ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្ស៤ ស្នើរដ្ឋសភាឲ្យបដិសេធលើការកែរដ្ឋធម្មនុញ្ញលើកទី១០
21, Jul 2022 , 9:59 pm        
រូបភាព
 (ឈរផ្ដល់កិច្ចសម្ភាសនៅខាងស្ដាំ)លោក យេង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងលោក ចេប គីមអ៊ាង អនុប្រធានគណបក្សភ្លើងទៀន តំណាងឱ្យគណបក្ស៤ ដែលចេញញត្តិរួមគ្នា យកទៅដាក់នៅរដ្ឋសភាជាតិ នាព្រឹកថ្ងៃទី២១ កក្កដា ២០២២ ដើម្បីជំរុញឱ្យស្ថាប័នមួយបញ្ឈប់ការធ្វើវិសោធនកម្មធម្មនុញ្ញ។ ពួកគេបង្ហាញក្តីបារម្ភថា ការធ្វើវិសោធនកម្មនេះ នឹងធ្វើឱ្យអំណាចរដ្ឋសភា ចុះទន់ខ្សោយ។
(ឈរផ្ដល់កិច្ចសម្ភាសនៅខាងស្ដាំ)លោក យេង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងលោក ចេប គីមអ៊ាង អនុប្រធានគណបក្សភ្លើងទៀន តំណាងឱ្យគណបក្ស៤ ដែលចេញញត្តិរួមគ្នា យកទៅដាក់នៅរដ្ឋសភាជាតិ នាព្រឹកថ្ងៃទី២១ កក្កដា ២០២២ ដើម្បីជំរុញឱ្យស្ថាប័នមួយបញ្ឈប់ការធ្វើវិសោធនកម្មធម្មនុញ្ញ។ ពួកគេបង្ហាញក្តីបារម្ភថា ការធ្វើវិសោធនកម្មនេះ នឹងធ្វើឱ្យអំណាចរដ្ឋសភា ចុះទន់ខ្សោយ។
ភ្នំពេញ៖ គណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន៤ បានរួមគ្នាដាក់ញត្តិស្នើឲ្យរដ្ឋសភា បដិសេធលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ដែលរដ្ឋាភិបាលបានរៀបចំកែប្រែលើកទី១០។ ពួកគេ សង្កត់ធ្ងន់ថា មាត្រាដែលវិសោធនកម្មលើកទី១០នេះ ប៉ះពាល់ដល់អំណាចក្នុងរដ្ឋសភា។

 
គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បង្ហាញជំហររួមគ្នា មិនគាំទ្រលើវិសោធនកម្មរដ្ឋធម្មនុញ្ញឡើយ។ ពួកគេ សង្ឈឹមថា ញត្តិនេះ នឹងបានទៅដល់ដៃប្រធានរដ្ឋសភា ដើម្បីបញ្ឈប់ការធ្វើវិសោធនកម្ម។ 
 
នៅខាងមុខរដ្ឋសភា នាព្រឹកថ្ងៃទី២១កក្កដា លោក យេង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ប្រាប់ក្រុមសារព័ត៌មានថា ក្រុមការងាររដ្ឋសភា បានទទួលញត្តិរបស់គណបក្សទាំងបួនហើយ។ ប៉ុន្តែ បក្សទាំង៤ នៅតែមានក្ដីបារម្ភពីដំណើរការនៃការពិនិត្យញត្តិ មានរយៈពេលយូរ។ យ៉ាងណាក្ដី ក្រុមលោកក៏បានស្នើឲ្យមានការពន្លឿននីតិវិធីនេះផងដែរ។ 
 
