ជាតិ
សេដ្ឋកិច្ច
CMA សហការជាមួយអង្គការ SPTF ដើម្បីជួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាឱ្យ​យល់ពីស្តង់ដារការពារអតិថិជន
24, Jul 2022 , 10:29 am        
រូបភាព
លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​(សាំ្ត) បានចុះMoU ជាមួយលោកស្រី Laura Foose នាយកប្រតិបត្តិអង្គការSPTF ក្រោមអធិបតីរបស់ លោក គិត សុវណ្ណរិទ្ធិ អគ្គនាយករងត្រួតពិនិត្យទី១​ ធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី២២កក្កដា នៅសណ្ឋាគារ Hyatt Regency នៃរាជធានីភ្នំពេញ។
លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​(សាំ្ត) បានចុះMoU ជាមួយលោកស្រី Laura Foose នាយកប្រតិបត្តិអង្គការSPTF ក្រោមអធិបតីរបស់ លោក គិត សុវណ្ណរិទ្ធិ អគ្គនាយករងត្រួតពិនិត្យទី១​ ធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី២២កក្កដា នៅសណ្ឋាគារ Hyatt Regency នៃរាជធានីភ្នំពេញ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) និងអង្គការ Social Performance Task Force (SPTF) រួមគ្នា ពង្រឹងបរិយាបន្នហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ តាមរយៈការបង្កើនកិច្ចការពារអតិថិជន។  ការសហការរវាងស្ថាប័នទាំងពីរនេះ គឺដើម្បីជំរុញកំណើនរបស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា​ប្រកបដោយការទទួលខុសត្រូវ មានស្ថិរភាពភាពវិស័យហិរញ្ញវត្ថុ។

 
លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) បានចុះអនុសារណៈយោគយល់គ្នា(MoU) ជាមួយលោកស្រី Laura Foose នាយកប្រតិបត្តិអង្គការSPTF  ដើម្បីជួយគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា ឱ្យស្វែងយល់ពីស្តង់ដារការពាអតិថិជន និង ស្តង់ដារសាកលសម្រាប់ការគ្រប់គ្រងការប្រតិបត្តិកិច្ចការសង្គម និងបរិស្ថានក្នុងវិស័យហិរញ្ញវត្ថុ។​ បើតាមលោក សុខ វឿន  កិច្ចការពារអតិថិជនសម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ គឺជាស្នូលនៃអាជីវកម្មសេវាហិរញ្ញវត្ថុ តាំងពីវិស័យនេះចាប់កំណើតនាអំឡុងឆ្នាំ១៩៨០មកម្លេះ។ បច្ចុប្បន្នយន្តការណ៍នេះ ត្រូវបានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារមួយចំនួន បានអភិវឌ្ឍឈានដល់កម្រិតអន្តរជាតិហើយ។​ 
 
«ប៉ុន្តែ អ្វីដែលថ្មីនាពេលនេះ គឺCMA និងអង្គការSPTF នឹងធ្វើការរួមគ្នាដើម្បីនាំយកស្តង់ដារការពារអតិថិជនកម្រិតស្តង់ដារអន្តរជាតិមកអនុវត្តឱ្យស្របតាមលក្ខខណ្ឌរបស់កម្ពុជា​ ដើម្បីឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទូទៅ មានលទ្ធភាពអនុវត្តយន្តការការពារអតិថិជនទៅតាមលទ្ធភាពជាក់ស្តែងដែលខ្លួនមាន»។ លោក សុខ វឿន ថ្លែងបែបនេះ ក្នុងពីធីចុះMoU រវាង CMA​និង អង្គការSPTF នាព្រឹកថ្ងៃទី២២កក្កដា។ លោក  បន្ថែមថា ការអនុវត្តនេះនឹងត្រូវបានជំរុញជាបន្តបន្ទាប់ឱ្យកាន់តែប្រសើរឡើងរហូតដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានលទ្ធភាពចាប់យកស្តង់ដារអន្តរជាតិក្នុងកិច្ចការពារអតិថិជននេះ។ 
 
