អន្តរជាតិ
លោកថាក់ស៊ីនតបលោកប្រាយុទ្ធ៖ ខ្ញុំនឹងត្រលប់ទៅថៃវិញ
22, Jul 2022 , 12:59 pm        
រូបភាព
អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីនណាវ៉ាត្រា។ រូបភាព៖ AFP
អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីនណាវ៉ាត្រា។ រូបភាព៖ AFP
អតីតនាយករដ្ឋមន្រ្តីថៃ លោក ​ថាក់ស៊ីន​ ស៊ីន​ណា​វ៉ា​ត្រា នៅថ្ងៃទី១៩ ខែកក្កដា បានឆ្លើយតបនឹងលោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃថា លោកនឹងត្រលប់ទៅថៃវិញ។ បើតាមលោកថាក់ស៊ីន លោក ប្រាយុទ្ធ ទំនងជាគិតដល់លោកគ្រប់ពេល។

 
នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា ក្នុងអំឡុងពេលជជែកដេញដោលនៅសភានាថ្ងៃទី ១៩ ខែកក្កដា បានលើកឡើងថា ក្នុងនាមជាប្រមុខរដ្ឋាភិបាល លោកមិនដឹងអ្វីទាំងអស់ និងមិនពូកែគ្រប់យ៉ាង។ ត្រង់ចំណុចនេះ លោកប្រាយុទ្ធ បានបន្តថា លោកមិនដូចមនុស្សម្នាក់ គឺលោក ថាក់ស៊ីន ស៊ីនណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ ដែលបក្ស Pheu Thai ចាត់ទុកជាមនុស្សឆ្លាតបំផុតឡើយ។ បើតាមនាយករដ្ឋមន្រ្តីថៃ ពេលនេះ មនុស្សម្នាក់នោះ នៅកន្លែងណា។ 
 
ជាការឆ្លើយតប លោក ថាក់ស៊ីន បានសរសេរលើបណ្តាញសង្គម ClubHouse ដែលប្រើឈ្មោះ Tony Woodsome ថា លោកនឹងត្រលប់ទៅថៃវិញ។ 
 
«ខ្ញុំនឹងត្រលប់ទៅវិញច្បាស់ណាស់។ ពិតប្រាកដណាស់ ខ្ញុំនឹងត្រលប់ទៅវិញ»។​ អតីតនាយករដ្ឋមន្រ្តីថៃ ចាប់ពីឆ្នាំ២០០១ ដល់ពី២០០៦ បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា លោកប្រាយុទ្ធទំនងគិតដល់លោកគ្រប់ពេល។ មិនតែប៉ុណ្ណោះ លោកថាក់ស៊ីន បានឌឺដងទៀតថា ប្រសិនបើលោកប្រាយុទ្ធសួរលោកថា មានវត្តមាននៅទីណា លោកនឹងតបថា លោកមានវត្តមាននៅក្នុងការគិតរបស់លោកប្រាយុទ្ធ។ នេះបើតាមការចុះផ្សាយកាសែតបាងកកប៉ុស្ត៍។ 
 
មិនតែប៉ុណ្ណោះ អតីតប្រមុខរដ្ឋាភិបាលថៃរូបនេះ បានប្រាប់លោកប្រាយុទ្ធឱ្យមានយុទ្ធសាស្រ្តរឹងមាំ ហើយលោកមានឆន្ទៈក្នុងការផ្តល់យោបល់ដល់លោកនាយករដ្ឋមន្រ្តី។ 
 
គួររំឮកថា លោក ថាក់ស៊ីន បានភៀសខ្លួនចេញពីប្រទេសនៅក្នុងឆ្នាំ ២០០៨ បន្ទាប់ពីតុលាការកំពូលថៃ បានសម្រេចថា លោកបានប្រព្រឹត្តការរំលោភអំណាចទាក់ទិននឹងកិច្ចព្រមព្រៀងទិញដី។ នៅក្នុងខែមករាកន្លងទៅ លោកអតីតនាយករដ្ឋមន្រ្តីថៃ បានប្រកាសពីគម្រោងមកមាតុប្រទេសវិញ ដើម្បីជាអំណោយដល់ប្រជាជន៕ 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com