ជាតិ
លោក តាន់ ផាន់ណារ៉ា៖ កម្ពុជាអាច​ផ្គ​ត់​ផ្គង់​សាច់ជ្រូក​នៅក្នុង​ស្រុក មិនចាំបាច់​នាំចូល​ពី​ប្រទេសជិតខាង
21, Jul 2022 , 11:50 am        
រូបភាព
បទល្មើសនាំចូលជ្រូកខុសច្បាប់ ក្នុងខេត្តព្រៃវែង នៅថ្ងៃទី១២ ខខែមិថុនា ឆ្នាំ២០២២។ រូបភាពពីទំព័រហ្វេសប៊ុក សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។
បទល្មើសនាំចូលជ្រូកខុសច្បាប់ ក្នុងខេត្តព្រៃវែង នៅថ្ងៃទី១២ ខខែមិថុនា ឆ្នាំ២០២២។ រូបភាពពីទំព័រហ្វេសប៊ុក សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។
ភ្នំពេញ៖ រយៈពេល៩ខែហើយ ដែលកម្ពុជាបិទការនាំចូលជ្រូកពីប្រទេសវៀតណាម។ លោក តាន់ ផាន់ណារ៉ា  អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ អះអាងថា ក្នុងរយៈពេលកន្លងមកនេះ រហូតដល់ដំណាច់ឆ្នាំនេះ នឹងមិនប៉ះពាល់ដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ជ្រូកក្នុងស្រុកនោះឡើយ ពោលគឺការចិញ្ចឹមក្នុងស្រុក មានលទ្ធភាពក្នុងការផ្គត់ផ្គង់គ្រប់គ្រាន់។ ប៉ុន្តែបញ្ហាការនាំចូលជ្រូកពីប្រទេសជិតខាងខុសច្បាប់នៅតែមាន។



នាសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នាព្រឹកថ្ងៃទី១៩ ខែកក្កដា លោក តាន់ ផាន់ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លើកឡើងថា ផលិតកម្មជ្រូកក្នុងស្រុកមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក បន្ទាប់ពីក្រសួងកសិកម្មបិទការនាំចូលជ្រូកពីប្រទេសជិតខាងរយៈពេលប្រមាណ ៩ខែមកនេះ។ 
 
លោក តាន់ ផាន់ណារ៉ា លើកឡើងជុំវិញការផ្គត់ផ្គង់ជ្រូកក្នុងស្រុកដូច្នេះ៖ «ក្រសួងកសិកម្មមិនបានអនុញ្ញាតឱ្យនាំចូលជ្រូក រយៈពេល៩ខែហើយ។ ពាក់ព័ន្ធនឹងជ្រូក គឺយើងអាចផ្គត់ផ្គង់គ្រប់គ្រាន់ ហើយខ្ញុំអាចធានាបានថា រហូតដល់ដំណាច់ឆ្នាំគឺយើងអត់ត្រូវការនាំចូលទេ»។ 
 
គួររំឭកបន្តិចថា ការបិទការនាំចូលជ្រូកនេះ ដោយសារកន្លងមក ការនាំចូលជ្រូករស់ពីប្រទេសជិតខាង បានធ្វើឱ្យប៉ះពាល់ ដល់តម្លៃជ្រូករស់ក្នុងស្រុក។ មូលហេតុមួយទៀត ដែលឈានដល់ការបិទការនាំជ្រូកនោះ គឺជំងឺឆ្លងប៉េស្តអាហ្វ្រិកលើជ្រូក ខណៈបច្ចុប្បន្នជំងឺនេះ នៅមិនទាន់មានថ្នាំព្យាបាល និងវ៉ាក់សាំងបង្ការនៅឡើយ។ 


លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នាសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។ រូបភាពពីទំព័រហ្វេសប៊ុក អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល។
 
