អន្តរជាតិ
បេក្ខជន៤នាក់ បន្តប្រជែងតំណែងប្រធានបក្សអភិរក្សបន្តពីលោក ចនសុន ក្នុងនោះមានស្រ្តី៣នាក់
19, Jul 2022 , 9:29 pm        
រូបភាព
(ពីឆ្វេងទៅស្តាំ) លោកស្រី Penny Mordaunt / លោក​ Rishi Sunak / លោកស្រី Kemi Badenoch និងលោកស្រី Liz Truss។ រូបភាព៖ AFP
(ពីឆ្វេងទៅស្តាំ) លោកស្រី Penny Mordaunt / លោក​ Rishi Sunak / លោកស្រី Kemi Badenoch និងលោកស្រី Liz Truss។ រូបភាព៖ AFP
សមាជិកសភាបក្សអភិរក្សនិយម នឹងបន្តនីតិវីធីរើសបេក្ខជនប្រធានបក្សនៅថ្ងៃទី១៩ ខែកក្កដា ដើម្បីចម្រាញ់យកបេក្ខជនចំនួន២រូប សម្រាប់ការបោះឆ្នោតផ្ទៃក្នុងបក្សនៅទូទាំងប្រទេសជុំចុងក្រោយ។ ពេលនេះបេក្ខជនប្រជែងតំណែងប្រធានបក្សអភិរក្សនិយមនៅសល់ចំនួន៤រូប ក្រោយឆ្លងកាត់ការជម្រុះ៣ជុំរួចមក។ លោក Rishi Sunak អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស មានសំឡេងគាំទ្រនាំមុខគេ។



 
 
នៅថ្ងៃទី១៨ ខែកក្កដា ការបោះឆ្នោតដើម្បីចម្រាញ់យកបេក្ខជនចំនួន ២រូប ក្នុងជុំទី៣ បានបញ្ចប់ហើយ។ ពេលនេះ បេក្ខជនប្រជែងយកតំណែងប្រធានបក្សអភិរក្សនិយមសល់តែ ៤រូបប៉ុណ្ណោះ ខណៈថ្ងៃទី១៩ ខែកក្កដា សមាជិកសភាអង់គ្លេស នឹងបន្តនីតិវិធីជម្រុះបេក្ខជនទៀត ដើម្បីទុកតែ២រូបប៉ុណ្ណោះ សម្រាប់ការបោះឆ្នោតផ្ទៃក្នុងបក្សនៅទូទាំងប្រទេស។ 
 
បន្ទាប់ពីការបោះឆ្នោតជុំទី៣ លោក Rishi Sunak អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស បានទទួលសំឡេងនាំមុខគេ ពោលគឺមាន១១៥សំឡេង, លោកស្រី Penny Mordaunt រដ្ឋលេខាធិការទទួលបន្ទុកគោលនយោបាយពាណិជ្ជកម្ម ទទួលបាន៨២សំឡេង, លោកស្រី Liz Truss រដ្ឋមន្រ្តីការបរទេស ទទួលបាន៧១សំឡេង និងលោកស្រី Kemi Badenoch សមាជិកសភាអង់គ្លេស ទទួលបាន ៥៨សំឡេង។ 
 
ក្នុងការបោះឆ្នោតនេះ លោក Sunak ត្រូវបានរំពឹងថា នឹងឆ្លងផុតទៅជុំចុងក្រោយ ខណៈបេក្ខជន៣ រូបទៀត ត្រូវប្រជែងយកកៅអីទី២។ នៅជុំចុងក្រោយ សមាជិកបក្សអភិរក្សនិយមដែលមានចំនួនជាង២០ម៉ឺននាក់ (តិចជាង៣ភាគរយ​នៃ​ប្រជាជនអង់គ្លេសសរុប) នឹងបោះឆ្នោតលើបេក្ខជនពីររូប ដើម្បីជ្រើសជាប្រធានបក្សអភិរក្សនិយម ដែលនឹងក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេស ជំនួសលោកបូរីស ចនសុន។ 
 
នៅថ្ងៃទី២០ ខែកក្កដា សមាជិកសភាបក្សអភិរក្សនិយម នឹងបោះឆ្នោតសម្រេចបេក្ខភាពចំនួន ២រូប សម្រាប់ជុំចុងក្រោយ ដែលសម្រេចថាតើនរណានឹងក្លាយជាប្រធានបក្សអភិរក្សនិយម បន្ទាប់ពីលោកចនសុន ដែលបានលាលែងពីតំណែងនាពេលថ្មីៗនេះ។ នាយករដ្ឋមន្ត្រីអង់គ្លេស​ថ្មី ​នឹង​ត្រូវប្រកាសនៅថ្ងៃទី៥ ខែកញ្ញា។ នេះបើតាមការចុះផ្សាយរបស់កាសែតអង់គ្លេស Evening Standard៕
 

Tag:
 អង់គ្លេស
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com