អន្តរជាតិ
ជប៉ុន នឹងរៀបចំពិធីបុណ្យថ្នាក់រដ្ឋសម្រាប់លោក អាបេ នៅថ្ងៃទី២៧ ខែកញ្ញា លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន។ រូបភាព៖ AFP
× ជប៉ុន នឹងរៀបចំពិធីបុណ្យថ្នាក់រដ្ឋសម្រាប់លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន នៅថ្ងៃទី ២៧ ខែកញ្ញា ខាងមុខ។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបានប្រកាសបែបនេះ នៅថ្ងៃទី២២ ខែកក្កដា។ សាលដ៏ធំ Nippon Budokan ក្នុងក្រុងតូក្យូ នឹងជាទីតាំងប្រារព្ធពិធីបុណ្យថ្នាក់រដ្ឋលើកទីពីរនេះ។
លោកអាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន ក្នុងថ្ងៃទី៨ ខែកក្កដា ត្រូវបានសម្លាប់ដោយជនសង្ស័យវ័យ៤១ឆ្នាំ ដែលធ្លាប់ជាកម្លាំងស្វ័យការពារជើងទឹករយៈពេល ៣ឆ្នាំ។ កន្លងមក បុណ្យសពរបស់លោក អាបេ ត្រូវបានធ្វើឡើងក្នុងលក្ខណៈឯកជនប៉ុណ្ណោះ។ ដោយចាត់ទុកជាបុគ្គលដ៏សំខាន់មួយរូប រដ្ឋាភិបាលជប៉ុន បានសម្រេចធ្វើពិធីបុណ្យថ្នាក់រដ្ឋឱ្យលោកអាបេ នៅថ្ងៃទី២៧ ខែកញ្ញា។
«យើងនឹងទទួលមន្រ្តីបរទេស និងប្រទេស ដែលជប៉ុនមានទំនាក់ទំនងការទូតជាមួយ»។ លោក Hirokazu Matsuno អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បានបញ្ជាក់បែបនេះ នៅថ្ងៃទី២២ ខែកក្កដា ដោយបន្តប្រាប់ពីហេតុផលនៃការប្រារព្ធពិធីបុណ្យថ្នាក់រដ្ឋថា លោកអាបេ ជានាយករដ្ឋមន្រ្តីកាន់តំណែងយូរជាងគេបំផុតក្នុងប្រវត្តិសាស្រ្តជប៉ុន, មានស្នាដៃល្អ រួមជាមួយទំនាក់ទំនងនឹងមេដឹកនាំបរទេស។
មិនតែប៉ុណ្ណោះ លោក Matsuno ពិធីបុណ្យនេះ នឹងមិនប្រព្រឹត្តតាមគោលការណ៍សាសនាជាក់លាក់ណាមួយឡើយ ហើយមានលក្ខណៈសាមញ្ញ។ ចំណែកការចំណាយ នឹងត្រូវសិក្សានៅពេលក្រោយ។ កន្លងមក ពិធីបុណ្យនេះ ត្រូវបានជំទាស់ដោយក្រុមប្រឆាំង ដែលយល់ឃើញថាការចំណាយថវិកាសាធារណៈលើមេដឹកនាំនយោបាយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
នេះជាលើកទីពីរហើយ ដែលជប៉ុនរៀបចំពិធីបុណ្យថ្នាក់រដ្ឋ។ កន្លងមកជប៉ុន បានធ្វើពិធីបុណ្យសពថ្នាក់រដ្ឋចុងក្រោយនៅក្នុងឆ្នាំ ១៩៦៧ សម្រាប់លោក Shigeru Yoshida ដែលជានាយករដ្ឋមន្រ្តីជប៉ុននៅចន្លោះឆ្នាំ១៩៤៦ ដល់១៩៤៧ និងពីឆ្នាំ១៩៤៨ ដល់ឆ្នាំ១៩៥៤។
សាល Nippon Budokan ដែលស្ថិតក្នុងក្រុងតូក្យូ និងជាកន្លែងរៀបចំកីឡា រួមទាំងតន្រ្តីផ្សេងៗ នឹងយកមកធ្វើជាទីតាំងនៃពិធីបុណ្យថ្នាក់រដ្ឋសម្រាប់លោកអាបេ។ សាល Nippon Budokan ក៏ធ្លាប់ធ្វើជាកន្លែងពិធីបុណ្យថ្នាក់រដ្ឋក្នុងឆ្នាំ ១៩៦៧ដែរ។
សូមបញ្ជាក់ថា លោកអាបេ ជាអ្នកនយោបាយដ៏សំខាន់មួយរូបរបស់ជប៉ុន និងបក្សប្រជាធិបតេយ្យសេរី (LDP)។ លោកអាបេ បានក្លាយជានាយករដ្ឋមន្រ្តីជប៉ុនលើកដំបូងនៅក្នុងឆ្នាំ២០០៦ មុននឹងចុះចេញពីតំណែងនៅក្នុងឆ្នាំ២០១៧ និងបានឡើងកាន់អំណាចជាប្រមុខរដ្ឋាភិបាលជាថ្មីនៅឆ្នាំ២០១២ ដល់ឆ្នាំ២០២០៕
© រក្សាសិទ្ធិដោយ thmeythmey.com