សេដ្ឋកិច្ច
អន្តរជាតិ
ប្រមុខIMF ៖ រហូតដល់ឆ្នាំ២០២៣ ទើបអតិផរណាពិភពលោកអាចត្រូវបានទប់ស្កាត់
18, Jul 2022 , 10:59 pm        
រូបភាព
នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva ។  រូបថត៖ Getty / CNBC ។
នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva ។ រូបថត៖ Getty / CNBC ។
ដោយ៖ ធន់ សេងហុង​
 
អតិផរណាអាចត្រូវបានគ្រប់គ្រងនៅឆ្នាំ២០២៣ នៅពេលដែលប្រសិទ្ធភាពនៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលនៃប្រទេសនានាចាប់ផ្តើមដំណើរការ ។ នាយិកាគ្រប់គ្រងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានថ្លែងដូច្នេះ អំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 និងទេសាភិបាលធនាគារកណ្តាល នៅឥណ្ឌូណេស៊ីកាលពីចុងសប្ដាហ៍មុន។


 
«អត្រាការប្រាក់សកលទំនងជានឹងបន្តកើនឡើងរហូតដល់ឆ្នាំ ២០២៣ នៅពេលដែលថ្លៃទំនិញឡើងដល់ចំណុចកំពូល នឹងចាប់ផ្តើមធ្លាក់ចុះមកវិញ ដែលជាលទ្ធផលនៃសកម្មភាពរបស់ធនាគារកណ្តាល»។ លោកស្រី Kristalina Georgieva បញ្ជាក់បែបនេះពីកិច្ចប្រជុំនៅកោះបាលី។
 
បើតាមលោកស្រី Georgieva ដែលស្រង់សម្ដីដោយទូរទស្សន៍ CNBC ធនាគារកណ្តាលរបស់ប្រទេសនានា កំពុងបង្កើនការគ្រប់គ្រងអតិផរណា ខណៈដែលការរំខានដែលបង្កឡើងដោយជំងឺកូវីដ-១៩ បានបង្កើតការរាំងស្ទះចំពោះខ្សែច្រវាក់ផ្គត់ផ្គង់ បន្ថែមពីជម្លោះរវាងរូស្ស៊ី-អ៊ុយក្រែន ដែលជំរុញឱ្យវិបត្តិកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។ ជា​លទ្ធផល តម្លៃ​ទំនិញសំខាន់ៗ​ដែលរួមមាន ​អាហារ​ ជី និង​ថាមពល​បាន​ឡើង​ថ្លៃ។
 
ក្នុងរបាយការណ៍ធនាគារពិភពលោក(WB) តម្លៃស្បៀងអាហារពិភពលោកក្នុងខែមីនា-មេសានៅក្នុងឆ្នាំនេះ បានឡើងថ្លៃដល់កម្រិតខ្ពស់។ សន្ទស្សន៍តម្លៃស្បៀងអាហារក្នុងរយៈពេលពីរខែខាងលើ បានកើនឡើង១៥ភាគរយ បើធៀបនឹងរយៈពេល ២ខែមុន និងខ្ពស់ជាង៨០ភាគរយបើធៀបរយៈពេល២ឆ្នាំមុន។ 
 
ចំណែកអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) រាយការណ៍ថា ចំនួនប្រជាជនដែលអត់អាហារលើពិភពលោកនឹងកើនឡើង ៧,៦លាននាក់នៅឆ្នាំ ២០២២ និងកើនឡើង១៩លាននាក់បន្ថែមទៀតនៅឆ្នាំ ២០២៣។
 
ដូចដឹងស្រាប់ ប្រទេសជាច្រើន រងគ្រោះដោយសារវិបត្តិដែលកំពុងកើតមានបច្ចុប្បន្ន។ កម្រិតអតិផរណានៅអាម៉េរិកបានឈានដល់៩,១ភាគរយនៅក្នុងខែមិថុនា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ៤០ឆ្នាំ។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល G20 នៅកោះបាលី រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក Janet Yellen ចាត់ទុកកម្រិតអតិផរណានេះ  ជាតួលេខខ្ពស់មិនអាចទទួលយកបាន។
 
សម្រាប់លោកស្រី រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក  Yellen ដោយឆ្លងកាត់បទពិសោធន៍នៃវិបត្តិសេដ្ឋកិច្ចកន្លងមក រដ្ឋាភិបាលប្រទេសនានាចាំបាច់ត្រូវបង្កើត និងរក្សាសេណារីយ៉ូឆ្លើយតបគោលនយោបាយជាបន្ទាន់ ដើម្បីកាត់បន្ថយពីផលប៉ពាល់នៃការធ្លាក់ចុះសេដ្ឋកិច្ចនេះ ក៏ដូចជាផលប៉ះពាល់ដោយផ្ទាល់ទៅលើប្រជាជន និងអាជីវកម្មរបស់ពួកគេ៕
 

Tag:
 អតិផរណា
© រក្សាសិទ្ធិដោយ thmeythmey.com