កីឡាអន្តរជាតិ
អន្តរជាតិ
Mane ជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំ២០២២ របស់អាហ្វ្រិក
22, Jul 2022 , 11:29 am        
រូបភាព
Sadio Mane ជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំ ២០២២ ប្រចាំតំបន់អាហ្វ្រិក (African Footballer of Year) និងជាលើកទី២ក្នុងអាជីពកីឡាករបាល់ទាត់។

 
Mane ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់ ទៅទទួលពាននេះនៅថ្ងៃទី២១ ខែកក្កដា ដែលធ្វើឡើងនៅសណ្ឋាគាសូហ្វីតេល ក្នុងក្រុងរ៉ាបាតប្រទេសម៉ារ៉ុក។ កីឡាករវ័យ៣០ឆ្នាំ ដែលទើបផ្លាស់ទៅចូលរួមជាមួយ Bayern Munich នៅរដូវកាលថ្មីនេះ បានប្រជែងឈ្នះអតីតមិត្តរួមក្រុម Liverpool កីឡាករ Mohamed Salah និងមិត្តរួមជាតិ Edouard Mendy អ្នកចាំទី Chelsea ក្នុងការបោះឆ្នោតរើសកីឡាករឆ្នើមប្រចាំឆ្នាំរបស់អាហ្វ្រិកឆ្នាំ២០២២។
 
ភាពលេចធ្លោរបស់ Mane កើតឡើងតាមរយៈការជួយក្រុមជម្រើសជាតិសេណេហ្គាល់ឈ្នះពានរង្វាន់អាហ្វ្រិក Africa Cup of Nations ជាលើកដំបូង និងជួយក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ FIFA World Cup នៅកាតាចុងឆ្នាំនេះ។ សម្រាប់ក្លិប Mane​ បានជួយហង្សក្រហមឈ្នះ FA Cup និង League Cup និងឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League នៅរដូវកាលមុន។
 
នេះក៏ជាការគ្រងតំណែង African Footballer of Year ជាលើកទីពីរក្នុងអាជីពរបស់ Mane ផងដែរ។ អតីតកីឡាករ Southampton រូបនេះ ជាប់ជាកីឡាករឆ្នើមប្រចាំតំបន់អាហ្វ្រិកលើកដំបូងនៅឆ្នាំ២០១៩ ក្រោយរូបគេជួយ Liverpool លើកពាន Premier League រដូវកាលនោះ៕
 

Tag:
 Sadio Mane
  African Footballer of Year
© រក្សាសិទ្ធិដោយ thmeythmey.com