ជាតិ
លោក ប៊ុនថន ធ្វើបទបង្ហាញ «បដិមារចនាបថបាភួន» ដើម្បីឱ្យកូនខ្មែរស្គាល់ពីសិល្បៈបុរាណ
24, Jul 2022 , 9:29 am        
រូបភាព
ផ្ទាំងលិខិតអញ្ជើញ ចូលរួមបទបង្ហាញស្ដីពី «បដិមារចនាបថបាភួន» របស់ លោក លី ប៊ុនថន។ រូបភាពផ្ដល់ដោយ លោក លី ប៊ុនថន។_
ផ្ទាំងលិខិតអញ្ជើញ ចូលរួមបទបង្ហាញស្ដីពី «បដិមារចនាបថបាភួន» របស់ លោក លី ប៊ុនថន។ រូបភាពផ្ដល់ដោយ លោក លី ប៊ុនថន។_
ដោយ៖ ស៊ុល រ៉វី 
 
ភ្នំពេញ៖ លោក លី ប៊ុនថន គ្រោងរៀបចំធ្វើបទបង្ហាញតាមប្រព័ន្ធអនឡាញមួយនិយាយអំពី «បដិមារចនាបថបាភួន» នៅថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២២។ គោលបំណងចម្បងរបស់លោក ដើម្បីឱ្យពលរដ្ឋខ្មែរយល់ដឹងនិងស្គាល់ពីទម្រង់សិល្បៈបុរាណខ្មែរ ជាពិសេសបដិមារចនាបថបាភួននេះ។

 
លោក លី ប៊ុនថន ជាអ្នកសម្របសម្រួលគម្រោងស្រាវជ្រាវឯកសារក្រាំងក្បាច់ខ្មែរ នៃមជ្ឈមណ្ឌលស្រាវជ្រាវ ប្រវត្តិសិល្បៈខ្មែរ។ លោកគ្រោងធ្វើបទបង្ហាញមួយ និយាយអំពី «បដិមារចនាបថបាភួន» សម្រាប់សាធារណជនទូទៅចូលរួម។
 
លោក ប៊ុនថន នឹងលើកយកមកបង្ហាញនូវទំនាក់ទំនងសិល្បៈចម្លាក់បដិមារចនាបថបាភួន ចំនួន៧ចំណុច និងបកស្រាយលើបដិមាប្រមាណ ១២០ផងដែរ។ ចំណុចទាំងនោះរួមមាន ឥទ្ធិពលសិល្បៈសម័យមុន, គ្រឿងអលង្ការលម្អបដិមា​, គំនូរព្រាងនៃទម្រង់រចនាបថបាភួន, ប្រាសាទរចនាបថបាភួន, ការប្រៀបធៀបទម្រង់សិល្បៈបដិមា, បដិមាស្ពាន់សំរឹទ្ធិ និង បដិមាថ្មភក់។ 
 
លោក ប៊ុនថន បង្កើតវេទិកាខាងលើនេះ ដោយសាររឿងក្ដីក្ដាំរវាងភាគីថៃ និងភាគីកម្ពុជា ជុំវិញការប្រមូលភស្តុតាង ដើម្បីទាមទារយកបដិមាបុរាណ១ដែលកំពុងស្ថិតនៅសារមន្ទីរសហរដ្ឋអាម៉េរិក Metropolitan Museum of Art ក្នុងទីក្រុងញូយ៉ក។
 

លោកពន្យល់បន្ថែមដូច្នេះ៖ «តាមការពិតទៅបដិមាហ្នឹង មិនមែនជាប្រធានបទសម្រាប់ខ្ញុំច្រើនពេកទេ ប៉ុន្តែដោយមានការចាប់អារម្មណ៍ច្រើនលើបដិមាហ្នឹង ខ្ញុំក៏លើកយកបដិមាហ្នឹងមកជជែកវែកញែកតែម្ដង»។ តាមរយៈបទបង្ហាញដែលគ្រោងធ្វើឡើងរយៈពេល ១ម៉ោងកន្លះនេះ លោក ប៊ុនថនអះអាងថា​ គឺចេញពីការសិក្សាស្រាវជ្រាវ លើឯកសារស្រាវជ្រាវមូលដ្ឋានដើម, ការចុះសិក្សាស្រាវជ្រាវដោយផ្ទាល់របស់ខ្លួន។
 
លោករៀបរាប់បន្ថែមដូច្នេះ៖ «ការសិក្សានេះជាក់ស្ដែងគឺមកពីការសិក្សាមូលដ្ឋានដើមដោយ លោក ហ្សង់ បាសឺលីយ៉េរ៍ (Jean Boisselier) និងការសិក្សាពីរគំនូររបស់លោកនិងមួយផ្នែកទៀត គឺខ្ញុំចុះតាមសារមន្ទីរក្នុងស្រុក គឺយើងសិក្សានៅទីតាំងផ្ទាល់ផងបដិមាសាស្ត្រតាមសារមន្ទីរផង និងមិត្តភក្ដិដែលគាត់រៀនផ្នែកបដិមាសាស្ត្រនេះផង»។ 
 
ការចូលរួមរបស់សាធារណជន ក្នុងបទបង្ហាញរបស់លោក ក្រោមប្រធានបទ «បដិមារចនាបថបាភួន»នេះ ពិតជាមានសារៈសំខាន់ ដើម្បីឱ្យពលរដ្ឋខ្លួនឯង យល់ដឹង និងស្គាល់ពីទម្រង់សិល្បៈបុរាណរចនាបថបាភួននេះ។
 
«បទបង្ហាញនេះ វាឆ្លុះបញ្ជាំងពីទម្រង់សិល្បៈខ្មែរ។ អ្នកដែលគួរតែដឹងមិនថាជាងចម្លាក់ ជាងគំនូរ សិល្បៈករ ដែលធ្វើការទាក់ទងវិស័យបុរាណនោះ សុទ្ធតែជាផ្នែកមួយដែលសំខាន់ គឺគាត់អាចយល់ពីទម្រង់ដើម ហើយវាមិនឃ្លាតពីអ្វីខឿនខ្នាត របស់បុព្វបុរសរបស់យើង»។ នេះជាការលើកឡើង របស់លោក ប៊ុនថន៕
 
 

Tag:
 ThmeyThmey25
  វប្បធម៌
  រចនាបថបាភួន
  លី
© រក្សាសិទ្ធិដោយ thmeythmey.com