ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
សំណើសុំកែរដ្ឋធម្មនុញ្ញលើកទី១០ ឆ្លងផុតគណៈអចិន្រ្តៃយ៍រដ្ឋសភាហើយ
19, Jul 2022 , 11:29 am        
រូបភាព
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ (រូបពីរដ្ឋសភា)
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ (រូបពីរដ្ឋសភា)
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក្រោមអធិបតីរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បានយល់ព្រមទទួលយកសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលជាសំណើរបស់រដ្ឋាភិបាល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។

 
ការពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានប្រព្រឹត្តទៅដោយរលូន។ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទដូច្នេះថា«អត់មានបញ្ហាអីទេ»។ 
 
អ្នកនាំពាក្យរូបនេះ បន្តថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ទៅគណៈកម្មការជំនាញទី៦នៃរដ្ឋសភា គឺគណៈកម្មការនីតិកម្មនិងយុត្តិធម៌ ដើម្បីពិនិត្យលម្អិត។ លោក ពន្យល់ពីដំណើរការនីតិវិធីថា ក្រោយគណៈកម្មការជំនាញ ពិនិត្យរួចហើយ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ នឹងត្រូវបញ្ជូនត្រឡប់ទៅកាន់គណៈកម្មាធិការអចិន្រ្តៃយ៍វិញ ហើយគណៈកម្មាធិការអចិន្រ្តៃយ៍ នឹងបើកកិច្ចប្រជុំម្តងទៀត ដើម្បីកំណត់កាលបរិច្ឆេទនៃការបើកកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា។ ផ្អែកលើប្រសាសន៍របស់លោក កិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នឹងពិនិត្យអនុម័តសេចក្តីព្រាងច្បាប់នេះ។  
 
នីតិវិធីជាបន្តបន្ទាប់ទៀត គឺ ក្រោយចេញពីរដ្ឋសភា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ នឹងត្រូវបញ្ជូទៅព្រឹទ្ធសភា ហើយនឹងចេញពីព្រឹទ្ធសភា ទៅក្រុមប្រឹក្សាធម្មនុញ្ញ។ នីតិវិធីចុងក្រោយ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ នឹងត្រូវថ្វាយទៅព្រះករុណាជាម្ចាស់ជីវិតលើត្បូង ដើម្បីទ្រង់ចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់។ 
 
មាន៦មាត្រាក្នុងរដ្ឋធម្មនុញ្ញ ដែលត្រូវបានធ្វើវិសោធនកម្មលើកទី១០នេះ រួមមាន មាន មាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី។ តាមពិត មិនមែនតែរដ្ឋធម្មនុញ្ញទេ សម្រាប់លើកនេះ ច្បាប់ធម្មនុញ្ញបន្ថែម ក៏ត្រូវបានធ្វើវិសោធនកម្មជាមួយគ្នាដែរ។ មាន២មាត្រាក្នុងច្បាប់ធម្មនុញ្ញបន្ថែម ដែលត្រូវបានធ្វើវិសោធនកម្ម គឺ មាត្រា៣ ថ្មី និងមាត្រា៤ ថ្មី។ 
 
ចាប់តាំងពីត្រូវបានបង្កើតនៅឆ្នាំ១៩៩៣មក រដ្ឋធម្មនុញ្ញកម្ពុជា បានឆ្លងកាត់ការធ្វើវិសោនកម្ម៩លើករួចមកហើយ។ វិសោធនកម្មលើកទី៩ ទើបនឹងត្រូវបានធ្វើឡើងនៅចុងឆ្នាំ២០២១។ វិសោធនកម្មលើកទី៩នេះ បានកំណត់ថា មេដឹកនាំកំពូល៤រូបរបស់កម្ពុជា រួមមាន ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តី ត្រូវមានសញ្ជាតិខ្មែរតែមួយប៉ុណ្ណោះ៕ 
 

Tag:
 វិសោធនកម្មរដ្ឋធម្មនុញ្ញ
  រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com