អន្តរជាតិ
តបរបាយការណ៍ក្រុងវ៉ាស៊ីនតោន ក្រុងប៉េកាំងថា អាម៉េរិកជាប្រទេសជួញដូរមនុស្សលេខមួយ
21, Jul 2022 , 8:29 pm        
រូបភាព
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។ រូបភាពយកពីក្រសួងការបរទេសចិន
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។ រូបភាពយកពីក្រសួងការបរទេសចិន
ក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ២០២២ អាម៉េរិក បានបន្តដាក់ចិនក្នុងកម្រិត៣ ដែលជាបញ្ជីខ្មៅ និងអាចដាក់ទណ្ឌកម្មបាន។ ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃទី២០ ខែកក្កដា បានវាយបកថា អាម៉េរិក ជាប្រទេសមានការជួញដូរមនុស្សលំដាប់ទីមួយ។ ជាជាងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសដទៃ។



 
ក្រសួងការបរទេសចិន បានច្រានចោលរបាយការណ៍ស្តីពីការជួញដូរមនុស្សចេញដោយក្រសួងការបរទេសអាម៉េរិក ដែលបន្តដាក់ចិនក្នុងបញ្ជីខ្មៅដដែល។ ក្រសួងការបរទេសចិន វាយបកវិញថា អាម៉េរិក ជាប្រទេសមានការជួញមនុស្សខ្លាំងជាងគេ។
 
«ការពិត គឺអាម៉េរិកជាប្រទេសលំដាប់ទី១ ដែលមានការជួញដូរមនុស្ស»។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា បើទោះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ព្យាយាមលុបស្នាមពីអតីតលើការជួញដូរទាសករ ក៏វាមិនអាចលុបជ្រះបានឡើយ។ ត្រង់ចំណុចនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានគាស់រឿងប្រវត្តិអាម៉េរិកនៅចន្លោះឆ្នាំ១៥១៤ ដល់ឆ្នាំ១៨៦៦ មក ដោយក្នុងរយៈពេលនោះ ជនជាតិស្បែកខ្មៅជាច្រើនលាននាក់ ត្រូវនាំទៅទឹកដីអាម៉េរិកធ្វើជាទាសករ។ 
 
ដោយផ្អែកលើទិន្នន័យរបស់ក្រសួងការបរទេសចិន លោក Wang បានបន្តថា មនុស្សប្រមាណ ១០ម៉ឺននាក់ ត្រូវបានជួញដូរនៅក្នុងអាម៉េរិកជារៀងរាល់ឆ្នាំ ក្រោមរូបភាពការចាប់បង្ខំកម្លាំងពលកម្ម ហើយក្នុងរយៈពេលជាង៥ឆ្នាំមកនេះ ការជួញដូរមនុស្ស និងកម្លាំងពលកម្ម ត្រូវបានរាយការណ៍មាននៅក្នុងរដ្ឋចំនួន ៥០ រួមទាំងរដ្ឋធានីវ៉ាស៊ីនតោនផង។ បើតាមមន្រ្តីក្រសួងការបរទេសរូបនេះ ករណីជួញដូរមនុស្សនៅអាម៉េរិកមានចំនួន ៣២០០នាក់ប៉ុណ្ណោះនៅឆ្នាំ២០១២ និងបានហក់ឡើងយ៉ាងគំហុកនៅក្នុងឆ្នាំ២០១៩ ដោយមានប្រមាណ ១១៥០០នាក់។ 
 
នៅចំពោះមុនអ្នកសារព័ត៌មានជាច្រើនរូប អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយការពារថា រដ្ឋាភិបាលចិនគោរពតាមអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងច្បាប់អន្តរជាតិផ្សេងទៀត រួមទាំងដាក់ចេញផែនការជាតិប្រឆាំងនឹងការជួយដូរស្តី្រ និងកុមារផង។ 
 
ពាក់ព័ន្ធនឹងការជួញដូរមនុស្សនេះ លោក Wang បានជំរុញឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនលុបចោលការជួញដូរមនុស្ស ការចាប់បង្ខំកម្លាំងពលកម្ម ការការបំពានសិទ្ធិមនុស្ស ដែលកើតមានយ៉ាងខ្លាំងនៅក្នុងទឹកដីអាម៉េរិក។ បើតាមមន្រ្តីចិនរូបនេះ អាម៉េរិក ត្រូវធានាខ្លួនគោរពតាមស្តង់ដារកម្រិតខ្ពស់ ជាជាងបង្ខូច និងរិះគន់ប្រទេសដទៃ។  
 
កន្លងមក ចិន ត្រូវបានប្រទេសលោកខាងលិច ចោទថា បានឃុំឃាំងជនជាតិភាគតិចវីហ្គ័រ និងជនជាតិភាគតិចផ្សេងទៀត ប្រមាណ ១លាននាក់។ យ៉ាងណាមិញ ទិន្នន័យនេះ ត្រូវបានចិនបដិសេធ៕ 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com