ប្រធានCMAរូបនេះបន្តរៀបរាប់ថា៖ «យើងធ្វើយ៉ាងណា​ដើម្បីឱ្យស្ថាប័នទាំងអស់យល់ដឹងពីកិច្ចការពារអតិថិជន ពិសេសគឺដល់មន្ត្រីឥណទានយើងថ្នាក់ក្រោមតែម្តងឱ្យពួកគាត់យល់ច្បាស់អំពីរបៀបការពារអតិថិជនហ្នឹង ដែលទាក់ទងនឹង​ការទទួលខុសត្រូវលើការផ្តល់ប្រាក់កម្ចីឱ្យអតិថិជន និងទាក់ទងនឹងបំណុលដែលយើងផ្តល់ឱ្យអតិថិជន តើយើងត្រូវវិភាគបំណុលរបៀបណា ដើម្បីកុំឱ្យអតិថិជនជាប់បំណុលច្រើនលើសលុប»។​ បើតាមលោក សុខ វឿន  កិច្ចសហការរវាងCMA និង​SPTF នេះ​ ក៏ផ្តោតសំខាន់លើការដោះស្រាយជាមួយអតិថិជនដោយសន្តិវិធី ​និងស្មើភាពគ្នា ហើយព័ត៌មានដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្តល់ឱ្យអតិថិជន​ គឺជាព័ត៌មានមួយតម្លាភាពគ្រប់ជ្រុងជ្រាយ ដើម្បីឱ្យអតិថិជនមានការសម្រេចចិត្តថាត្រូវយក ឬមិនត្រូវយកកម្ចីពីគ្រឹះសា្ថនហិរញ្ញវត្ថុណាមួយ។ 


 លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កំពុងថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីពិធីចុះMoU រវាង CMA និង SPTF ត្រូវបានបញ្ចប់។ 

«អ្វីដែលលើសពីហ្នឹងទៀត  គឺយើងចង់ឱ្យសមាជិកទាំងអស់ពន្យល់អតិថិជនឱ្យបានស៊ីជម្រៅ និងច្បាស់ថា  តើអ្វីជាចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីឱ្យពួកគាត់ដឹង និងយល់ច្បាស់ ក្នុងការសម្រេចចិត្តស្នើសុំកម្ចី។ ព្រោះកាលណាអតិថិជន មិនមានចំណេះដឹងផ្នែកនេះ ឬមិនយល់ពីអ្វីទាំងអស់ ហើយពួកគាត់ចេះតែយកលុយពីស្ថាប័នហិរញ្ញវត្ថុ ដោយមិនប្រើប្រាស់ចំគោលដៅ នោះវាអាចធ្វើឱ្យពួកគាត់មានបញ្ហាក្នុងគ្រួសារ និងសង្គម​»។ នេះជាការបន្ថែមរបស់លោក ​   សុខ វឿន ដោយបញ្ជាក់ដូច្នេះ៖ «នេះជាផ្នែកមួយដ៏សំខាន់​ដែលយើងជំរុញឱ្យសមាជិកយើងទាំងអស់ត្រូវអនុវត្តឱ្យកាន់តែខ្លាំងតាមទៅអ្វីដែលអាចធ្វើបាន ដើម្បីស្របនឹងគោលនយោបាយរបស់រដ្ឋាភិបាល​ ពិសេសធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្តបរិយាបន្នហរិញ្ញវត្ថុ ឆ្នាំ២០១៩ - ២០២៥»។ 
 
