ជាតិ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នឹងមកចូលរួមកិច្ចប្រជុំនៅកម្ពុជានៅចុងខែនេះ
20, Jul 2022 , 12:46 pm        
រូបភាព
ដោយ: រួបរួម
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នឹងមានវត្តមានក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (55th AMM) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំនៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ស្ថានទូតរុស្ស៊ី នាថ្ងៃទី២០ ខែកក្កដា នេះ។

 
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ ក៏បានបញ្ជាក់ផងដែរប្រាប់ទីភ្នាក់ងារព័ត៌មាន AKP ពីការចូលរួមរបស់រដ្ឋមន្រ្តីការបរទេសរុស្ស៊ី នៅក្នុងកិច្ចប្រជុំនៅកម្ពុជា។
 
លោក ប្រាក់ សុខុន បានបញ្ជាក់ថា រុស្ស៊ីគឺជាដៃគូសន្ទនាមួយរបស់អាស៊ាន ក្នុងនោះក៏មានកម្មវិធីប្រជុំរវាងអាស៊ាន និងរុស្ស៊ីផងដែរ។ លោកបានបន្តថា ចំពោះបណ្ដាប្រទេសមួយចំនួនបានឆ្លើយតប ហើយប្រទេសមួយចំនួននៅមិនទាន់ឆ្លើយតប ដោយសារតែរដ្ឋមន្រ្ដីខ្លះគាត់មានកិច្ចការរវល់ខ្លាំង។ 
 
គណៈប្រតិភូដែលមកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា គឺមានចំនួន៣៨ប្រទេស ក្នុងនោះរួមទាំងកម្ពុជាជាម្ចាស់ផ្ទះផង គឺសរុប៣៩ ប្រទេស។ សម្រាប់គណៈប្រតិភូដែលចូលរួមក្នុងវេទិកាតំបន់អាស៊ានមានចំនួន២៧ប្រទេស ហើយគណៈប្រតិភូដែលជាភ្ញៀវរបស់អាស៊ាន ចូលរួមប្រជុំមានចំនួន១២ប្រទេស៕
 

Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com