អន្តរជាតិ
លិខិតឆ្លងដែនជប៉ុន មានឥទ្ធិពលជាងគេបំផុត ឯកម្ពុជាឈរលេខ៩៣ ក្នុងចំណោម១៩៩
20, Jul 2022 , 10:29 pm        
រូបភាព
លិខិតឆ្លងដែនជប៉ុន និងអាម៉េរិក។ រូបភាព៖ AFP
លិខិតឆ្លងដែនជប៉ុន និងអាម៉េរិក។ រូបភាព៖ AFP
លិខិតឆ្លងដែនជប៉ុន សិង្ហបុរី និងកូរ៉េខាងត្បូង បានឈរនៅកំពូលតារាងនៃសន្ទស្សន៍លិខិតឆ្លងដែន Henley ដោយមានឥទ្ធិពលបំផុត នៅក្នុងឆ្នាំ២០២២ ស្របពេលកម្ពុជានៅលំដាប់ទី៩៣។ ចំណែកអាម៉េរិកនៅលេខរៀងទី៧ ជាមួយបណ្តាប្រទេស៤ ទៀត ខណៈចិនឈរនៅលេខ ៦៩។

 
តាមសន្ទស្សន៍លិខិតឆ្លងដែន Henley ក្នុងឆ្នាំ២០២២ លិខិតឆ្លងដែនជប៉ុន មានឥទ្ធិពលជាងគេ ដោយឈរនៅលំដាប់ទី១ ដែលប្រជាជនអាចធ្វើដំណើរទៅប្រទេសចំនួន ១៩៣ ដោយមិនតម្រូវទិដ្ឋាការ។ ទន្ទឹមនេះ សិង្ហបុរី និងកូរ៉េខាងត្បូង នៅលេងរៀងទីពីរដូចគ្នា ដោយអ្នកកាន់លិខិតឆ្លងដែនប្រទេសទាំង២ អាចធ្វើដំណើរទៅប្រទេសចំនួន១៩២ ដោយមិនត្រូវការទិដ្ឋាការ។ 
 
ទិន្នន័យនេះ ត្រូវបានធ្វើឡើងស្របពេលការធ្វើដំណើរជាសកល បានចាប់ផ្តើមកើនឡើងវិញ បន្ទាប់ពីបណ្តាប្រទេសជាច្រើន បានបិទខ្ទប់ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ នៅឆ្នាំមុន លិខិតឆ្លងដែនជប៉ុន និងសិង្ហបុរី ឈរនៅលំដាប់ទី១ ដោយលិខិតឆ្លងដែនប្រទេសទាំងពីរ អាចងាយស្រួល ក្នុងការចូលទៅកាន់ទិសដៅចំនួន១៩២។
 
តាមទិន្នន័យដដែល កម្ពុជា នៅលេខរៀងទី៩៣ ដោយអាចធ្វើដំណើរទៅកាន់ប្រទេសចំនួន៥៤ ដោយមិនចាំបាច់មានទិដ្ឋាការ ខណៈវៀតណាម នៅលេខ៩២ ដោយប្រជាជនដែលកាន់លិខិតឆ្លងវៀតណាម ងាយទៅប្រទេសចំនួន៥៥។ ដោយឡែកថៃ ស្ថិតក្នុងលេខរៀងទី៧០ ហើយប្រជាជនងាយស្រួលទៅប្រទេសចំនួន ៧៩។ 
 
អាម៉េរិក នៅក្នុងចំណាត់ថ្នាក់ទី៧ ដោយប្រជាជនអាចទៅប្រទេសចំនួន ១៨៦ ដោយគ្មានទិដ្ឋាការ ខណៈចិនមាននៅឋានៈទី៦៩ និងងាយស្រួលធ្វើដំណើរទៅចំនួន ៨០ប្រទេស។ ចំណែករុស្ស៊ី បានធ្លាក់ចុះមកលេខរៀងទី៥០ និងងាយស្រួលធ្វើដំណើរទៅប្រទេសចំនួន ១១៩ ស្របពេលប្រទេសមួយនេះ កំពុងមានសង្រ្គាមជាមួយអ៊ុយក្រែន និងរងទណ្ឌកម្មពីប្រទេសលោកខាងលិច។ នៅឆ្នាំ២០២១ រុស្ស៊ីឈរនៅលំដាប់ទី ៥២ និងប្រជាជនងាយស្រួលធ្វើដំណើរទៅកាន់ប្រទេសចំនួន ១១៨។
 
ប្រទេសនៅលំដាប់ចុងក្រោយគេ គឺអាហ្វហ្កានីស្ថាន ដែលនៅលេខរៀង១១២ និងងាយស្រួលធ្វើដំណើរទៅប្រទេសចំនួន ២៧។ 
 
សូមបញ្ជាក់ថា សន្ទស្សន៍លិខិតឆ្លងដែន Henley ដែលបានស្រង់របាយការណ៍ចំនួន ១៧ឆ្នាំ គឺផ្អែកលើការទទួលបានទិន្នន័យពីអាជ្ញាធរដឹកជញ្ជូនផ្លូវអាកាស (IATA) ដែលជាសមាគមអាកាសចរណ៍ពិភពលោក។ សន្ទស្សន៍មួយនេះ​បានរួមបញ្ចូលលិខិតឆ្លងដែនចំនួន១៩៩ផ្សេងៗគ្នា និងមានគោលដៅចំនួន ២២៧កន្លែង៕
 

Tag:
 ជប៉ុន
  សិង្ហបុរី
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com