អន្តរជាតិ
ស្រីលង្កា​​ថា ការ​ចរចា​ជាមួយ IMF ជិត​បញ្ចប់
19, Jul 2022 , 11:59 am        
រូបភាព
ប្រធានាធិបតីស្តីទីរបស់ស្រីលង្កា Ranil Wickremesinghe បានអះអាង កិច្ចចរចារវាងស្រីលង្កានឹងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជុំវិញការផ្ដល់កម្ចីដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចក្នុងប្រទេស ជិតត្រូវបានបញ្ចប់ហើយ។

 
ស្រីលង្កា ដែលផុងខ្លួនក្នុងវិបត្តិនយោបាយផង និងសេដ្ឋកិច្ច បានបើកការចរចាជាមួយអង្គការជាច្រើនដើម្បីដោះស្រាយបញ្ហាលុយកាក់។ បើតាមសេចក្តីថ្លែងការណ៍មួយដែលចេញដោយការិយាល័យប្រធានាធិបតីស្តីទីរបស់ស្រីលង្កានៅថ្ងៃទី១៨ ខែកក្កដា លោក Ranil Wickremesinghe បានលើកឡើងថា ការចរចាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជិតដល់ទីបញ្ចប់ហើយ ខណៈការពិភាក្សាក្នុងការស្វែងរកជំនួយពីប្រទេសនានា ក៏កំពុងរីកចម្រើនផងដែរ។ 
 
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងនៅមួយថ្ងៃបន្ទាប់ពីលោក Wickremesinghe បានចេញបញ្ជាឱ្យដាក់ប្រទេសក្នុងភាពអាសន្ន ដើម្បីដោះស្រាយវិបត្តិក្នុងប្រទេស និងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ភាពចលាចលមុនពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅសភា។ 
 
ស្រីលង្កាបានប្រើគោលនយោបាយដាក់ប្រទេសក្នុងគ្រាអាសន្នជាច្រើនដងមកហើយចាប់តាំងពីខែមេសាមក ពេលដែលការតវ៉ាជាសាធារណៈ​ប្រឆាំងនឹងការដោះស្រាយរបស់រដ្ឋាភិបាលចំពោះវិបត្តិសេដ្ឋកិច្ចនិងកង្វះខាតសម្ភារចាំបាច់បានកើតឡើងជាបន្តបន្ទាប់។
 
«​វា​ជា​ការ​ចាំបាច់​ដែល​ត្រូវ​ធ្វើ ដើម្បី​ផលប្រយោជន៍​សន្តិសុខ​សាធារណៈ ការការពារ​សណ្តាប់ធ្នាប់​សាធារណៈ និង​ការថែរក្សា​ការផ្គត់ផ្គង់ និង​សេវាកម្ម​ចាំបាច់​សម្រាប់​ជីវិត​សហគមន៍​»។ នេះបើតាមសេចក្តីជូនដំណឹង​ដែលបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដដែល។ 
 
ច្បាប់ដាក់ប្រទេសកក្នុង​គ្រាអាសន្នដែលបានប្រើប្រាស់កន្លងមក បានអនុញ្ញាតឱ្យយោធាចាប់ខ្លួន និងឃុំខ្លួនពលរដ្ឋ ឆែកឆេរទ្រព្យសម្បត្តិឯកជន និងកាត់បន្ថយការតវ៉ាជាសាធារណៈជាដើម។
 
សភាស្រីលង្កាគ្រោងនឹងរៀបចំការជ្រើសរើសប្រធានាធីបតីថ្មីនៅថ្ងៃទី២០ ខែកក្កដា ខណៈនៅថ្ងៃទី១៩ ខែកក្កដាសភាស្រីលង្កានឹងជួបប្រជុំជាថ្មីដើម្បីទទួលយកសំណើបេក្ខភាពសម្រាប់តំណែងរបស់ប្រធានាធិបតីថ្មី៕
 

Tag:
 ស្រីលង្កា
  IMF
© រក្សាសិទ្ធិដោយ thmeythmey.com