អន្តរជាតិ
រដ្ឋមន្រ្តីអាម៉េរិក៖ អាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចឱ្យចិនគ្រប់គងវត្ថុធាតុដើមកម្រនិងបច្ចេកវិទ្យាឡើយ
19, Jul 2022 , 4:59 pm        
រូបភាព
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក ចាណេត យេលេន ។ រូបថត Xinhua
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក ចាណេត យេលេន ។ រូបថត Xinhua
រដ្ឋមន្ត្រីហិរញ្ញអាម៉េរិកលោកស្រី ចាណេត យេលេន (Janet Yellen) នឹងជំរុញឱ្យសម្ព័ន្ធមិត្ត​របស់​ក្រុង​វ៉ាស៊ីនតោនពង្រឹងទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅសំដៅពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់ដើម្បី​ទប់​ទល់នឹងអតិផរណា។ លោកស្រីក៏ស្នើឱ្យដៃគូអាម៉េរិករារាំងការធ្វើពាណិជ្ជកម្មរបស់ចិនដែលអាម៉េរិកជឿថា ធ្វើឡើងដើម្បីគ្រប់គ្រងទីផ្សារវត្ថុធាតុដើម និងបច្ចេកវិទ្យា។

 
រដ្ឋមន្រ្តីហិរញ្ញវត្ថុអាម៉េរិក ចាណេត យេលេន កំពុងធ្វើទស្សកិច្ចនៅកូរ៉េខាងត្បូងក្នុងជើងចុងក្រោយនៃ ដំណើរទស្សនកិច្ចរយៈពេល១១ថ្ងៃរបស់លោកស្រីនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ យោងតាមសម្រង់សុន្ទរកថាចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុនៅថ្ងៃទី១៨ ខែកក្កដា រលោកស្រី យេលេន ផ្ដល់សុន្ទរកថា​នឹង​អធិប្បាយពីគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយសម្ព័ន្ធមិត្តនៅ​ក្នុងការថ្លែងសុ​ន្ទរ​ក​គោលនយោបាយសំខាន់មួយនៅទីក្រុងសេអ៊ូលនៅថ្ងៃទី១៩ ខែកក្កដា។ 
 
របៀបរកស៊ីរបស់ចិន ដែលអាម៉េរិកចោទថា ធ្វើឡើងដោយមិនស្មើភាព និងអយុត្តិធម៌ស្ថិតក្នុងអ្វីដែលលោកស្រី យេលេន ត្រូវលើកឡើង។
 
«ពួកយើងមិនអាចអនុញ្ញាតឱ្យប្រទេសផ្សេងៗដូចជាចិនគ្រប់គ្រងលើទីផ្សារវត្ថុធាតុដើមបច្ចេកវិទ្យា​ឬ​ផលិតផលសំខាន់ៗដែលនឹងរំខានដល់សេដ្ឋកិច្ចរបស់យើង និងការអនុវត្តឥទ្ធិពលភូមិសាស្ត្រ​នយោ​បាយ»។ សម្រង់សុន្ទរកថាខាងលើបញ្ជាក់បែបនេះ។ លោកស្រីយេលេន ក៏នឹងថ្លែងថា អាម៉េរិក និង​សម្ព័ន្ធមិត្តដូចជាកូរ៉េខាងត្បូងគួរតែផ្ដោតលើការធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គត់ដើម្បី​ពឹងផ្អែកលើ​ដៃគូ​ពាណិជ្ជកម្មដែលគួរឱ្យទុកចិត្ត និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច ហើយកាត់បន្ថយហានិភ័យផ្សេងៗ។
 
បើតាមលោកស្រី យេលេន ការធ្វើបែបនោះនឹងនាំឱ្យមាននិរន្តភាព និងកំណើនផលិតភាព​ដែលភ្ជាប់​ជាមួយសមាហរណកម្មសេដ្ឋកិច្ចក្នុងការធ្វើពាណិជ្ជកម្មតាំងពីផ្នែកឱសថ ឧបករណ៍អេឡិចត្រូនិក និង​អាគុយរថយន្តអគ្គិសនី។ វាក៏នឹងជួយការពារអាម៉េរិកនិងកូរ៉េខាងត្បូង​ពីការឡើង​តម្លៃនៃទំ​និញ​ទាំង​នោះដែលអាចបណ្ដាលមកពីហានិភ័យភូមិសាស្ត្រនយោបាយ និងការអនុវត្ត​ពាណិជ្ជកម្ម​មិន​យុត្តិធម៌​របស់ចិន៕
 

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com