ជុំវិញការផ្គត់ផ្គង់ជ្រូកនេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អះអាងថា ក្នុងមួយថ្ងៃកម្ពុជាមានតម្រូវការសាច់ជ្រូករង្វង់ ៨ ០០០ក្បាល ។ លោកបន្ថែមប្រាប់ ThmeyThmey25 ទៀតថា នាពេលបច្ចុប្បន្ននេះ ការចិញ្ចឹមកំពុងតែលើសតម្រូវការទីផ្សារ។
 
លោកនិយាយដូច្នេះ៖  «បើមើលស្ថានការណ៍សព្វថ្ងៃ កំពុងកកស្ទះ! បើតាមខ្ញុំធ្វើស្ថិតិទៅគឺ លើសតម្រូវការ»។ មូលហេតុដែលនាំឱ្យលើសតម្រូវការនេះ លោក ស្រ៊ុន ពៅ យល់ឃើញថា ជាទូទៅរដូវវស្សា ដោយសាររដូវនេះសម្បូរផលនេសាទ ទើបបណ្ដាលឱ្យតម្រូវការធ្លាក់ចុះ។ 
 
បើតាមប្រធានសមាគមរូបនេះ បច្ចុប្បន្នតម្លៃជ្រូករស់ស្ថិតក្នុងរង្វង់ ១១ ០០០រៀល ក្នុងមួយគីឡូក្រាម។ តម្លៃជ្រូកនេះ បានបង្កការព្រួយបារម្ភសម្រាប់រូបលោកផងដែរ។ លោកបន្ថែមថា៖ «សមាគមបារម្ភ ដល់កសិករ ខ្លាចគាត់បង់ហើយគាត់ឈប់ ហើយអាចមានបញ្ហាប៉ះពាល់ ដល់ថ្ងៃក្រោយខ្វះខាតទៅវិញ»។ 
 
ដ្បិតបច្ចុប្បន្នក្រសួងកសិកម្មបិទការនាំចូលទាំងស្រុងនូវជ្រូកពីក្រៅប្រទេស ប៉ុន្តែការលួចនាំចូលជ្រូកខុសច្បាប់ នៅតែមានជាបន្តបន្ទាប់។ តួយ៉ាងកាលពីសប្ដាហ៍មុន អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានដុតកម្ទេចជ្រូកចំនួន៨០ក្បាល មានផ្ទុកជំងឺប៉េស្តអាហ្វ្រិក ដែលជាជ្រូកនាំចូលខុសច្បាប់ ស្ថិតក្នុងខេត្តព្រៃវែង។ 
 
ពាក់ព័ន្ធនឹងបញ្ហាការលួចនាំចូលខុសច្បាប់ខាងលើនេះ លោក តាន់ ផាន់ណារ៉ា បញ្ជាក់ថា ក្រសួងកសិកម្ម រួមជាមួយ អង្គភាពពាក់ព័ន្ធនានាតាមបណ្ដា​ខេត្ត តែងចេញសកម្មភាព ក្នុងការទប់ស្កាត់ ការនាំចូលជ្រូកខុសច្បាប់នេះ។ 
 
យោងតាមសេចក្ដីប្រកាសព័ត៌មាន លទ្ធផលសន្និសីទសារព័ត៌មានខាងលើ ផលិតកម្មសត្វក្នុងឆ្នាំ២០២១ មានការកើនឡើង ១១,២ភាគរយ ប្រៀបធៀបនឹងឆ្នាំ២០២០ ហើយការផ្គត់ផ្គង់ក្នុងស្រុក ៨៧ភាគរយផងដែរ។ ចំណែកការចិញ្ចឹមសត្វ បែបពាណិជ្ជកម្មកើនឡើងពី២០ភាគរយ ក្នុងឆ្នាំ២០១៧ រហូតដល់ ៣៩ភាគរយ ក្នុងឆ្នាំ២០២១៕
 

Tag:
 ThmeyThmey25
  ចិញ្ចឹមសត្វ
  ជ្រូក
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com