អន្តរជាតិ
ប្រមុខការទូត EU៖ ប្លុកអឺរ៉ុបមិនទន់ខ្សោយតាមការគិតរបស់លោក ពូទីន ទេ
19, Jul 2022 , 10:59 am        
រូបភាព
ប្រមុខគោលនយោបាយការបរទេសអឺរ៉ុប Josep Borell ។ រូបថត AFP
ប្រមុខគោលនយោបាយការបរទេសអឺរ៉ុប Josep Borell ។ រូបថត AFP
ដោយ:
ប្រមុខការទូតសហភាពអឺរ៉ុប លោក Josep Borell  នៅថ្ងៃទី១៨ ខែកក្កដា ប្រកាសថាអឺរ៉ុបមិនចុះញ៉ម ទៅតាមការគិតរបស់ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ឡើយ​ ហើយអឺរ៉ុបនឹងបង្កើនជំនួយដល់អ៊ុយក្រែនថែមទៀត។​​ ក្នុងកិច្ចប្រជុំនៅព្រុចសែល រដ្ឋមន្រ្តីការបរទេសអឺរ៉ុបបានយល់ព្រមលើកញ្ចប់ជំនួយយោធាប្រមាណ៥០០លានអឺរ៉ូបន្ថែមសម្រាប់ក្រុងកៀវទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។​ 

 
នាសន្និសីទកាសែតមួយបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុប (EU) លោក Josep Borell ប្រធានគោលនយោបាយការបរទេស EU​ ថ្លែងថា សង្រ្គាមនៅអ៊ុយក្រែនទំនងជាមិនបញ្ចប់ឆាប់ៗទេ។ បើតាមលោក Borell អឺរ៉ុប ក៏នឹងមិនបោះបង់អ៊ុយក្រែនដែលបង្ហាញពីភាពទន់ខ្សោយរបស់ខ្លួនដែរ ហើយស្វះស្វែងបន្ថែមគាំទ្រអ៊ុយក្រែនតាមរយៈជំនួយយោធា និងការដាក់ទណ្ឌកម្មលើប្រភពចំណូលរបស់រុស្ស៊ីជាដើម។ 
 
« ខ្ញុំប្រាកដណាស់ថា ប្រធានាធិបតីរុស្ស៊ី​ វ្ល៉ាឌីមៀ ពូទីន កំពុងចាំតែមើលភាពចុះខ្យោយនៃលទ្ធិប្រជាធិបតេយ្យ។ លោក ពូទីន ជឿថា លទ្ធិប្រជាធិបតេយ្យទន់ខ្យោយ។ ប៉ុន្តែសង្គមអឺរ៉ុបមិនអាចចុះញ៉មបានទេ»។ លោក Borell សង្កត់ធ្ងន់បែបនេះថ្ងៃទី១៨ ខែកក្កដា ។ 
 
នាទីក្រុងព្រុចសែលរដ្ឋមន្រ្តីការបរទេស EU បានយល់ព្រមលើទឹកប្រាក់ប្រហែល៥០០លានអឺរ៉ូបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់ជំនួយយោធាទៅអ៊ុយក្រែន។ នេះនឹងក្លាយជាជំនួយយោធាលើកទី៥ សម្រាប់អ៊ុយក្រែនដែលកញ្ចប់ជំនួយលើកដំបូងត្រូវបានអនុម័ត តាំងពីរុស្ស៊ីចាប់ផ្តើមឈ្លានពានអ៊ុយក្រែនភ្លាម។
 
«ថ្ងៃនេះនៅឯកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស EU យើងសម្រេចបានកិច្ចព្រមព្រៀងនយោបាយមួយទៅលើជំនួយយោធាលើកទី ៥ ដល់អ៊ុយក្រែន»។ រដ្ឋមន្រ្តីការបរទេសស៊ុយអែត Ann Linde បញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ។ 
 
ជាមួយនឹងទឹកប្រាក់ដែលត្រូវបានដកពីកញ្ចប់ថវិកាសម្រាប់សន្តិភាពអឺរ៉ុប (European Peace Facility) រដ្ឋសមាជិក EU អាចបន្តរួមគ្នាទិញឧបករណ៍ និងអាវុធផ្គត់ផ្គង់សម្រាប់យោធាអ៊ុយក្រែនក្នុងបំណងការពារពារខ្លួនពីសំណាក់រុស្ស៊ី។ ជាទូទៅ តាមច្បាប់របស់ EU ប្លុកអឺរ៉ុបមិនអាចប្រើប្រាស់ថវិការយៈពេល៧ឆ្នាំរបស់ខ្លួនមកផ្គត់ផ្គង់ប្រតិបត្តិការយោធាឡើយ ប៉ុន្តែប្លុកអឺរ៉ុបអាចធ្វើដូច្នេះបានតាមរយៈថវិកាសម្រាប់សន្តិភាពអឺរ៉ុបនេះ។
 
យ៉ាងណាមិញ ត្រឹមតែ៥ខែប៉ុណ្ណោះ​ អឺរ៉ុបបានចាយលើជំនួយយោធាដល់អ៊ុយក្រែនជាសរុប២,៥ពាន់លានអឺរ៉ូទៅហើយ ខណៈថវិកាសម្រាប់សន្តិភាពអឺរ៉ុបមានកំណត់ត្រឹម៥ពាន់លានអឺរ៉ូប៉ុណ្ណោះសម្រាប់រយៈពេល៧ឆ្នាំ៕
 
 

Tag:
 EU
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com