កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag ព្រមាន Maguire ឱ្យខំប្រឹងបង្ហាញទម្រង់លេងឱ្យល្អ បើមិនចង់បាត់ជម្រើស ១១នាក់
19, Jul 2022 , 12:59 pm        
រូបភាព
រូបភាព Facebook ៖ Manchester United
រូបភាព Facebook ៖ Manchester United
លោក Erik ten Hag ថ្ងៃទី១៨ ខែកក្កដា បាននិយាយថា Harry Maguire គួរតែបង្ហាញថារូបគេជាកីឡាករម្នាក់ដែលមានសមត្ថភាពខ្ពស់ និងទម្រង់លេងល្អ ដើម្បីប្រជែងកៅអីជម្រើស ១១នាក់ដំបូងក្នុងក្រុម និងជាបេះដូងនៃតំបន់ការពាររបស់ Manchester United។



កាលពីរដូវកាលឆ្នាំ ២០២១-២២ Maguire ក្លាយជាកីឡាករមួយរូប ដែលរងការរិះគន់យ៉ាងខ្លាំង ទាំងក្នុងទីលាន និងក្រៅទីលាន ព្រោះមានទម្រង់លេងមិនល្អ។ ក្នុងនោះក៏មានមតិផ្សេងៗគ្នាពីសំណាក់អ្នកគាំទ្រ Man United បានលើកឡើងស្នើក្លិបឱ្យផ្លាស់ប្តូរតំណែងប្រធានក្រុមរបស់គេ ឱ្យទៅអ្នកចាំទី David de Gea ឬក៏ Cristiano Ronaldo។
 
ទោះបែបនេះក្តី លោក Ten Hag បានការពារខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ ដោយបាននិយាយក្នុងសន្និសីទកាសែតមុនការប្រកួតមិត្តភាពនៅប្រទេសថៃថា Maguire នៅតែសាកសមជាប្រធានក្រុមបិសាចក្រហម។
 
នាពេលថ្មីៗនេះទៀតសោត Man United ទើបតែប្រកាសជាផ្លូវការក្នុងការចុះកិច្ចសន្យាក្នុងតម្លៃ ៦៧លានអឺរ៉ូ (៦៧.៨លានដុល្លារ) ជាមួយកីឡាករចំណូលថ្មីជាខ្សែការពារ Lisandro Martinez ពីក្រុម Ajax Amsterdam​។ Martinez ធ្លាប់ជាកូនក្រុមរបស់លោក Ten Hag អំឡុងលោកដឹកនាំ Ajax មុនផ្លាស់មកដឹកនាំ Man United ហើយរូបគេជាខ្សែការពារកំពូលទី៥ ប្រចាំនៅក្លិបយក្សអង់គ្លេសមួយនេះ។
 
ទន្ទឹមនឹងការពារតួនាទី Maguire ហើយនោះ អ្នកចាត់ការហូឡង់នេះ ក៏បានព្រមានថា លោកមិនធានាឡើយចំពោះ Maguire នៅជម្រើសដំបូងសម្រាប់រដូវកាលថ្មី។
 
«យើងមានខ្សែការពារគោលដ៏ល្អ ហើយ Harry គឺជាម្នាក់ក្នុងចំណោមនោះ គេអាចលេងបានទាំងទីតាំងស្តាំនិងឆ្វេងបាន។ គេអាចបង្ហាញទម្រង់ដ៏ល្អកាលពេលកន្លងទៅ ដូច្នេះគេក៏អាចបង្ហាញទម្រង់ល្អបន្តទៀតនាពេលបច្ចុប្បន្ននិងពេលអនាគត។ ប៉ុន្តែក្នុងនោះក៏ Harry មានការប្រកួតប្រជែងដ៏ខ្លាំងដែលជាអ្វី Man United ត្រូវការសម្រាប់តំណែងស្ថិតនៅតំបន់ការពារនេះ។»។ លោក Ten Hag និយាយបែបនេះក្នុងសន្និសីទកាសែតក្នុងទីក្រុងម៊ែលបន។
 
អ្នកចាត់ការវ័យ ៥២ឆ្នាំ ក៏បានអះអាងបន្ថែមថា លោកនឹងជួយគាំទ្រដល់ Maguire គ្រប់កាលៈទេសៈទាំងអស់ ដោយការផ្តល់ទំនុកចិត្តដល់ខ្សែការពាររូបនេះ។ 

ក្រោយចុះកិច្ចសន្យាជាមួយ Lisandro Martinez រួចមកលោក Ten Hag បានបង្ហាញឱ្យអ្នកគាំទ្រដឹងថាប្រព័ន្ធការពាររបស់ក្រុមបិសាចក្រហមហាក់នៅមានគម្រិតនៅឡើយ បើទោះបីមានកីឡាករលំដាប់កំពូលៗច្រើនរូបដូចជា Victor Lindelof, Rafale Varane, Eric Baily និង ​Harry Maguire រួចហើយក្តី។
 
សូមជម្រាបថា Man United ត្រូវប្រកួតមិត្តភាពទល់ក្រុម Crystal Palace ថ្ងៃទី១៩ ខែកក្កដា វេលាម៉ោង ៥:១០នាទីល្ងាច(ម៉ោងនៅកម្ពុជា) និងជួប Aston Villa នៅ៤ថ្ងៃបន្ទាប់នៅក្នុងទីក្រុងម៊ែលបន ប្រទេសអូស្ត្រាលីដដែល៕
 
 

Tag:
 Erik ten Hag
  Harry Maguire
© រក្សាសិទ្ធិដោយ thmeythmey.com