ភ្នំពេញ៖ ជាលើកដំបូងហើយ ដែលក្រុមអតីតអ្នកបួសរៀបចំកម្មវិធីបោះជំរំជួបជុំអតីតអ្នកបួសខ្មែរដើម្បីលើកកម្ពស់ទំនាក់ទំនង រឹតចំណងមិត្តភាពនិងចែករំលែកបទពិសោធគ្នា។ កម្មវិធីនេះមានគោលបំណងសំខាន់ គឺពង្រីកវិសាលភាពគុណធម៌និងសីលធម៌សង្គម តាមរយៈអតីតអ្នកបួស។
អតីតអ្នកបួសមួយក្រុមបានព្រមព្រៀងគ្នារៀបចំកម្មវិធីជុំបោះជំរំ-ជួបជុំអតីតអ្នកបួសខ្មែរប្រចាំឆ្នាំ២០២២ នៅផ្ទះតែអូររាំង ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។កម្មវិធីនេះចាប់ផ្ដើមពីថ្ងៃសុក្រទី២៩ ដល់ថ្ងៃអាទិត្យទី៣១ ខែកក្កដាឆ្នាំ២០២២នេះ។
រូបផ្ដល់ឱ្យ
លោក ធឿន វុឌ្ឍីតំណាងអ្នករៀបចំកម្មវិធីបោះជំរំ-ជួបជុំអតីតអ្នកបួសខ្មែរបានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា កម្មវិធីបោះជំរំនេះមានគោលបំណងចែករំលែកបទពិសោធ និងដំណើរជីវិតរបស់អតីតអ្នកបួស (មុននិងក្រោយលាចាកសិក្ខាបទ)។ ក៏មានដែរ កិច្ចសិក្សាស្វែងយល់ពីចំណុចខ្លាំងបញ្ហាប្រឈម និងបង្កើតឱកាសជួយគ្នា ក្នុងនាមគ្រួសារអតីតអ្នកបួសខ្មែរ។
អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការជួយតម្រង់ទិសនិងជួយដាស់តឿនអតីតអ្នកបួស ឱ្យនៅតែប្រព្រឹត្តល្អ បន្តផ្សាយមេត្តាធម៌គុណធម៌ និងសីលធម៌ទៅកាន់សង្គម ឱ្យសមជាអ្នកធ្លាប់បានបួស។
លោក ធឿន វុឌ្ឍី បញ្ជាក់បន្ថែម៖«យើងចង់ដឹងថាគាត់ធ្វើការអ្វីនៅទីណាខ្លះ ពេលចេញពីវត្ត។ តើគាត់ជួបភាពជោគជ័យឬជួបទុក្ខលំបាកយ៉ាងណា។ ដ្បិតយើងសឹកក៏ដោយ ប៉ុន្តែចំណេះដឹងបទពិសោធដែលយើងធ្លាប់បួស ធ្លាប់លត់ដំខ្លួនគឺនៅមានក្នុងខ្លួនមិនបាត់បង់ទៅណាទេ។ យើងអាចប្រាស់ចាកការប្រតិបត្តិខ្លះប៉ុន្តែក៏យើងនៅមានក្នុងខ្លួនច្រើន។ យើងស្វាគមន៍អ្នកធ្លាប់បួសនិងគ្រួសាររបស់គាត់ ព្រោះកម្មវិធីរបស់យើងតម្រូវបែបហ្នឹង។ចំណែកអ្នកមិនធ្លាប់បួស គាត់មិនអាចទៅបានទេ»។
រូបផ្ដល់ឱ្យ
គិតត្រឹមថ្ងៃទី២០ ខែកក្កដានេះចំនួនអ្នកចុះឈ្មោះចូលរួមកម្មវិធីបោះជំរំ បានប្រហែលជាង២០នាក់។ទោះជាយ៉ាងណា គេត្រូវរង់ចាំដល់ថ្ងៃទី២៦ ខែកក្កដាទើបអាចបូកសរុបចំនួនជាក់លាក់បាន។ អ្នកចុះឈ្មោះមួយចំនួននៅមិនទាន់បានបញ្ជាក់ថា គាត់នឹងយកគ្រួសាររបស់គាត់ទៅជាមួយឬយ៉ាងណានៅឡើយ។
អ្នកដែលមានបំណងចង់ចូលរួមក្នុងកម្មវិធីនេះអាចទៅតែម្នាក់ឯងក៏បាន និងនាំគ្រួសារទៅជាមួយក៏បាន។ចំពោះការធ្វើដំណើរ អ្នកនៅរាជធានីភ្នំពេញអាចទៅជាមួយក្រុមការងាររៀបចំកម្មវិធី។
ប៉ុន្តែអ្នកនៅតាមបណ្ដាខេត្តផ្សេងៗអាចដោះស្រាយមធ្យោបាយធ្វើដំណើរដោយខ្លួនឯង ទៅកាន់ផ្ទះតែអូររាំង។ចំពោះតង់វិញ បើអ្នកចូលរួមមានតង់ អាចយកទៅស្នាក់ផ្ទាល់ខ្លួន។ចំពោះអាហារ និងទីតាំងបោះជំរំ ម្ចាស់ផ្ទះតែអូររាំង ជាអ្នកឧបត្ថម្ភ៕
រូបផ្ដល់ឱ្យ