កីឡាអន្តរជាតិ
អន្តរជាតិ
Shakhtar ទារ FIFA ៥០លានដុល្លារ ក្រោយមិនអាចផ្ទេរកីឡាករដោយសារសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
× Shakhtar Donetsk ក្លិបកីឡាបាល់ទាត់នៃលីគកំពូលអ៊ុយក្រែន (UPL) ទារសំណង ៥០ លានដុល្លារពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ក្រោយមិនអាចទិញលក់កីឡាករបានដោយសារសង្ក្រាមរុស្ស៊ី និងអ៊ុយក្រែន។
ការទាមទារសំណងរបស់ Shakhtar កើតឡើងដោយសារ កាលពីខែមិថុនា FIFA បានសម្រេចឱ្យកីឡាករបរទេសដែលប្រកបអាជីពនៅលីគអ៊ុយក្រែនអាចផ្អាកកិច្ចសន្យារបស់ពួកគេជាមួយក្លិបបាន បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
ការសម្រេចរបស់ FIFA នៅកាលនោះ ក៏ត្រូវបានក្លិបនៅ UPL ប្តឹងទៅតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ផងដែរ។
លោក Sergei Palkin នាយកប្រតិបត្តិ Shakhtar Donetsk បានប្រាប់កាសែត BBC ថាក្លិបលោកត្រូវទារសំណងពី FIFA តាមរយៈ CAS ចំនួន៥០លានដុល្លារ ដោយសារតែស្ថាប័នគ្រប់គ្រងកីឡាពិភពលោកមួយនេះសម្រេចដោយអយុត្តិធម៌។
«យើងត្រូវតែធ្វើដូច្នេះដោយសារតែសេចក្តីសម្រេចដ៏អយុត្តិធម៌របស់ FIFA។ ផលវិបាករបស់ក្លិប មានន័យថាក្លិបនឹងបន្តបាត់បង់ប្រាក់ចំណូលដ៏សំខាន់ពីកិច្ចព្រមព្រៀងជាមួយកីឡាករដែលយើងរំពឹងថានឹងទទួលបានក្នុងទំហំដ៏ច្រើន»។ នេះជាការបញ្ជាក់របស់លោក Palkin។
Shakhtar ក្លិបយក្សនៅអ៊ុយក្រែន ដែលស្ទើមិនបាត់មុខពីក្របខណ្ឌ Champions League និងជាក្លិបអភិវឌ្ឍន៍កីឡាករល្អៗជាច្រើនបន្តប្រាប់ BBC ថាខ្លួនបានបាត់បង់ប្រាក់លើកីឡាករបរទេសមានទេពកោសល្យ៤រូបខ្ទង់រយលានដុល្លារ ក្រោយពួកគេចាកចេញពីក្លិបដោយសារការសម្រេចរបស់ FIFA បែបនេះ៕
Tag:
Shakhtar Donetsk
FIFA
© រក្សាសិទ្ធិដោយ thmeythmey.com