អន្តរជាតិ
ជប៉ុន-កូរ៉េខាងត្បូង ឯកភាពរកដំណោះឱ្យបានឆាប់លើបញ្ហាចាប់បង្ខំកម្លាំងពលកម្មនាសម័យសង្រ្គាម
19, Jul 2022 , 2:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក ផាក ជីន ជាមួយសមភាគីជប៉ុន លោក លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី (ខាងស្តាំ)។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក ផាក ជីន ជាមួយសមភាគីជប៉ុន លោក លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី (ខាងស្តាំ)។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង និងជប៉ុន បានឯកភាពស្វែងរកដំណោះស្រាយឱ្យបានឆាប់លើជម្លោះទាមទារសំណងពីសំណាក់ប្រជាជនកូរ៉េខាងត្បូងជុំវិញការចាប់បង្ខំកម្លាំងពលកម្មនៅក្នុងសម័យសង្រ្គាម។ កន្លងមក ជម្លោះទាមទារសំណងមួយនេះ បានទាញឱ្យទំនាក់ទំនងប្រទេសជិតខាងទាំងពីរ ធ្លាក់ចុះយ៉ាងខ្លាំង។


 
ប្រមុខការទូតកូរ៉េខាងត្បូង លោក ផាក ជីន នៅថ្ងៃទី១៨ ខែកក្កដា បានធ្វើទស្សនកិច្ចលើកដំបូងទៅជប៉ុន ចាប់តាំងពីកាន់តំណែងនៅក្នុងខែឧសភាមក។ ជម្លោះទាមទារសំណងពីសំណាក់ប្រជាជនកូរ៉េខាងត្បូង ជុំវិញការចាប់បង្ខំកម្លាំងពលកម្ម នាសម័យសង្រ្គាមចាប់ពីឆ្នាំ១៩៤០ ដល់ ១៩៤៥ បានក្លាយជាប្រធានបទដ៏សំខាន់ ក្នុងជំនួបរដ្ឋមន្រ្តីការបរទេសប្រទេសទាំងពីរ ដើម្បីត្រួសត្រាយផ្លូវរកការកែលម្អទំនាក់ទំនងទ្វេភាគីឡើងវិញ។ 
 
ក្នុងជំនួបទ្វេភាគីនៅក្រុងតូក្យូជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី លោក ផាក បានអះអាងថា​ កូរ៉េខាងត្បូង នឹងខិតខំស្វែងរកដំណោះស្រាយឱ្យបានឆាប់ មុនពេលទ្រព្យសម្បត្តិក្រុមហ៊ុនជប៉ុន ដែលមាននៅក្នុងទឹកដីកូរ៉េខាងត្បូង ត្រូវបានរឹបអូស។ នៅក្នុងឆ្នាំ២០១៨ តុលាការកូរ៉េខាងត្បូង បានសម្រេចឱ្យក្រុមហ៊ុនជប៉ុនដូចជា ក្រុមហ៊ុនMitsubishi និងក្រុមហ៊ុនដែក Nippon បង់សំណងទៅជនរងគ្រោះក្នុងសម័យសង្រ្គាម ដែលត្រូវបានចាប់បង្ខំកម្លាំងពលកម្ម។ 
 
យ៉ាងណាមិញ ភាគីជប៉ុនបានបដិសេធទូទាត់សំណងនោះ ក្រោមហេតុផលជម្លោះទាំងនោះ ត្រូវបានដោះស្រាយរួចរាល់ នៅក្រោមកិច្ចព្រមព្រៀងឆ្នាំ១៩៦៥។ 
 
រដ្ឋមន្រ្តីការបរទេសជប៉ុនវិញ ប្រាប់សមភាគីកូរ៉េខាងត្បូងវិញ ពីភាពចាំបាច់ក្នុងការដោះស្រាយភាពខ្វែងគំនិតគ្នាជុំវិញការទាមទារសំណងនោះ។ 
 
«វាពិតជាចាំបាច់ណាស់ក្នុងការអភិវឌ្ឍទំនាក់ទំនងកូរ៉េខាងត្បូង-ជប៉ុន ដោយផ្អែកលើមូលដ្ឋានមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលបានចាប់ផ្តើមតាំងពីភ្ជាប់ទំនាក់ទំនងនៅក្នុងឆ្នាំ ១៩៦៥»។ រដ្ឋមន្ត្រីការបរទេសជប៉ុន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា បញ្ហាផ្តល់សំណងនោះ ត្រូវបានទូទាត់រួចហើយ នាពេលកន្លងមក។ 
 
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកូរ៉េខាងត្បូង លោកផាក និងលោក ហាយ៉ាស៊ី បានឯកភាពថា រដ្ឋាភិបាលប្រទេសទាំងពីរនឹងពន្លឿនកិច្ចពិភាក្សាជុំវិញបញ្ហាខាងលើ។ ទន្ទឹមនេះ មន្រ្តីជាន់ខ្ពស់ប្រទេសទាំងពីរ ក៏បានពិភាក្សាពីការបន្តឡើងវិញនៃកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសន្តិសុខយោធា (GSOMIA) ផងដែរ ប៉ុន្តែព័ត៌មានលម្អិតជុំវិញកិច្ចសន្ទនានោះ មិនត្រូវបានបញ្ចេញឡើយ។ 
 
កិច្ចព្រមព្រៀងចែករំលែកព័ត៌មានសន្តិសុខយោធា (GSOMIA) ត្រូវបានផ្អាកប្រើប្រាស់ចាប់តាំងពីឆ្នាំ ២០១៩។ កាលនោះ រដ្ឋាភិបាលលោកមូន ចេអ៊ីន បានពន្យារពេលបន្តសុពលភាពកិច្ចព្រមព្រៀង ដែលហួសកំណត់មួយនេះ ដោយសារជប៉ុនរឹតត្បិតការនាំចេញធាតុកម្រមកកូរ៉េខាងត្បូង។
 
ការស្វះស្វែងរកការជួសជុលទំនាក់ទំនងទ្វេភាគីឡើងវិញនេះ ធ្វើឡើងស្របពេលកូរ៉េខាងជើង បានសាកល្បងមីស៊ីលជាច្រើនលើក និងអាចសាកល្បងនុយក្លេអ៊ែរជាថ្មី រួមទាំងការធ្វើទំនើបកម្មយោធារបស់ចិន។ មិនតែប៉ុណ្ណោះ ភាពរអាក់រអួលនៃទំនាក់ទំនងក្រុងសេអ៊ូល និងក្រុងតូក្យូ បានធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការត្រីភាគីរវាងជប៉ុន កូរ៉េខាងត្បូង និងអាម៉េរិក៕
 

Tag:
 ជប៉ុន
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com