កីឡាអន្តរជាតិ
អន្តរជាតិ
Zlatan បន្តអាជីពបាល់ទាត់ដល់អាយុ ៤១ឆ្នាំ ក្រោយចុះកិច្ចសន្យាជាមួយ AC Milan មួយឆ្នាំទៀត
19, Jul 2022 , 3:59 pm        
រូបភាព
ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត Zlatan Ibrahimovic នឹងបន្តលេងនៅក្លិបម្ចាស់ជើងឯក Serie A រដូវកាល ២០២១​-២២ មួយរដូវកាលបន្ថែមទៀត រហូតដល់វ័យ​ ៤១ឆ្នាំ ក្រោយពេលយល់ព្រមលើសំណើបន្តកិច្ចសន្យា១ឆ្នាំទៀត។ បើតាមក្លិប AC Milan ថ្ងៃទី១៨ ខែកក្កដា។



កីឡាករដែលមានវ័យ ៤០ឆ្នាំរូបនេះ បានវិលត្រលប់ទៅកាន់ទឹកដី ​San Siro Stadium កាលពីខែធ្នូ ឆ្នាំ ២០១៩ ក្រោយពេលចាកចេញពីក្លិប LA Galaxy នៅលីគកំពូលអាម៉េរិក Major League Soccer។ Zlatan បានរួមចំណែកជួយក្រុមមួយនេះ លើកពានរង្វាន់លីគកំពូលអ៊ីតាលី លើកដំបូងរបស់ខ្លួន ក្នុងរយៈពេល ១១ឆ្នាំ ។ AC Milan ឈ្នះពានរង្វាន់ Serie A រដូវកាល ២០២១-២២។
 
ដោយសាររងរបួស Zlatan Ibrahimovic កាលពីរដូវកាលមុន បានបង្ហាញខ្លួនឱ្យក្រុមបានត្រឹមតែ ១២ប្រកួតប៉ុណ្ណោះ ដោយរកបាន៨គ្រាប់ឱ្យក្រុម ។ ប៉ុន្តែកីឡាករនៅតំបន់ប្រយុទ្ធជួរមុខ រួមមាន Rafael Leao និង Olivier Giroud រកបាន ១៤គ្រាប់ស្មើគ្នា ជំនួស Zlatan ក្នុងការត្រួសត្រាយផ្លូវ ដល់ការលើកពាន។
 
«AC Milan ពិតជាមានកិត្តិយសក្នុងការប្រកាសការចុះកិច្ចសន្យាថ្មីរបស់ Zlatan Ibrahimovic រហូតដល់ថ្ងៃ៣០ ខែមិថុនា ឆ្នាំ ២០២៣។ ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះ នឹងបន្តប្រើប្រាស់អាវលេខ១១ ប្រចាំក្រុមដដែល។»។ ក្លិប AC Milan ប្រកាសបែបនេះ ក្នុងសេចក្តីថ្លែងការណ៍ដ៏ខ្លីមួយ។
 
យ៉ាងណាមិញព័ត៌មានផ្សេងនៃកិច្ចសន្យា មិនត្រូវបានបង្ហាញឡើយ ។ ប៉ុន្តែបើតាមប្រភពជិតស្និតនៃក្លិបអ៊ីតាលីមួយនេះ បានបង្ហើបថា ​Zlatan យល់ព្រមការកាត់បន្ថយតម្លៃពលកម្មដែលរូបគេទទួលបាន ដើម្បីអាចបន្តលេងរហូតដល់ឆ្នាំ ២០២៣ បាន។ Zlatan ត្រូវបានក្លិបរំពឹងថា នឹងត្រលប់ជួយក្រុមវិញនៅក្នុងខែមករា ដើមឆ្នាំ ២០២៣៕
 
 
 
 
 

Tag:
 Zlatan Ibrahimovic
  AC Milan
© រក្សាសិទ្ធិដោយ thmeythmey.com