អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តួកគីថា​​ អ៊ុយក្រែន រុស្ស៊ី និង UN អាចជួបជុំគ្នាម្ដងទៀតដើម្បីជជែកការបើកសមុទ្រ​ខ្មៅ​សម្រាប់ដឹកគ្រាប់ធញ្ញជាតិ
19, Jul 2022 , 9:28 am        
រូបភាព
រដ្ឋមន្រ្តីការពារជាតិតួកគី Hulusi Akar ។ រូបថត AFP
រដ្ឋមន្រ្តីការពារជាតិតួកគី Hulusi Akar ។ រូបថត AFP
ដោយ:
រដ្ឋមន្ត្រីការពារជាតិតួកគីលោក Hulusi Akar នៅថ្ងៃទី១៨​ ខែកក្កដា អះអាងថា តំណាងរុស្ស៊ី, អ៊ុយក្រែន, តួកគី និងអង្គការសហប្រជាជាតិ (UN) ទំនងជានឹងជួបប្រជុំគ្នានៅក្នុងសប្ដាហ៍​នេះ​ដើម្បី​ពិភាក្សាគ្នាពីការបើកផ្លូវសមុទ្រខ្មៅអ៊ុយក្រែនឡើងវិញសម្រាប់ការនាំចេញ​​គ្រាប់ធញ្ញជាតិ។

 
សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនធ្វើឱ្យតម្លៃគ្រាប់ធញ្ញជាតិ, ប្រេងឆា, ប្រេងឥន្ទនៈ និងជី​កសិកម្ម​ដោយសារតែផ្លូវសមុទ្រខ្មៅអ៊ុយក្រែនត្រូវបានបិទក្នុងវិបត្តិអ៊ុយក្រែន។ កប៉ាល់រាប់សិបគ្រឿង​ក៏​បានជាប់​គាំង ហើយគ្រាប់ធញ្ញជាតិប្រហែលជាង២០លានតោនជាប់នៅ​ទីក្រុង Odesa របស់អ៊ុយក្រែន។ អ៊ុយក្រែន និងរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ស្រូវសាលីដ៏សំខាន់នៅលើពិភពលោក ហើយរុស្ស៊ីក៏ជាអ្នកនាំចេញ​ជីកសិកម្មដ៏ធំផងដែរ ខណៈដែលអ៊ុយក្រែនជាអ្នកនាំចេញពោត និងប្រេងផ្កាឈូករ័ត្នដ៏សំខាន់មួយ។
 
ដើម្បីបំបែកភាពជាប់គាំង តួកគី បានសម្របសម្រួលជំនួបជាមួយអង្គការសហប្រជាជាតិ រុស្ស៊ី និងអ៊ុយក្រែនកាលពីសប្ដាហ៍មុន ដោយភាគីទាំងអស់សុទ្ធតែបង្ហាញជំហរវិជ្ជមាន។ ជំនួបលើកទី២ អាចធ្វើនៅសប្ដាហ៍នេះ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីការពារជាតិតួកគី Hulusi Akar ។
 
លោក Akar និយាយនៅថ្ងៃទី១៨ ថា ភាគីទាំងបួនប្រហែលជានឹងជួបគ្នាក្នុង​សប្ដាហ៍​នេះ​ដើម្បី​ពិភាក្សា​លម្អិតពីការបើកច្រករបៀងនាំចេញគ្រាប់ធញ្ញជាតិខាងលើឡើងវិញ បន្ទាប់ពីភាគី​ទាំង​បួន​បាន​ព្រម​ព្រៀងគ្នាលើផែនការ និងគោលការណ៍ទូទៅរួចហើយ។ លោក Akar ក៏សង្កត់ធ្ងន់ថា បញ្ហាប​ច្ចេក​ទេស​ដូចជាការបង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យនៅអ៊ីស្តង់ប៊ុល ការកំណត់ផ្លូវសុវត្ថិភាព និងប៉ុស្តិ៍ត្រួត​ពិនិត្យ​នៅ​ច្រកចេញចូល ស្ថិតនៅក្នុងរបៀបវារៈក្នុងការពិភាក្សាគ្នាលើកមុខ។
 
បើតាមរដ្ឋមន្ត្រីការពារជាតិតួកគីរូបនេះ តួកគីនឹងជួយធានាសុវត្ថិភាពនៃផ្លូវនាំចេញសមុទ្រខ្មៅ ដោយ​នឹងជួយបង្កើតមជ្ឈមណ្ឌលសម្របសម្រួលជាមួយអ៊ុយក្រែន រុស្ស៊ី និង UN សម្រាប់ការនាំ​ចេញ​គ្រាប់​ធញ្ញជាតិទៅទីផ្សារពិភពលោកឡើងវិញ៕
 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
  UN
  តួកគី
© រក្សាសិទ្ធិដោយ thmeythmey.com