ជាតិ
សម្តេច ស​ ខេង បង្កើតក្រុមការងារដោះស្រាយបញ្ហាពលរដ្ឋ ដែលស្នើតាមហ្វេសប៊ុក
21, Jul 2022 , 7:59 am        
រូបភាព
សម្តេច ស ខេង ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ។ រូបពី ទំព័រហ្វេសប៊ុក សម្តេច ស ខេង។
សម្តេច ស ខេង ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ។ រូបពី ទំព័រហ្វេសប៊ុក សម្តេច ស ខេង។
ដោយ៖ វ៉ន ស៊ីចេន
 
ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងមហាផ្ទៃ សម្រេចបង្កើតក្រុមការងារដោះស្រាយសំណើរ សំណូមពរ និងមតិយោបល់មហាជនក្នុងទំព័រហ្វេសប៊ុក ហៅថា «ក្រុមការងារហ្វេសប៊ុក សម្តេច ស ខេង» ដោយក្នុងនោះ​មាន​អនុរដ្ឋ​លេខា​ធិ​កា​​ក្រសួងមហាផ្ទៃ​ ជាប្រធាន។


សេចក្តីសម្រេចរបស់សម្តេចរដ្ឋមន្រ្តី ដែលចេញនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា លោក ជា សុគន្ធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ  និងជានាយករងខុទ្ធកាល័យសម្តេចក្រឡាហោម ស ខេង ត្រូវបានតែងតាំងជាប្រធានក្រុមការងារនេះ ដោយមានអនុប្រធាន១២រូប និងសមាជិក១៣រូប។  
 
យោងតាមសេចក្តីសម្រេច ក្រុមការងារនេះមានទួនាទី​គ្រប់គ្រងការងារបច្ចេកទេស នៃទំព័រហ្វេសប៊ុករបស់ សម្តេច ស ខេង និងមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម នូវរាល់សកម្មភាពការងាររបស់ សម្តេច ស ខេង ជាពិសេស​ ក្នុងករណីចាំបាច់ ក្រុមការងារនឹងស្នើសុំគោលការណ៍របស់សម្តេច​ ស ខេង ដើម្បីចុះពិនិត្យដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ 
 
លើសពីនេះ ក្រុមការងារ នឹងបញ្ជូនឯកសារសម្ដេច ស ខេង ទៅបណ្ដាអគ្គនាយកដ្ឋាន អង្គភាពពាក់ព័ន្ធ រដ្ឋបាល​រាជធានី-ខេត្ត ដើម្បីពិនិត្យ និងដោះស្រាយតាមសមត្ថកិច្ច និង​​ឆ្លើយតបការដោះស្រាយទៅម្ចាស់គណនីហ្វេសប៊ុកវិញ តាមគោលការរបស់សម្តេច៕ 
 

Tag:
 សម្តេច ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com