អន្តរជាតិ
ហុងគ្រី ស្នើទិញហ្គាសបន្ថែមពីរុស្ស៊ី
22, Jul 2022 , 10:29 pm        
រូបភាព
ប្រមុខការទូតហុងគ្រី លោក Peter Szijjarto ជាមួយសមភាគីរុស្ស៊ី លោកស៊ែហ្គេយ៍ ឡាវរ៉ូវ។ រូបភាពយកពីក្រសួងការបរទេសរុស្ស៊ី
ប្រមុខការទូតហុងគ្រី លោក Peter Szijjarto ជាមួយសមភាគីរុស្ស៊ី លោកស៊ែហ្គេយ៍ ឡាវរ៉ូវ។ រូបភាពយកពីក្រសួងការបរទេសរុស្ស៊ី
ប្រមុខការទូតហុងគ្រី លោក Peter Szijjarto នៅថ្ងៃទី២១ ខែកក្កដា បានធ្វើទស្សនកិច្ចនៅក្រុងមូស្គូ។ ក្នុងសន្និសីទរួមជាមួយសមភាគីរុស្ស៊ី ប្រមុខការទូតហុងគ្រី បានអះអាងថា ខ្លួនត្រូវការហ្គាសចំនួន៧០០លានម៉ែត្រគូបបន្ថែមពីលើកុងត្រាដែលមាន។ ជាការឆ្លើយតប រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ បានបញ្ជាក់ថា រុស្ស៊ីនឹងពិចារណាសំណើរបស់ភាគីហុងគ្រី។

 
សង្រ្គាមនៅអ៊ុយក្រែន បានធ្វើឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្ម និងរឹតត្បិតប្រភពថាមពលពីរុស្ស៊ីជាបន្តបន្ទាប់។ យ៉ាងណាមិញ ការរឹតត្បិតនេះ បានធ្វើឱ្យតម្លៃប្រភពថាមពលត្រូវហក់ឡើង ខណៈប្រទេសអឺរ៉ុបមួយចំនួនប្រឈមបញ្ហាហ្គាស។ រដ្ឋាភិបាលហុងគ្រីនៅពាក់កណ្តាលខែកក្កដា កន្លងទៅ បានប្រកាសស្ថានភាពអាសន្នលើប្រភពថាមពល ដើម្បីឆ្លើយតបនឹងការខ្វះខាតហ្គាសផ្គត់ផ្គង់។ 
 
ដោយជួបបញ្ហាបែបនេះ ហុងគ្រី ដែលជាសមាជិកមួយរបស់សហភាពអឺរ៉ុប បានស្វះស្វែងរកប្រភពថាមពលបន្ថែមពីរុស្ស៊ី។ ក្នុងដំណើរទស្សនកិច្ចនៅក្រុងមូស្គូនៅថ្ងៃទី២១ ខែកក្កដា លោក Peter Szijjarto រដ្ឋមន្រ្តីការបរទេសហុងគ្រី បានប្រាប់សមភាគីរុស្ស៊ី លោកស៊ែហ្គេយ៍ ឡាវរ៉ូវ ថា ហុងគ្រីត្រូវការហ្គាសចំនួន៧០០លានម៉ែតគូប បន្ថែមពីលើកិច្ចព្រមព្រៀងដែលមានស្រាប់។ 
 
«មើលលើស្ថានភាពបច្ចុប្បន្ន... បើគ្មានប្រភពពីរុស្ស៊ី វាមិនអាចទិញហ្គាសជាង ៧០០លានម៉ែត្រគូបបន្ថែមបានឡើយ»។ ប្រមុខការទូតហុងគ្រី បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ការចរចាកំពុងប្រព្រឹត្តឡើងជាមួយរុស្ស៊ីពីការទិញហ្គាសបន្ថែម។ បើតាមលោក Szijjarto ហ្គាសរបស់ហុងគ្រីមានលើសពី ២៧ភាគរយប៉ុណ្ណោះនៃតម្រូវការប្រើប្រាស់ប្រចាំឆ្នាំ ហើយហុងគ្រី ត្រូវពន្លឿនកិច្ចចរចានេះឱ្យបានឆាប់រហ័ស សម្រាប់ផ្គត់ផ្គង់នៅរដូវត្រជាក់។ 
 
ហុងគ្រី ជាប្រទេសមួយដែលពឹងផ្អែកលើហ្គាសពីរុស្ស៊ីចំនួ​ន៨៥ភាគរយ ហើយកន្លងមកប្រទេសមួយនេះ បានជំទាស់យ៉ាងខ្លាំង ចំពោះគំនិតពាក់ព័ន្ធនឹងទណ្ឌកម្មអឺរ៉ុបលើការនាំចូលហ្គាសពីរុស្ស៊ី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
ចំណែករដ្ឋមន្រ្តីការបរទេសរុស្ស៊ីវិញ បានអះអាងថា រុស្ស៊ីនឹងពិចារណាសំណើរបស់ហុងគ្រី ក្នុងការបង្កើនការទិញហ្គាស។ មិនតែប៉ុណ្ណោះ លោកឡាវរ៉ូវ បានប្រកាសថា ក្រុងមូស្គូ និងក្រុងប៊ុយដាប៉ែស គ្រោងអភិវឌ្ឍទំនាក់ទំនងជាយុទ្ធសាស្រ្ត និងមានរយៈពេលយូរអង្វែង។ ប្រមុខការទូតរុស្ស៊ី បានថ្លែងទៀតថា រុស្ស៊ីនឹងមិនអនុញ្ញាតឱ្យបណ្តាប្រទេសអឺរ៉ុប ជ្រៀតជ្រែកក្នុងកិច្ចសហប្រតិបត្តិការរវាងហុងគ្រី និងរុស្ស៊ីឡើយ។ 
 
សូមបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងទិញហ្គាសរយៈពេល ១៥ឆ្នាំ ហុងគ្រី ទទួលបានបានហ្គាសពីរុស្ស៊ីចំនួន៣,៥ពាន់លានម៉ែតគូបក្នុងមួយឆ្នាំ តាមរយៈប៊ុលហ្ការី និង១ពាន់លានម៉ែតគូបទៀត តាមរយៈអូទ្រីស៕ 
 

Tag:
 ហុងគ្រី
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com