ជាតិ
មន្រ្តីជលផល៖ ជលផលធម្មជាតិ មិនអាចកើនឡើងឡើយ ដោយសារដែននេសាទ និងបឹងបួគោករាក់
24, Jul 2022 , 7:59 am        
រូបភាព
លោក ពុំ សុថា ប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម ក្នុងសន្និសីទ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២​។ រូបភាព ពីទំព័រហ្វេសប៊ុក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
លោក ពុំ សុថា ប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម ក្នុងសន្និសីទ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២​។ រូបភាព ពីទំព័រហ្វេសប៊ុក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
ភ្នំពេញ៖ លោក ពុំ សុថា ប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានសន្និដ្ឋានថា ធនធានជលផលនេសាទធម្មជាតិ ក្នុងប្រទេសកម្ពុជាមិនអាចកើនឡើងបានឡើយ ដោយសារតែដែននេសាទ និងបឹងបួ គោករាក់ខណៈចំនួនប្រជាជនមានការកើនឡើង។

 
នាសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នាថ្ងៃទី១៩ ខែកក្កដា លោកក ពុំ សុថាបានឱ្យដឹងថា តម្រូវការផ្នែកជលផលមានការកើនឡើង ដោយសារកំណើនប្រជាជន និងដែននេសាទ បឹងបួគោករាក់។ ការណ៍នេះបានបង្កផលប៉ះពាល់ លើធនធានជលផលនេសាទធម្មជាតិក្នុងប្រទេស។ 
 
លោក ពុំ សុថា លើកឡើងដូច្នេះ៖ «ខ្ញុំគិតថាប្រហែលជាមិនអាចកើនឡើងទេធនធានជលផលនៅក្នុងធម្មជាតិ ដោយសារដែននេសាទ បឹងបួ មួយចំនួនគឺមានការគោករាក់»។
 
លោកបញ្ជាក់ថា ផែនការ​ស្នូលសំខាន់របស់ក្រសួងកសិកម្មដើម្បីឆ្លើយតបនឹងតម្រូវការជលផលនេះ គឺ ពង្រឹង និងអភិវឌ្ឍន៍វារីវប្បកម្ម។លោកបន្ថែមទៀតថា កាលណាវិស័យវារីវប្បកម្មអាចគ្រប់គ្រងបាននោះនឹងធ្វើឱ្យការនាំចេញជលផលនេះ រីកចម្រើន។ 
 
គួរជម្រាបផងដែរថា ក្នុងមួយឆ្នាំៗ កម្ពុជា ត្រូវការផលនេសាទប្រមាណ៨៨៧ពាន់តោន។ កម្ពុជា​ មានផលនេសាទពីធម្មជាតិប្រមាណ ៥៨ពាន់តោន និងផលពីវារីវប្បកម្មមានប្រមាណ៣៤៨ពាន់តោន។ កម្ពុជា បាននាំចូលផលនេសាទចំនួន ៣៤ពាន់តោន និងនាំចេញបានជាង៣ពាន់តោនផងដែរ។ 
 
យោងតាមទិន្នន័យរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជលផលនេសាទទឹកសាបឆ្នាំ២០២១ កម្ពុជា ទទួលបានផលនេសាទជាង ៣៨ម៉ឺនតោនដោយធ្លាក់ចុះជាង៣០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២០ ដែលទិន្នផលជលផលមានជាង ៤១ម៉ឺនតោន៕ 
 
 
 

Tag:
 ThmeyThmey25
  ជលផល
  វារីវប្បកម្ម
  ពុំ ស៊ីថា
© រក្សាសិទ្ធិដោយ thmeythmey.com