ជាតិ
អន្តរជាតិ
លោកប្រាក់ សុខុន ប្តេជ្ញាបន្តសម្របសម្រួលកិច្ចចរចានៅមីយ៉ាន់ម៉ា បើទោះសល់អាណត្តិតិចជាង៦ខែ
21, Jul 2022 , 2:01 pm        
រូបភាព
លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី_ និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ រូបភាពយកពីFacebook លោកប្រាក់ សុខុន
លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី_ និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ រូបភាពយកពីFacebook លោកប្រាក់ សុខុន
សល់តែរយៈពេលតិចជាង៦ខែប៉ុណ្ណោះ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ត្រូវបញ្ចប់អាណត្តិជាប្រេសិតពិសេសនៃប្រធានផ្លាស់វេនអាស៊ាន។ បើទោះសល់រយៈពេលតិចក្តី រដ្ឋមន្រ្តីការបរទេសកម្ពុជារូបនេះ បានប្តេជ្ញាបន្តជួយសម្របសម្រួលកិច្ចពិភាក្សាប្រកបដោយការស្ថាបនា ដើម្បីបង្កើនទំនុកចិត្ត និងភាពជឿជាក់ រួមទាំងកាត់បន្ថយបញ្ហាប្រឈមសម្រាប់ប្រជាជនស៊ីវិល។

 
បន្ទាប់ពីទទួលបានតំណែងជាប្រេសិតពិសេសអាស៊ានជាងរយៈពេល៦ខែ លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ាចំនួនពីរលើក ជួបជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច និងបក្សនយោបាយមួយចំនួន រួមទាំងផ្តល់ជំនួយមនុស្សធម៌ទៅមីយ៉ាន់ម៉ាផង។ 
 
ស្របពេលអាណត្តិចំនួន១ឆ្នាំ កាន់តែខើច លោកប្រាក់ សុខុន បានប្តេជ្ញាបន្តជួយសម្រួបសម្រួលកិច្ចចរចាប្រកបដោយការស្ថាបនានៅក្នុងប្រទេស។ 
 
«ខ្ញុំសូមនិយាយដោយស្មោះត្រង់ ខ្ញុំមានអាណត្តិតិចជាង៦ខែ ក្នុងនាមជាប្រេសិតពិសេសអាស៊ាន...។ ក្នុងរយៈពេលនេះ ខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីសម្របសម្រួលលើការពិភាក្សាប្រកបដោយការស្ថាបនា ដើម្បីលើកតម្កើងទំនុកចិត្ត និងភាពជឿជាក់»។ លោកប្រាក់ សុខុន បានសង្កត់ធ្ងន់បែបនេះនៅក្នុងកិច្ចពិភាក្សាពិសេសស្តីពីកិច្ចខិតខំរបស់អាស៊ាននៅមីយ៉ាន់ម៉ា ដែលបានរៀបចំដោយវិទ្យាស្ថាន ISEAS-Yusof Ishak របស់សិង្ហបុរីតាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២១ ខែកក្កដា។
 
មិនតែប៉ុណ្ណោះ ក្នុងនាមជាប្រេសិតអាស៊ាន លោកប្រាក់ សុខុន ក៏បានសន្យាជួយកាត់បន្ថយបញ្ហាប្រឈមរបស់ប្រជាជនស៊ីវិលមីយ៉ាន់ម៉ា តាមរយៈជំនួយមនុស្សធម៌ និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ផងដែរ។ 
 
ដោយចាត់ទុកជម្លោះមានពាក់ព័ន្ធនឹងប្រវត្តិសាស្រ្ត រួមទាំងបញ្ហានយោបាយដ៏ស្មុគស្មាញ ប្រមុខការទូតកម្ពុជា បន្ថែមថា ចំណាត់ការស្វែងរកដំណោះស្រាយរបស់កម្ពុជាសម្រាប់មីយ៉ាន់ម៉ា ផ្អែកលើអ្វីកើតឡើងផ្ទាល់ និងម្តងមួយជំហានៗ ដើម្បីដោះស្រាយបញ្ហាមួយចំនួន នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ 
 
នៅចំពោះមុខអ្នកចូលរួមតាមប្រព័ន្ធវីដេអូ រដ្ឋមន្រ្តីការបរទេសកម្ពុជា បានយល់ឃើញថា ដំណោះស្រាយភ្លាមៗ ទំនងជាមិនអាចកើតឡើងឡើយ ហើយវាក៏គ្មានផ្លូវកាត់ដែរ តែការចរចាប្រកបដោយសន្តិភាព ទាមទារភាពអត់ធ្មត់ និងពេលវេលា។ បន្ថែមពីនេះ លោកប្រាក់ សុខុន បានទទូចឱ្យភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាទាំងអស់ បញ្ឈប់ការប្រយុទ្ធគ្នា។ 
 
ជាថ្មីម្តងទៀត ដោយចាត់ទុកលោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា ជាតួអង្គនយោបាយដ៏សំខាន់មួយរូបសម្រាប់កិច្ចចរចានៅមីយ៉ាន់ម៉ា លោកប្រាក់ សុខុន បានបញ្ជាក់ថា លោកមិនអាចជួបលោកស្រីស៊ូជី និងមេធាវីបានឡើយ បើទោះមានការស្នើសុំជួបជាច្រើនលើក។ បើតាមប្រមុខការទូតកម្ពុជា លោកឧត្តមសេនីយ៍មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា បានសន្យាពីលទ្ធភាពនៃជំនួបរវាងប្រេសិតពិសេសអាស៊ាន និងលោកស្រីស៊ូជី នាពេលអនាគត។ 
 
សូមបញ្ជាក់ថា ជាងរយៈពេល ១ឆ្នាំហើយ វិបត្តិនយោបាយមីយ៉ាន់ម៉ានៅតែបន្តអូសបន្លាយ ខណៈដំណោះស្រាយនៅតែមិនទាន់មានច្រកចេញ។ មិនតែប៉ុណ្ណោះ កម្លាំងយោធា និងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច និងកម្លាំងប្រឆាំងរដ្ឋប្រហារ តែងប៉ះទង្គិចគ្នាជាញយៗ ហើយធ្វើឱ្យប្រជាជនស៊ីវិលជាច្រើនរយនាក់ ត្រូវចាកចេញពីផ្ទះសម្បែង ដើម្បីស្វែងរកកន្លែងសុវត្ថិភាព៕
 

Tag:
 កម្ពុជា
  សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com