អន្តរជាតិ
មេដឹកនាំកំពូលអ៊ីរ៉ង់៖ បើរុស្ស៊ីមិនធ្វើសង្រ្គាមនៅអ៊ុយក្រែនទេ ចុងក្រោយណាតូជាអ្នកផ្តើមសង្រ្គាមវិញ
20, Jul 2022 , 11:19 am        
រូបភាព
មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei (ខាងស្តាំ) ចាប់ដៃជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ AFP
មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei (ខាងស្តាំ) ចាប់ដៃជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ AFP
មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថា ប្រសិនបើក្រុងមូស្គូមិនចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែនទេ សម្ព័ន្ធយោធាណាតូ នឹងផ្តើមសង្រ្គាមមួយនេះ។ ចំណែក លោកពូទីន បានទទួលស្គាល់ថា ការបាត់បង់ជីវិតរបស់ប្រជាជនស៊ីវិល ជាសោកនាដកម្មដ៏ធំ ប៉ុន្តែមេដឹកនាំរុស្ស៊ីរូបនេះ បានទម្លាក់កំហុសលើប្រទេសលោកខាងលិច ដែលធ្វើឱ្យក្រុងមូស្គូត្រូវបើកប្រតិបត្តិការយោធាពិសេស។ 

 
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី១៩ ខែកក្កដា បានធ្វើទស្សនកិច្ចអ៊ីរ៉ង់ ដែល ជាទស្សនកិច្ចនៅបរទេសលើកទីពីរ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង។ នៅខែមិថុនាកន្លងមក មេដឹកនាំរូបនេះ បានធ្វើទស្សនកិច្ចនៅតាហ្ស៊ីគីស្ថាន និងតួកម៉េនីស្ថាន។ 
 
ក្នុងដំណើរទស្សនកិច្ចនៅក្រុងតេហេរ៉ង់ លោក ពូទីន បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei លើប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ 
 
បើតាមមេដឹកនាំកំពូលអ៊ីរ៉ង់ ប្រសិនបើក្រុងមូស្គូមិនបើកការវាយប្រហារលើក្រុងកៀវមុនទេ សម្ព័ន្ធយោធាណាតូ នឹងវាយប្រហាររុស្ស៊ីនៅពេលក្រោយ ក្រោមហេតុផលទាមទារឧបទ្វីបគ្រីមេត្រលប់មកវិញ។ ឧបទ្វីបគ្រីមេ ត្រូវបានរុស្ស៊ីត្រូវបានបញ្ចូលជាដែនដីមួយរបស់ខ្លួននៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីមានការធ្វើប្រជាមតិ ដែលលោកខាងលិចចាត់ទុកជារឿងមិនត្រឹមត្រូវ។ 
 
លោក Khamenei បានប្រាប់លោកពូទីនទៀតថា ប្រទេសលោកខាងលិចជំទាស់វត្តមានរុស្ស៊ី ដែលប្រកបដោយឯករាជ្យ និងរឹងមាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ 
 
ចំណែកលោក ពូទីន វិញ បានទទួលស្គាល់ថា ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន បានធ្វើឱ្យប្រជាជនស៊ីវិលបាត់បង់ជីវិតជាច្រើននាក់ ប៉ុន្តែសោកនាដកម្មដ៏ធំមួយនេះ ត្រូវបានបង្កដោយប្រទេសលោកខាងលិច។ 
 
ក្នុងថ្ងៃដដែលនោះ លោកពូទីន ក៏មានជំនួបត្រីភាគីជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi និងសមភាគីតួកគី លោក តៃយីប អ៊ែរដូហ្កាន់ ដើម្បីពិភាក្សាពីសង្រ្គាមនៅស៊ីរីផង។ 
 
មិនតែប៉ុណ្ណោះ លោកពូទីន និងលោក អ៊ែរដូហ្កាន់ ក៏បានពិភាក្សាពីការនាំចេញគ្រាប់ធញ្ញជាតិ ទៅកាន់ទីផ្សារសកលផង។ ទាក់ទិនបញ្ហានេះ លោកពូទីនបានអរគុណតួកគីដែលជួយសម្រួបសម្រួល ក្នុងការចរចាលើការនាំចេញគ្រាប់ធញ្ញជាតិ។ បើទោះមិនទាន់មានដំណោះស្រាយដ៏ល្អមួយ ប៉ុន្តែការចរចាមានដំណើរការយ៉ាងល្អ។ តួកគី ជាសមាជិកសម្ព័ន្ធយោធាណាតូមួយ ដែលមិនទាន់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី ប៉ុន្តែបានលក់ដ្រូនទៅឱ្យអ៊ុយក្រែន ដើម្បីទប់ការឈ្លានពានរបស់រុស្ស៊ី។ 
 
សូមបញ្ជាក់ថា ទស្សនកិច្ចនៅក្រុងតេហេរ៉ង់ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយទស្សនកិច្ចរបស់លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក នៅមជ្ឈិមបូព៌ា។ ក្នុងទស្សនកិច្ចនៅអ៊ីស្រាអែល លោកបៃឌិន និងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Yair Lapid បានឯកភាពរួមគ្នាប្រឆាំងអ៊ីរ៉ង់មិនឱ្យមានអាវុធនុយក្លេអ៊ែរ៕ 
 

Tag:
 អ៊ីរ៉ង់
  រុស្ស៊ី
  អ៊ុយក្រែន
  អាម៉េរិក
  ណាតូ
© រក្សាសិទ្ធិដោយ thmeythmey.com