អន្តរជាតិ
អ្នកនយោបាយបីនាក់ ប្រជែងគ្នាយកកៅអីប្រធានាធិបតីស្រីលង្កា
19, Jul 2022 , 10:29 pm        
រូបភាព
បាតុករស្រីលង្កា ឈរខាងមុខវិមានប្រធានាធិបតី។ រូបថត AFP
បាតុករស្រីលង្កា ឈរខាងមុខវិមានប្រធានាធិបតី។ រូបថត AFP
អ្នកនយោបាយបីនាក់ បានឈរឈ្មោះប្រជែងកៅអីប្រធានាធិបតីស្រីលង្កាថ្មីដែលធ្វើនៅសប្ដាហ៍នេះ។ មេដឹកនាំបក្សប្រឆាំងសំខាន់ម្នាក់ លោក Sajith Premadasa នៅថ្ងៃទី១៩ ខែកក្កដាបានប្រកាសបោះបង់ឈ្មោះជាបេក្ខភាពប្រធានាធិបតី ហើយទៅគាំទ្រដៃគូរបស់លោកវិញដើម្បីផ្តួលប្រធានាធិបតីស្តីទីស្រីលង្កា Ranil Wickremesinghe។ ឯប្រជាជនស្រីលង្កាគ្រោងនឹងធ្វើបាតុកម្មទ្រង់ទ្រាយធំ ប្រសិនបើលោក Wickremesinghe ក្លាយជាប្រធានាធិបតីក្នុងការបោះឆ្នោតនៅសភា។

 
នាកិច្ចប្រជុំខ្លីមួយនៅព្រឹកថ្ងៃទី១៩ ខែកក្កដា សភាស្រីលង្កាបានសម្រេចបេក្ខភាពឈរឈ្មោះជាប្រធានាធិបតីផ្លូវការ ៣​ រូប​ ដើម្បីបន្តអាណត្តិរបស់អតីតប្រធានាធិបតី ហ្គោបាតាយ៉ា រ៉ាចាប៉ាក់សា។ បេក្ខភាពទាំងនោះរួមមាន លោក Ranil Wickremesinghe ដែលជានាយករដ្ឋមន្រ្តី និងប្រធានាធិបតីស្តីទីស្រីលង្កាផង លោក Dullas Alahapperuma ដែលជាបេក្ខភាពផ្តាច់ខ្លួនពីបក្សកាន់អំណាចស្រីលង្កា  និងលោក​ Anura Disaanayake ដែលជាមេដឹកនាំបក្សឆ្វេងនិយម។ 
 
បេក្ខភាពទាំងបីរូបនេះ​នឹងប្រជែងតំណែងជាប្រធានាធិបតីស្រីលង្កាដែលសភានឹងរៀបចំបោះឆ្នោតសម្រេចនៅថ្ងៃទី២០​ ខែកក្កដា។ មុនសេចក្តីប្រកាសជាផ្លូវការនេះ មេដឹកនាំបក្សប្រឆាំងស្រីលង្កា លោក Sajith Premadasa​ ដែលកន្លងមកប្រកាសថានឹងឈរឈ្មោះជាប្រធានាធិបតី បានប្រកាសបោះបង់បេក្ខភាពសម្រាប់តំណែងនេះដើម្បីគាំទ្រលោក Alahapperuma ប្រជែងលោក Wickremesinghe។​​ 
 
«ដើម្បីជាផលប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនដែលខ្ញុំស្រឡាញ់ ខ្ញុំសូមដកបេក្ខភាពសម្រាប់តំណែងប្រធានាធិបតីរបស់ខ្ញុំ»។ លោក Premadasa​ សរសេរបែបនេះនៅលើបណ្តាញសង្គម Twitter ដោយបញ្ជាក់យ៉ាងច្បាស់ថា បក្សរបស់លោក ក៏ដូចជាដៃគូ និងសម្ព័ន្ធភាពប្រឆាំងរបស់លោកនឹងប្រឹងប្រែងជួយលោក Alahapperuma​​ ឱ្យក្លាយជាបេក្ខភាពឈ្នះឆ្នោតនៅសភា។ 
 
សំឡេងគាំទ្រពីបក្សប្រឆាំងស្រីលង្កាចំនួន៥៤អាសនៈនៅសភា អាចនឹងបង្កើនឱកាសសម្រាប់លោក​ Alahapperuma យកជ័យជម្នះលើលោក Wickremesinghe។ ប៉ុន្តែ លោកWickremesinghe ដែលជាបេក្ខភាពមកពីបក្សកាន់អំណាច SLPP មានអាសនៈនៅសភាចំនួន១៤៥ឯណោះ។ សភាស្រីលង្កាបច្ចុប្បន្នមានអាសនៈសរុប២២៥ ហើយបក្សឆ្វេងនិយមរបស់លោក Disaanayake មាន ៣ អាសនៈ។ 
 
យ៉ាងណាមិញ លោក​ Alahapperuma និងលោក Wickremesinghe​ សុទ្ធតែធ្លាប់មានទំនាក់ទំនងជិតស្និទ្ធជាមួយអតីតប្រធានាធិបតីស្រីលង្កា។ លោក Alahapperuma ធ្លាប់ជាសមាជិកសភាដែលមានឈ្មោះក្រោមបក្សកាន់អំណាចស្រីលង្កា។ រីឯ លោក Wickremesinghe បានស្បថចូលជានាយករដ្ឋមន្រ្តីស្រីលង្កាលើកទី ៦ ក្នុងខែឧសភា ហើយក៏ក្លាយជាប្រធានាធិបតីស្តីទីដែរ នៅពេលលោក រ៉ាចាប៉ាក់សា បានលាលែងពីតំណែងជាផ្លូវការ។ 
 
ប៉ុន្តែ កន្លងមកនាយករដ្ឋមន្រ្តីស្រីលង្ការូបនេះក៏បានប្រកាសចុះចេញេពីតំណែងដែរ​ នៅពេលក្រុមបាតុករបានសម្រុកចូល និងដុតលំនៅដ្ឋានរបស់លោកជុំវិញការការពារគ្រួសាររបស់លោក រ៉ាចាប៉ាក់សា។
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters និស្សិត និងក្រុមបាតុករផ្សេងទៀតនៅថ្ងៃទី១៩ ខែកក្កដា បានរៀបចំគម្រោងធ្វើបាតុកម្មទ្រង់ទ្រាយធំដើម្បីប្រឆាំងនឹងលោក Wickremesinghe ប្រសិនបើប្រធានាធិបតីស្តីទីរូបនេះជាប់ឆ្នោតជាប្រធានាធិបតីស្រីលង្កាផ្លូវការ៕
 

Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com