បច្ចុប្បន្ន សមាគមមីក្រូហិរញ្ញវត្ថុមានសមាជិកចំនួន១២៣ស្ថាប័ន។ ក្នុងនោះ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន៥, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលបានប្រាក់បញ្ញើចំនួន៧៤, ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុចំនួន១២ និងគ្រឹះស្ថានឥណទានជនបទ ចំនួន៧ស្ថាប័ន រួមទាំងធនាគារពាណិជ្ជ​និងធនាគារឯក​ ចំនួន៥ ផងដែរ។ គិតត្រឹមត្រីមាសទីមួយ ឆ្នាំ២០២២ វិស័យមីក្រូហិរញ្ញវត្ថុ បានផ្តល់ឥណទានជិត៨,៣ពាន់លានដុល្លារ ដល់អតិថិជនប្រមាណ២លាននាក់ ខណៈមានអតិថិជនជាង២,៦លាននាក់ដាក់ប្រាក់សន្សំសរុប ៤,៤ពាន់លានដុល្លារនៅតាមស្ថាប័នមីក្រូហិរញ្ញវត្ថុដែលទទួលប្រាក់បញ្ជើទាំង៥នៅកម្ពុជា។ បើតាមប្រធានCMA។​
 
ជាមួយគ្នានេះ លោកស្រី Laura Foose នាយកប្រតិបត្តិអង្គការSPTF  បានបង្ហាញនូវក្តីរីករាយចំពោះសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងធនាគារជាតិនៃកម្ពុជា ក្នុងការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវចក្ខុវិស័យរួមគ្នា​ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ លោកស្រី បាននិយាយដូច្នេះ៖​«​តាមប្រទេសដែលមានភូមិសាស្រ្ត និងវប្បធម៌ខុសៗគ្នា ទីផ្សារហិរញ្ញវត្ថុនឹងមានសុខមាលភាពល្អ លុះណាអតិថិជនទទួលបានការពារ នៅពេលដែលអ្នកផ្តល់សេវារួមគ្នាអនុវត្តក្រមសីលធម៌ និងស្តង់ប្រតិបត្តិការដូចគ្នា ព្រមទាំងទទួលខុសត្រូវចំពោះមុខគ្នាទៅវិញទៅមក»។
 
ការងាររបស់អង្គការSPTFនៅកម្ពុជា ទទួលបានការគាំទ្រពីរដ្ឋាភិបាលប្រទេសលុចហ្សំបួរ  តាម
រយៈក្រសួងការបរទេសនិងកិច្ចការអឺរ៉ុប ដែលផ្តល់មូលនិធិដល់ RIFF-SEA។ ការងារបស់អង្គការSPTF ជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើក្រមប្រតិបត្តិវិស័យហិរញ្ញវត្ថុ ដើរតាមយន្តការការពារអតិថិជន (Client Protection Pathway) ដែលល្បីល្បាញលើសកលលោក ក៏ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD)។  
 
លោក គិត សុវណ្ណរិទ្ធិ អគ្គនាយករងត្រួតពិនិត្យទី១​ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ជំនឿទុកចិត្តពីសាធារណជនក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការជាកត្តាចម្បងក្នុងការរក្សាចីរភាពគ្រឹះស្ថាន ការបន្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងរក្សាស្ថិរភាពប្រព័ន្ធធនាគារទាំងមូល ហើយកិច្ចការពារអតិថិជន ក៏ត្រូវបានចាត់ទុកជាការងារអាទិភាព ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ខ្ពស់។ លោក សង្ឃឹមថា ការសហការគ្នារវាង CMA និង SPTF នេះ ​ នឹងរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា​ តាមរយៈការបង្កើតជាការអនុវត្តយ៉ាងទូលំទូលាយនូវស្តង់ដារបរិយាបន្នហិរញ្ញវត្ថុប្រកបដោយទទួលខុសត្រូវ ក្នុងគោលដៅធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរ៍ភាព ការប្រកួតប្រជែងដោយក្របសីលធម៌​ រួមទាំងបង្កើនការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ជាមួយទំនុកចិត្ត៕ 
 

Tag:
 មីក្រូហិរញ្ញវត្ថុ
  CMA
© រក្សាសិទ្ធិដោយ thmeythmey.com