អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង៖ កូរ៉េខាងជើងអាចសាកល្បងនុយក្លេអ៊ែរបានគ្រប់ពេល
22, Jul 2022 , 10:59 am        
រូបភាព
លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង។ រូបភាព៖ AFP
លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង។ រូបភាព៖ AFP
កូរ៉េខាងជើង គឺត្រៀមខ្លួនរួចរាល់ហើយ ក្នុងការសាកល្បងនុយក្លេអ៊ែរគ្រប់ពេល។ ប្រធានាធិបតីកូរ៉េខាងត្បូង​ លោក យូន សុកយ៉ល បានបញ្ជាក់បែបនេះ នៅថ្ងៃទី២២ ខែកក្កដា។ បើតាមមេដឹកនាំកូរ៉េខាងត្បូង កូរ៉េខាងជើងអាចសាកល្បងនុយក្លេអ៊ែរ ចាប់តាំងពីលោកស្បថចូលកាន់តំណែង នៅក្នុងខែឧសភាមក។

 
ក្នុងឆ្នាំ២០២២ កូរ៉េខាងជើង បានសាកល្បងមីស៊ីលជាច្រើនលើក រួមទាំងមីស៊ីលប៉ាលីស្ទិកអន្តរទ្វីបជាលើកដំបូង បើគិតចាប់តាំងពីឆ្នាំ២០១៧ មុននឹងចូលរួមតុចរចាជាមួយអាម៉េរិក។ ស្របគ្នានេះ អាម៉េរិក និងកូរ៉េខាងត្បូង បានបង្ហាញក្តីបារម្ភថា កូរ៉េខាងជើង អាចសាកល្បងនុយក្លេអ៊ែរជាថ្មីផង បន្ទាប់ពីខកខានតាំងពីឆ្នាំ២០១៧ មកដែរ។ 
 
ស្របពេលមានការព្រួយបារម្ភ លោក យូន សុកយ៉ល ប្រធានាធិបតីកូរ៉េខាងត្បូង បានអះអាងថា កូរ៉េខាងជើង គឺត្រៀមខ្លួនជាស្រេច ក្នុងការសាកល្បងនុយក្លេអ៊ែរបានគ្រប់ពេល។ 
 
«យើងជឿថាមិនត្រឹមតែនៅដំណាច់ខែនេះទេ ប៉ុន្តែចាប់តាំងពីខ្ញុំស្បថចូលកាន់តំណែងមក (កូរ៉េខាងជើង) ត្រៀមខ្លួនជាស្រេច និងអាចសាកល្បងនុយក្លេអ៊ែរក្នុងពេលណាដែលកូរ៉េខាងជើងសម្រេច»។ មេដឹកនាំកូរ៉េខាងត្បូង បានផ្តល់ចម្លើយបែបនេះទៅកាន់អ្នកសារព័ត៌មាន ដែលបានសួរសំណួរជុំវិញនុយក្លេអ៊ែរកូរ៉េខាងជើង ក្នុងអំឡុងពេលលោកមកដល់កន្លែងធ្វើការនៅថ្ងៃទី២២ ខែកក្កដា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។ 
 
កន្លងមក មន្រ្តីកូរ៉េខាងត្បូង ក៏ធ្លាប់បានលើកឡើងដូចលោកប្រធានាធិបតីដែរ ដោយយល់ថាក្រុងព្យុងយ៉ាង បានត្រៀមខ្លួនជាស្រេចក្នុងការសាកល្បងនុយក្លេអ៊ែរ។ ចាប់តាំងពីឆ្នាំ២០០៦ ដល់ ២០១៧ កូរ៉េខាងជើង បានសាកល្បងនុយក្លេអ៊ែរចំនួន ៦លើក ហើយនុយក្លេអ៊ែរទាំងនោះ ត្រូវបានសាកល្បងនៅក្រោមដីទាំងអស់ នៅតំបន់សាកល្បងនុយក្លេអ៊ែរ Punggye-ri។ 
 
មិនតែប៉ុណ្ណោះ នៅដើមសប្តាហ៍នេះ លោក Kim Kyou-hyun នាយកទីភ្នាក់ងារចារកិច្ចជាតិកូរ៉េខាងត្បូង បានធ្វើទស្សនកិច្ចនៅអាម៉េរិក ដោយមិនប្រកាសជាមុន។ ការណ៍នេះ ត្រូវបានអ្នកជំនាញជឿថា នាយកទីភ្នាក់ងារចារកិច្ចកូរ៉េខាងត្បូង អាចជួបជាមួយមន្រ្តីចារកិច្ចអាម៉េរិក ដើម្បីពិភាក្សាពីការសម្របសម្រួលលើការឆ្លើយតបនឹងការសាកល្បងនុយក្លេអ៊ែរកូរ៉េខាងជើង៕ 
 

Tag:
 កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com