អន្តរជាតិ
រុស្ស៊ី អ៊ុយក្រែន តួកគី និង UN ចុះកិច្ចព្រមព្រៀងបើកផ្លូវដល់ការដឹកគ្រាប់ធញ្ញជាតិឡើងវិញ
23, Jul 2022 , 11:57 am        
រូបភាព
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកផ្លូវដល់ការដឹកជញ្ជូនធញ្ញជាតិអ៊ុយក្រែនតាមសមុទ្រខ្មៅ។ រូបថត Xinhua
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកផ្លូវដល់ការដឹកជញ្ជូនធញ្ញជាតិអ៊ុយក្រែនតាមសមុទ្រខ្មៅ។ រូបថត Xinhua
រុស្ស៊ី អ៊ុយក្រែន តួកគី និងអង្គការសហប្រជាជាតិ បានចុះកិច្ចព្រមព្រៀងមួយដែលនឹងបើកផ្លូវដល់ការដឹកជញ្ជូនធញ្ញជាតិដែលជាប់គាំងនៅកំពង់ផែអ៊ុយក្រែនឡើងវិញ។ កិច្ចព្រមព្រៀងនេះ នឹងជួយសម្រាលវិបត្តិខ្វះខាតស្បៀងអាហារដែលបង្កដោយសង្រ្គាមនៅអ៊ុយក្រែន។

 
ក្រោមកិច្ចព្រមព្រៀងដែលចុះហត្ថលេខាងដោយរុស្ស៊ី អ៊ុយក្រែន តួកគី និងអង្គការសហប្រជាជាតិនៅថ្ងៃទី២២ ខែកក្កដា គ្រាប់ធញ្ញជាតិដែលជាប់គាំងនៅតាមកំពង់ផែអ៊ុយក្រែន និងកប៉ាល់នានា អាចបើកកាត់សមុទ្រខ្មៅជាថ្មី ហើយបរិមាណដឹកជញ្ជូន អាចស្មើនឹងទំហំមុនសង្រ្គាមដែលមានប្រមាណ៥លានតោនក្នុងមួយខែ។ មន្រ្តី UN និយាយថា កិច្ចព្រមព្រៀងដែលត្រូវអនុវត្ត១២០ថ្ងៃនេះ នឹងចាប់ផ្ដើមប្រតិបត្តិការនៅប៉ុន្មានសប្ដាហ៍ទៀត។
 
សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឱ្យតម្លៃអាហារកើនឡើងខ្ពស់ ហើយប្រជាជនក្នុងប្រទេសក្រីក្រ​មួយ​ចំនួន ក៏ត្រូវប្រឈមមុខនឹងវិបត្តិកង្វះស្បៀងអាហារផងដែរ ដោយសារ​រុស្ស៊ី បង្អាក់ដំណើរការកំពង់ផែរបស់អ៊ុយក្រែន។ គ្រាប់ធញ្ញជាតិប្រមាណ២០លានតោន បានជាប់គាំងនៅតាមកំពង់នានា ហើយមិនអាចដឹកទៅណារួច។ ទាំងរុស្ស៊ី ទាំងអ៊ុយក្រែន សុទ្ធតែជា​ប្រទេសផ្គត់ផ្គត់គ្រាប់ធញ្ញជាតិ និងផលិតផលស្បៀងអាហារផ្សេងៗ។
 
ភាគីពាក់ព័ន្ធទាំងអស់ ក៏ឯកភាពគ្នាលើបញ្ជីកំពង់ផែដែលពាក់ព័ន្ធ ការបង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យនៅទីក្រុងអ៊ីស្តង់ប៊ុល និងវិធីសាស្រ្តត្រួតពិនិត្យកប៉ាល់ដឹកជញ្ជូន។ ក្រោមកិច្ចព្រមព្រៀងនេះ កប៉ាល់ដឹកធញ្ញជាតិចេញពីកំពង់ផែអ៊ុយក្រែនដែលនឹងរួមបញ្ចូលកំពង់ផែ Odesa នឹងត្រូវបើកឆ្លងកាត់ច្រកសុវត្ថិភាពនៃសមុទ្រខ្មៅ។ ពេលចាកចេញពីដែនទឹកអ៊ុយក្រែន កប៉ាល់នោះ នឹងត្រូវឆ្ពោះទៅកំពង់ផែតួកគីតាមច្រក Bosphorus ដើម្បីពិនិត្យ មុនបន្តដំណើរទៅគោលដៅចុងក្រោយ។
 
បើតាមមន្ត្រីអ៊ុយក្រែន បន្ថែមពីលើកំពង់ផែ Odesa ដែលជាកំពង់ផែសំខាន់ជាងគេមួយ កំពង់ផែពីរទៀតដែលអាចធ្វើការដែរនោះមាន Pivdennyi និង Chornomorsk ។
 
តួកគី ដែលជាសមាជិកណាតូ និង UN ធ្វើការរួមគ្នា២ខែមកហើយដើម្បីបំបែកការជាប់គាំងលើការដឹកជញ្ជូនធញ្ញជាតិសំខាន់ៗលើទីផ្សារពិភពលោក។ មិនត្រឹមតែផលិតផលជាប់នៅអ៊ុយក្រែនឡើយ ការសម្របសម្រួល ក៏ធ្វើឡើងដើម្បីបើកផ្លូវដល់ការដឹកជញ្ជូនជី និងផលិតផលកសិកម្មរុស្ស៊ីផងដែរ៕
 
 
 
 
 

Tag:
 រុស្ស៊ី
  តួកគី
  អ៊ុយក្រែន
  UN
© រក្សាសិទ្ធិដោយ thmeythmey.com