ជាតិ
​ជប៉ុន សន្យាបង្កើនឥណទានទ្វេដង ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍​សេដ្ឋកិច្ចនៅកម្ពុជា
21, Jul 2022 , 10:59 pm        
រូបភាព
(ស្ដាំ) លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាការងារជាមួយ លោក HATAEDA Mikio អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៅថ្ងៃទី ២០ កក្កដា​ ឆ្នាំ២០២២។ រូបពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
(ស្ដាំ) លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាការងារជាមួយ លោក HATAEDA Mikio អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៅថ្ងៃទី ២០ កក្កដា​ ឆ្នាំ២០២២។ រូបពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ដោយ៖ វ៉ន ស៊ីចេន
 
ភ្នំពេញ៖ ​ជប៉ុន សន្យាបង្កើនឥណទានទ្វេដង ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍​សេដ្ឋកិច្ចនៅកម្ពុជា។ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ពិភាក្សាការងារជាមួយលោក HATAEDA Mikio អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៅថ្ងៃទី ២០ កក្កដា​ ឆ្នាំ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។


លោក HATAEDA Mikio បានបញ្ជាក់ថា ជប៉ុននឹងបង្កើនឥណទានសម្បទានទ្វេដង សម្រាប់មួយឆ្នាំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា និងហិរញ្ញប្បទានសហប្រតិបត្តិការនានាបន្ថែមទៀត ដើម្បីជួយគាំទ្រ ដល់សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅកម្ពុជា។
 
ជុំវិញកិច្ចពិភាក្សាការងារនេះ រដ្ឋមន្រី្តទាំងពីរ បានផ្លាស់ប្តូរគោលគំនិត មតិយោបល់ និងបទពិសោធគ្នាទៅវិញទៅមក លើគម្រោងដែលកំពុងដំណើរការ​ក្នុងក្របខ័ណ្ឌឥទានពីប្រទេសជប៉ុន(Japannese ODA loan) ។ 
 
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការជប៉ុន (ODA) តាមរយៈJICA បានអនុវត្តសឹងតែគ្រប់វិស័យនៅកម្ពុជា។ ជាពិសេស នៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមាន កំពង់ផែសមុទ្រអន្តជាតិ ផ្លូវថ្នល់-ស្ពាន អគ្គិសនី ប្រព័ន្ធធារាសាស្រ្ត មន្ទីរពេទ្យ សាលារៀន និង រោងចក្រផលិតទឹកស្អាត ។ បើតាមលោក មុន្នរ័ត្ន សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រទេសជប៉ុនជាដៃគូ យុទ្ធសាស្រ្តអភិវឌ្ឍន៍ដ៏សំខាន់មួយ សម្រាប់ប្រទេសកម្ពុជា។ 
 
តែយ៉ាងណា​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរូបនេះ បានស្នើឲ្យJICA ពង្រឹងបេក្ខភាព ដែលស្ថិតក្នុងដំណាក់កាលសិក្សាលទ្ធភាព ដោយត្រូវយកចិត្តទុកដាក់ទៅលើប្រសិទ្ធភាព និងចីរភាព ។ ជាពិសេសរួមបញ្ចូលគ្នារវាងទិសដៅអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច សង្គម ឲ្យមានភាពប្រទាក់ក្រឡាជាមួយគោលនយោបាយ និងយុទ្ធសាស្រ្តពាក់ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិផងដែរ៕
 

Tag:
 លោក អូន ព័ន្ធមុនីរ័ត្ន
  លោក HATAEDA Mikio
© រក្សាសិទ្ធិដោយ thmeythmey.com