កីឡាអន្តរជាតិ
អន្តរជាតិ
Djokovic នឹងអវត្តមាននៅ US Open ដោយសារមិនបានចាក់វ៉ាក់សាំងកូវីដ-១៩
22, Jul 2022 , 8:29 am        
រូបភាព
កីឡាករវាយកូនបាល់ Novak Djokovic ។ រូបថត Xinhua
កីឡាករវាយកូនបាល់ Novak Djokovic ។ រូបថត Xinhua
Novak Djokovic នឹងមិនអាចចូលរួមប្រកួតកីឡាវាយកូនបាល់ពានរង្វាន់ US Open ឆ្នាំ២០២២ បានទេ ដោយសាររូបគេមិនបានចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩។


កីឡាករសញ្ជាតិស៊ែប៊ីរូបនេះ បានខកខានការប្រកួត Australian Open រួចមកហើយនៅដើមឆ្នាំនេះ ដោយសារតែបញ្ហាមិនបានចាក់វ៉ាក់សាំងនេះ។ យ៉ាងណាក៏ដោយ Djokovic ត្រូវបានអនុញ្ញាតឱ្យលេងក្នុងកម្មវិធី French Open និង Wimbledon ដោយឈ្នះ Wimbledon ជាលើកទី៧ក្នុងអាជីព បើទោះមិនបានចាក់វ៉ាក់សាំងក្តី។
 
ផ្ទុយទៅវិញ​ បើទោះមានឈ្មោះក្នុងបញ្ជីប្រកួតពានរង្វាន់ US Open ដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា រួចហើយក្តី Djokovic ទំនងមិនអាចចូលរួមព្រឹត្តិការណ៍នេះទេ បន្ទាប់ពីសហព័ន្ធកីឡាវាយកូនបាល់អាម៉េរិក (USTA) បញ្ជាក់ថាខ្លួនត្រូវគោរពគោលនយោបាយរបស់រដ្ឋាភិបាលអាម៉េរិកដែលហាមមិនឱ្យជនបរទេសមិនបានចាក់វ៉ាក់សាំងចូលប្រទេសខ្លួន។
 
នៅក្នុងសេចក្តីប្រកាសមួយរបស់ USTA សរសេរថា Djokovic​ ម្ចាស់ពាន Grand Slam ២១សម័យមានឈ្មោះក្នុងបញ្ជី ITF Grand Slam ដែលមានសិទ្ធិចាប់ឆ្នោតរើសគូប្រកួតនៅ US Open ដោយស្វ័យប្រវត្តិ។ បើទោះដូច្នេះក្តី USTA ត្រូវគោរពគោលជំហររបស់រដ្ឋាភិបាលអាម៉េរិកទាក់ទងនឹងការរិតត្បិតធ្វើដំណើរចូលទៅក្នុងប្រទេសលើជនណាដែលមិនបានចាក់វ៉ាក់សាំង។
 
នេះមានន័យថា Djokovic វ័យ៣៥ឆ្នាំ និងជាកីឡាករវាយកូនបាល់លំដាប់ទី៧ពិភពលោកនាពេលបច្ចុប្បន្ន មានភាគរយខ្ពស់មិនអាចចូលរួមកីឡាវាយកូនបាល់កម្រិត Grand Slam នៅទឹកដីអាម៉េរិកឆ្នាំ២០២២នេះបានទេ៕
 

Tag:
 Novak Djokovic
  US Open
© រក្សាសិទ្ធិដោយ thmeythmey.com