កត្តាចម្បងដែលធ្វើឲ្យបក្សទាំង៤ មានក្ដីបារម្ភខ្លាំង គឺរបបសភានិយម នឹងកាន់តែខ្សោយ នៅពេលវិសោធនកម្មច្បាប់ធម្មនុញ្ញនេះ បានកែប្រែ។ ក្នុងនោះមាត្រា១១៩ថ្មី(មួយ) កែទៅមាត្រា១១៩ថ្មី(ពីរ) គឺបានផ្លាស់ប្ដូរសិទ្ធិសម្រេចក្នុងការស្នើបង្កើតរដ្ឋាភិបាល ពីប្រធាន អនុប្រធាន រដ្ឋសភា ទៅគណបក្សដែលមានអាសនៈច្រើន ក្នុងរដ្ឋសភាទាំងស្រុង។ ដូចនេះ មានន័យថា រំលងសិទ្ធិអំណាចរបស់រដ្ឋសភា។ នេះជាការលើកឡើងរបស់ លោក យេង វីរៈ ។
 
ដោយឡែកមាត្រា៩៨​ថ្មី(មួយ) ដែលបានកែទៅ មាត្រា៩៨ថ្មី(ពីរ) ដោយកាលពីមុនសំឡេងតំណាងរាស្រ្ត៣០នាក់ ទើបអាចដាក់ញត្តិស្ដីបន្ទោសរដ្ឋាភិបាល ហើយកែដំឡើងទៅ១ភាគ៣ នៃសំឡេងក្នុងរដ្ឋសភា ស្មើនឹង៤២រូប។ លើសពីនេះ ចំណុចផ្សេងទៀត ដែលនឹងត្រូវកែប្រែ សុទ្ធសឹតតែផ្ដោតលើសំឡេងបក្ស ឬតាមការស្នើរបស់បក្សមានអាសនៈច្រើន ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស។ លោក វីរៈ​ បន្ថែម។
 
ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន រូបនេះ សង្កត់ធ្ងន់ថា៖«យើងមិនគាំទ្រការកែនោះទេ(កែរដ្ឋធម្មនុញ្ញលើកទី១០) ហើយយើងសូមឲ្យរដ្ឋសភា កុំអនុម័តលើសំណើរវិសោធនកម្មនេះ»។ 
 
ទន្ទឹមនឹងនេះ លោក ចេប គីមអ៊ាង អនុប្រធានគណបក្សភ្លើងទៀន បន្ថែមថា ការធ្វើវិសោធនកម្មនេះ បង្កការព្រួយបារម្ភដល់ពលរដ្ឋទូទៅផងដែរ។ លោកអះអាងថា៖ «ញត្តិដែលដាក់នេះ គឺការព្រួយបារម្ភរបស់យើង ដែលតំណាងឲ្យរាប់ម៉ឺននាក់ដែលបានគាំទ្របក្សភ្លើ់ងទៀន និងបក្សទាំង៣ទៀត»។ 
 
កាលពីថ្ងៃទី១៤ កក្កដា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បាន​អះអាងក្នុងសន្និសីទកាសែតថា ការកែរដ្ឋធម្មនុញ្ញលើកទី១០ គឺ​ដើម្បីបំពេញភាពខ្វះចន្លោះ និងប្រយោជន៍ជាតិជាធំ ដោយឥតមានប៉ះពាល់ដល់គ្រឹះប្រជាធិបតេយ្យ និងរបបរាជានិយមនោះ​ឡើយ។ 
 
សូមជម្រាបថា ច្បាប់ធម្មនុញ្ញនេះ វិសោធនកម្មចំនួន១០លើកហើយ ដោយគិតទាំងអំឡុងពេលនេះ។ ច្បាប់ធម្មនុញ្ញ បង្កើតឡើងនៅ២៤កញ្ញា ១៩៩៣។ ច្បាប់នេះ កែលើកទី១ នៅឆ្នាំ១៩៩៤, លើកទី២ ឆ្នាំ១៩៩៩, លើកទី៣ ឆ្នាំ២០០១, លើកទី៤ ឆ្នាំ២០០៥, លើកទី៥ ឆ្នាំ២០០៦, លើកទី៦ ឆ្នាំ២០០៨, លើកទី៧ ឆ្នាំ២០១៤, លើកទី៨ ឆ្នាំ២០១៨, លើកទី៩ ឆ្នាំ២០២១ និងលើកចុងក្រោយនេះ នៅឆ្នាំ២០២២៕ 
 
 

Tag:
 រដ្ឋធម្មនុញ្ញ
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com