ជាតិ
សង្គមជាតិ
អាជ្ញាធរខេត្តកំពង់ចាម ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្រោយគ្រោះថ្នាក់កើនឡើង
23, Jul 2022 , 5:59 pm        
រូបភាព
(រូបតំណាង)ការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នាពេលកន្លងមក។ រូបភាពពីទំព័រហ្វេសប៊ុក អគ្គស្នងការដ្ឋាននគរបាលជាតិ។
(រូបតំណាង)ការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នាពេលកន្លងមក។ រូបភាពពីទំព័រហ្វេសប៊ុក អគ្គស្នងការដ្ឋាននគរបាលជាតិ។
គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២២ ខែកក្កដា បានជូនដំណឹងពីចំណាត់ការពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅភូមិសាស្ត្រខេត្តកំពង់ចាម។

 
ក្នុងសេចក្ដីជូនដំណឹងខាងលើនេះ អនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម បានពិនិត្យឃើញកំណើនយានយន្ត ទោចក្រយានយន្ត កើនឡើងលើសការប៉ាន់ប្រមាណពីឆ្នាំកន្លងទៅ។ អ្នកប្រើប្រាស់យានយន្ត និងប្រើប្រាស់ផ្លូវ ហាក់មិនគោរពច្បាប់ និងប្រើប្រាស់ផ្លូវ យានយន្តត្រឹមត្រូវតាមច្បាប់​កំណត់ ដែលបណ្ដាលឱ្យគ្រោះថ្នាក់ របួស និងបាត់បង់ជីវិត ក្នុងមូលដ្ឋានខេត្តកំពង់ចាមនេះ។ 
 
ដើម្បីឆ្លើយតប នឹងបញ្ហាខាងលើនេះ អនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ចាម តម្រូវឱ្យអ្នកបើកបរយានយន្តគ្រប់ប្រភេទ ទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក និងត្រីចក្រយានយន្ត ដែលមានទំហំស៊ីឡាំងចាប់ពី១២៥ សង់ទីម៉ែត្រគូបឡើងទៅ ឬមានថាមពលអគ្គិសនីលើសពី១១ ត្រូវមានបណ្ណបើកបរ។
 
ចំណុចទី២ អ្នកបើកបរយានយន្ត ដែលមានទំហំស៊ីឡាំងចាប់ពី១២៥ សង់ទីម៉ែត្រគូប ចុះក្រោម ឬថាមពលអគ្គិសនីចាប់ពី ១១គីឡូវ៉ាត់ចុះក្រោម ត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ។ ចំណុចទី៣ ការប្រើប្រាស់យានយន្តត្រូវបំពាក់ឧបករណ៍ឱ្យបានគ្រប់គ្រាន់ តាមលក្ខណៈបច្ចេកទេស ដែលច្បាប់បានកំណត់។
 
ដោយឡែក ស្ថាប័នពាក់ព័ន្ធនានា ត្រូវមានកម្មវិធីអប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។ ចំណែកមន្ត្រីអនុវត្តច្បាប់ត្រូវប្រកាន់អាកប្បកិរិយា សីលធម៌វិជ្ជាជីវៈ និងអនុវត្ត​ច្បាប់ឱ្យបានម៉ឺងម៉ាត់។ 
 
គួរជម្រាបផងដែរថា យោងតាមតាម របាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ក្នុងឆមាសទី១ ឆ្នាំ២០២២ កើនឡើង២៨ភាគរយ និងអ្នកស្លាប់កើនឡើង ៣៣ភាគរយ និងរបួសកើនឡើង ២៥ភាគរយ ប្រៀបធៀប ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំមុន៕ 
 
 
 
 

Tag:
 ThmeyThmey25
  គ្រោះថ្នាក់ចរាចរណ៍
  កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com