ជាតិ
Gallup៖ កម្ពុជាជាប្រទេសទី៤លើលោកដែលពលរដ្ឋពោរពេញដោយស្នាមញញឹម
20, Jul 2022 , 3:59 pm        
រូបភាព
ដោយ: រួបរួម
ព្រះរាជាណាចក្រអច្ឆរិយៈ! ដែនដីនៃស្នាមញញឹម! ពិតមិន​ខុសនោះឡើយនៅពេល​ដែល​បរទេស​មើល​ឃើញ​កម្ពុជា​ក្នុង​រូបភាពបែបនេះ។ យោងតាម​របាយការណ៍ Gallup Global Emotions កម្ពុជា ជាប្រទេស​ទី៤​លើពិភពលោក ដែលពលរដ្ឋ​បង្ហាញពីអារម្មណ៍​របស់ខ្លួន​ជាមួយ​ស្នាមញញឹម និង​សំណើច បន្ទាប់​ហុងឌូរ៉ាស ឥណ្ឌូណេស៊ី និង​ប៉ាណាម៉ា។

 
Gallup ជាក្រុមហ៊ុន​វិភាគ និង​ប្រឹក្សាយោបល់របស់អាម៉េរិក ដែលមានមូលដ្ឋាននៅ​វ៉ាស៊ីនតោនឌីស៊ី។ ផ្តួចផ្តើមឡើង​ដោយ​លោក George Gallup កាលពីឆ្នាំ​១៩៣៥ ក្រុមហ៊ុននេះ មានជំនាញពិសេស​លើការស្ទង់មតិផ្សេងៗជាលើពិភពលោក
 
លទ្ធផលនៃរបាយការណ៍ Gallup Global Emotions  ​ផ្តោតលើមូលដ្ឋាន​នៃតំណាង​ជាតិនីមួយៗ គំរូប្រហាក់ប្រហែលក្នុងចំណោម​ពលរដ្ឋអាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើងទៅ។ រីឯសន្ទស្សន៍ Positive Experience Index និង Negative Experience Index ត្រូវបានគណនា​ដោយ​យោង​តាម​របាយការណ៍ស្ទង់មតិ​នៅ​បណ្តាប្រទេស និងតំបន់​ចំនួន​១២២ កាលពីឆ្នាំ២០២១ និង​ដើម​ឆ្នាំ២០២២។
 
ការស្ទង់់មតិ​មាន​ទាំង​តាមប្រព័ន្ធអនឡាញ តាម​រយៈ​ទូរសព្ទ និង​ជំនួប​ផ្ទាល់ លើ​មនុស្ស​ប្រមាណ​១០០០នាក់​ តាម​ប្រទេស ឬតំបន់នីមួយៗ ក្នុងនោះ Gallup ធ្វើបទសម្ភាសជាង​៣៥០០នៅ​ចិន ៣០០០នៅឥណ្ឌា និង​២០០០នៅ​រុស្ស៊ី។ 
 
ទាក់ទង​នឹងស្នាមញញឹម ឬសំណើច (Smile or Laugh) របាយការណ៍ Gallup Global Emotions បង្ហាញថា ហុង​ឌូរ៉ាស និងឥណ្ឌូណេស៊ី ឈរ​លំដាប់ទីមួយ និងទីពីរ​ ដោយមានអ្នក​ឆ្លើយ​ស្រប​៩០ភាគរយ និងមិន​ស្រប​១០ភាគរយ។ ប៉ាណាម៉ា ស្ថិតនៅលេខ​៣ ជាមួយនឹង​ចម្លើយស្រប៩០ភាគរយ, មិនស្រប​៩ភាគរយ និងមិន​ច្បាស់លាស់​១ភាគរយ។
 
កម្ពុជាស្ថិតនៅ​លេខ​៤លើពិភពលោក ជាមួយនឹងចម្លើយ​ស្រប​៨៩ភាគរយ និងមិនស្រប១០ភាគរយ។ ឡាវ ស្ថិតនៅលេខ​៥ ដោយមានចម្លើយ​ស្រប​៨៨ភាគរយ មិន​ស្រប​១២ភាគរយ និង​មិនច្បាស់លាស់១ភាគរយ។
 
បណ្តា​ប្រទេសផ្សេងទៀត​ដែល​ស្ថិតនៅក្នុង Top 10 រួមមាន សេណេហ្គាល់, អែលសាវ៉ាឌ័រ, អាហ្វ្រិកខាង​ត្បូង និងអ៊ុយរូហ្គាយ។ ចំណែក​បណ្តា​ប្រទេសអាស៊ាន​ផ្សេងទៀត វៀតណាម (លេខ១៨), ម៉ាឡេស៊ី (លេខ​២១), ហ្វីលីពីន (លេខ​២៣), មីយ៉ាន់ម៉ា (លេខ​៣៩), សិង្ហបុរី (លេខ​៤៨), ថៃ (លេខ​៧២) ខណៈព្រុយណេ គ្មានក្នុងរបាយការណ៍ឡើយ។
 
ផ្ទុយទៅវិញ អាហ្វហ្គានីស្ថាន ជាប្រទេសដែលពលរដ្ឋមិន​សូវមានស្នាមញញឹម ដោយ​មាន​ចម្លើយ​តែ​១៨ភាគរយ​ប៉ុណ្ណោះដែលយល់ស្រប ហើយ៨១ភាគរយ មិន​ស្រប ខណៈ២ភាគរយ​ទៀត មិនផ្តល់​ចម្លើយ។ ប្រទេស​បាតតារាងជាបន្តបន្ទាប់ផ្សេងទៀតមាន តួកគី, លីបង់, ណេប៉ាល់, ស៊ែប៊ី, អ៊ីស្រាអែល, អេហ្ស៊ីប, ម៉ាសេដ្វានខាងជើង, អាល់ហ្សេរី និងហ្ស៊កដានី៕
 

Tag:
 ញញឹម
© រក្សាសិទ្ធិដោយ thmeythmey.com