិ
Tavria រថយន្តតម្លៃ​ថោក​របស់អ៊ុយក្រែន​​លែងមាន​ឈ្មោះក្នុងពិភពយានយន្ត
18, Jul 2022 , 8:29 pm        
រូបភាព
កាលពី​ឆ្នាំ១៩៩១ ក្រុមហ៊ុន​ Poch ដែលនាំ​រថយន្ត Lada ចូលប្រទេស​បារាំង បាន​បង្ហាញ​វត្តមាន​ផងដែរនូវ​រថយន្ត​​តម្លៃ​ទាប​ជាង​គេ​បំផុតលើ​ទីផ្សារគឺ​ Tavria។ រថយន្តនេះ ផលិត​ដោយ​ក្រុមហ៊ុន ZAZ របស់អ៊ុយក្រែន ក្រោយពេល​ដែល​ប្រទេសនេះ ទទួល​ឯក​រាជ្យពីអតីត​សហភាពសូវៀត។

 
យោងតាម​ការ​ផ្សា​យ​របស់សារព័ត៌មាន​បារាំង Le Progres អ៊ុយក្រែននាពេលនោះ បាន​ដាក់គោលដៅ​វាយលុក​ទីផ្សារអឺរ៉ុប​សម្រាប់​ការនាំចេញ​រថយន្ត​តម្លៃថោក​របស់ខ្លួន ប៉ុន្តែ​អ្វី​ៗមិន​ដូច​ជា​ការព្រាងទុកនោះឡើយ។ ក្រោយមក រថយន្ត Tavria ដែលមាន​ឈ្មោះដើម​ថា ZAZ-1102 បាន​បាត់ខ្លួន​បន្តិច​ម្តងៗពីទីផ្សារបារាំង ដោយគ្មាន​ព័ត៌មាន​បញ្ជាក់ច្បាស់លាស់។
 
តាម​ពិតទៅ​រថយន្តនេះ ​ចាប់ផ្តើម​ដំណើរ​តាំងពី​ឆ្នាំ​១៩៧០មកម្ល៉េះ ក្រោមគំនិត​ផ្តួចផ្តើម​របស់​រោង​ចក្រ Zaporozhye របស់អតីតសហភាពសូវៀត។ នៅឆ្នាំ១៩៧៧ គម្រោង​មាន​ការផ្លាស់ប្តូរជាច្រើនលើក។ នៅ​ឆ្នាំ១៩៨១ ZAZ-1102  ត្រូវបាន​ដំណើរការ​ចាប់ផ្តើម​តាមគំរូម៉ូដែល Ford Fiesta។
 
ទោះបីយ៉ាងណាក៏ដោយ រោង​ចក្រ​ដែលទទួលបន្ទុក​ផលិត​រថយន្តមិនមាន​ភាព​ច្បាស់​លាស់ រួមទាំង​បញ្ហា​ហិរញ្ញ​វត្ថុ ទើបធ្វើ​ឲ្យ​គម្រោង​ត្រូវបានពន្យា​រហូត​ដល់ឆ្នាំ​១៩៨៥ ស្របពេល​ដែលអតីត​មេដឹកនាំ​សូវៀត លោក Mikhail Gorbatchev ដាក់បញ្ចូល​រថយន្ត Tavria ក្នុងបញ្ជី «Avtoxport» ដើម្បី​បង្ហាញពីសក្តានុពល​វិស័យ​យានយន្ត​សូវៀតនៅ​លើពិភពលោក។


 
អ្វីដែលគួរឲ្យកត់សម្គាល់ រថយន្ត Tavria មិនបាន​ទទួលជោគជ័យនោះឡើយនៅទីផ្សារបារាំង ដោយសារតែបណ្តាអ្នក​ប្រើប្រាស់លើកឡើងពីបញ្ហា​បច្ចេក​ទេស​ដ៏ញឹកញាប់នៅក្នុងរថយន្ត ហើយពេល​ខ្លះ មាន​ការទាមទារ​ផ្លាស់ប្តូរទំនិញភ្លាមៗ​​ផងដែរ។
 
Tavria ឬម៉ាក ZAZ បាន​បាត់បង់​ច្រវាក់ផលិតកម្ម​របស់ខ្លួន ដោយសារតែគ្មាន​ការគាំទ្រផ្នែកសេដ្ឋកិច្ច ខណៈរោងចក្រនៅ​បន្ត​ផលិត​ម៉ូដែល Lada Vesta សម្រាប់ទីផ្សារ​ក្នុងស្រុក។
Tavria ជាប្រភេទរថយន្តដែលមាន​ទ្វារ៣, កៅអី៥, ម៉ាស៊ីន​៤ស៊ីឡាំង ដោយ​ស៊ីសាំង​៤,៨លីត្រប៉ុណ្ណោះ​ក្នុង​ចម្ងាយ​៩០គីឡូម៉ែត្រ។ តម្លៃ​នៅលើទីផ្សារ​នាពេល​កាលពីអំឡុង​ឆ្នាំ​១៩៩០នោះ គឺជាង​៥០០០​ដុល្លារអាម៉េរិក៕


 



© រក្សាសិទ្ធិដោយ thmeythmey.com