កីឡាអន្តរជាតិ
អន្តរជាតិ
ព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅឆ្នាំ២០២៨ នឹងរៀបចំនៅថ្ងៃទី១៤-៣០កក្កដា
20, Jul 2022 , 8:29 am        
រូបភាព
រូបភាពពីកាសែត៖ Los Angeles Times
រូបភាពពីកាសែត៖ Los Angeles Times
កម្មវិធីបើកនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុង Los Angeles ឆ្នាំ ២០២៨ ត្រូវធ្វើឡើងនៅថ្ងៃទី១៤ ខែកក្កដា ហើយកម្មវិធីបិទបញ្ចប់ព្រឹត្តិការណ៍អូឡាំពិកនេះនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែកក្កដា។ បើតាមការប្រកាសរបស់អ្នករៀបចំកម្មវិធី (LA28) ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២២។

 
ក្រោយព្រឹត្តិការណ៍អូឡាំពិករដូវកាលក្តៅក្នុងទីក្រុង Los Angeles ឆ្នាំ ២០២៨ បានបញ្ចប់រយៈពេលមួយខែ ទីក្រុងស្ថិតនៅប្រទេសអាម៉េរិកមួយនេះនឹងបន្តរៀបចំព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកមួយទៀត។ ប៉ារ៉ាឡាំពិក​ឆ្នាំ ២០២៨ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែសីហា និងបញ្ចប់ទៅវិញនៅថ្ងៃទី២៧ ខែឆ្នាំដដែល។
 
«ថ្ងៃនេះជាថ្ងៃដែលរាប់ថយក្រោយជាផ្លូវការនៃដំណើរទៅកាន់ព្រឹត្តិការណ៍អូឡាំពិក និងប៉ារ៉ាឡាំពិក ទីក្រុង Los Angeles នៅឆ្នាំ ២០២៨។ ព្រឹត្តិការណ៍ LA28 នេះនឹងមិនដូចការរៀបចំកម្មវិធីពីមុនៗមកឡើយ ព្រឹត្តិការណ៍នេះនឹងបង្ហាញទីកន្លែងប្រកួត កីឡដ្ឋានលំដាប់ពិភពលោក វប្បធម៌ទៅកាន់អត្តពលិក និងអ្នកគាំទ្រ ហើយវាក៏សម្រេចក្តីសុបិនរបស់អត្តពលិកអាម៉េរិកទាំងអស់។» ប្រធានរៀបចំព្រឹត្តិការណ៍លោកស្រី Janet Evans និយាយបែបនេះក្នុងសេចក្តីថ្លែងការណ៍។
 
លោកស្រី Janet Evans ធ្លាប់ជាអតីតអត្តពលិកផ្នែកហែលទឹករបស់អាម៉េរិក ហើយលោកស្រីក៏ធ្លាប់បានឈ្នះមេដាយមាសអូឡាំពិក ៥លើកផ្នែកវិញ្ញាសារហែលទឹកនេះផងដែរ។ បច្ចុប្បន្នអ្នកស្រីជាប្រធានអត្តពលិកនិងជាប្រធានព្រឹត្តិការណ៍ LA28។
 
លោកស្រី Evans ក៏បានអះអាងបន្ថែមថា ទីក្រុង Los Angeles បានសន្យាប្រើប្រាស់កីឡដ្ឋានដ៏គួរឱ្យចាប់ ក៏ដូចជាទីកន្លែងស្នាក់នៅរបស់អត្តពលិក និងប្រព័ន្ធផ្សព្វផ្សាយនានា។ ការរៀបចំទាំងអស់នោះអាចជួយដល់ការកាត់បន្ថយការចំណាយ និងការប៉ះពាល់ដល់បរិស្ថាន ដើម្បីអាចទាក់ទាញការជ្រើសរើសពីគណៈកម្មាធិការអូឡាំពិកបានបែបនេះ។
 
ចំណែកលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ក៏បាននិយាយថា លោកចាប់អារម្មណ៍និងរីករាយយ៉ាងខ្លាំងចំពោះដំណើរការគម្រោងនៃការរៀបចំ ការបង្កើតថ្មីរបស់អ្នករៀបចំ LA28 
 
នេះជាលើកទី៣ ហើយដែលទីក្រុង Los Angeles ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អូឡាំពិកនេះ ដោយលើកទី១ នៅឆ្នាំ ១៩៣២ និងលើកទី២ នៅឆ្នាំ ១៩៨៤។ នេះក៏ជាលើកដំបូងសម្រាប់ទីក្រុងនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាមួយនេះសម្រាប់ការរៀបចំកីឡាប៉ារ៉ាអូឡាំពិក៕
 
 
 
 

Tag:
 Los Angeles Olympics 2028
© រក្សាសិទ្ធិដោយ thmeythmey.com