ជាតិ
វីដេអូ
​មន្ទីរពេទ្យសម័យព្រះបាទជយវរ្ម័នទី៧ ត្រូវរកឃើញជាងពាក់កណ្ដាល ដោយ៣០នៅខ្មែរ ហើយ៣២នៅថៃ
24, Jul 2022 , 9:39 pm        
រូបភាព
លោក អ៊ឹម សុខរិទ្ធី ក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្ដីពី ព្រះពុទ្ធសាសនា និងវិស័យវេជ្ជសាស្រ្ដបុរាណ ធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។ រូបភាពពីអាជ្ញាធរជាតិអប្សរា
លោក អ៊ឹម សុខរិទ្ធី ក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្ដីពី ព្រះពុទ្ធសាសនា និងវិស័យវេជ្ជសាស្រ្ដបុរាណ ធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។ រូបភាពពីអាជ្ញាធរជាតិអប្សរា
សៀមរាប៖ ក្រុមអ្នកសិក្សាស្រាវជ្រាវចម្រុះជាតិសាសន៍ បានធ្វើបទបង្ហាញពីលទ្ធផលស្រាវជ្រាវស្ដីពីការ «ព្រះពុទ្ធសាសនា និងវិស័យវេជ្ជសាស្រ្ដបុរាណ» នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ នៃអាជ្ញាធរជាតិអប្សរា។ លទ្ធផលបង្ហាញថា ប្រព័ន្ធវេជ្ជសាស្រ្ដនៅសម័យព្រះបាទជយវរ្ម័នទី៧ គឺបានរៀបចំ និងគិតគូរដោយហ្មត់ចត់បំផុត។ ក្នុងចំណោមមន្ទីរទាំង១០២ ក្នុងរាជព្រះបាទជយវរ្ម័នទី៧ អ្នកស្រាវជ្រាវបានរកឃើញជាងពាក់កណ្ដាលហើយ។

 
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា ដូចតទៅ៖ 





 
អ្នកស្រាវជ្រាវមួយរូប គឺលោក សាស្រ្ដាចារ្យ អ៊ឹម សុខរិទ្ធី មានប្រសាសន៍ថា យោងតាមសិលាចារឹកនៅប្រាសាទតាព្រហ្មបានបញ្ជាក់ថា ក្នុងសម័យព្រះបាទជយវរ្ម័នទី៧ ព្រះអង្គបានសង់មន្ទីរពេទ្យសម្រាប់ព្យាបាលប្រជាពលរដ្ឋគ្រប់វណ្ណៈ មានចំនួន ១០២។ លោកថា ការស្រាវជ្រាវកន្លងមក មន្ទីរពេទ្យទាំងនោះ រកឃើញជាងពាក់កណ្ដាលហើយ ក្នុងនោះ ៣០នៅកម្ពុជា ក្នុងនោះ ៦នៅរាជធានីអង្គរ ខេត្តព្រះវិហារ កំពង់ចាម បន្ទាយមានជ័យ តាកែវ បេងមាលា និងកំពង់ធំជាដើម។ ចំណែក ៣២រកឃើញនៅប្រទេសថៃ ២នៅប្រទេសឡាវ និង១ទៀតនៅដែនដីកម្ពុជាក្រោម ប្រទេសវៀតណាមសព្វថ្ងៃ។
 
ក្នុងសិក្ខាសាលាដែលរៀបចំនៅថ្ងៃទី២០ ខែកក្កដា នៅអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បញ្ជាក់ថា ការស្រាវជ្រាវនេះមិនទាន់បញ្ចប់ឡើយ គឺនៅបន្ត ដោយក្នុងនោះ ក្រុមអ្នកស្រាវជ្រាវដែលមានឥណ្ឌា អាមេរិក អឺរ៉ុប បារាំង និងអាស៊ី បានចុះស្រាវជ្រាវតាមទីតាំងរៀងៗខ្លួននៅតំបន់អាស៊ី ចាប់ពីប្រទេសឥណ្ឌា នេប៉ាល់ និងរហូតដល់ប្រទេសជប៉ុន។ 


 
លោកពន្យល់ថា៖« ដោយសារគម្រោងនេះមិនមែនជាគម្រោងកិច្ចសហប្រតិបត្តិការមួយទេ អ្នកស្រាវជ្រាវធ្វើរៀងៗខ្លួនលើវិស័យពុទ្ធសាសនា និងវេជ្ជសាស្រ្ដ ហើយបានបង្ហាញលទ្ធផលរៀងៗខ្លួននៅទីនេះ»។
 
មន្ទីរពេទ្យចំនួន៦ដែលរកឃើញនៅក្នុងរាជធានីអង្គរ ក្នុងនោះ៤ត្រូវបានគេរកឃើញកាលពីជាង១០០ឆ្នាំមុន ដែលមានទីតាំងពីតាមខ្លោងទ្វារចូលរាជធានីអង្គរធំ ចំណែកទីតាំង២ទៀត ក្រុមការងារលោក អ៊ឹម សុខរិទ្ធី ទើបស្រាវជ្រាវឃើញកាលពីពេលថ្មីៗកន្លងទៅ។ ២ទីតាំងទៀត មាននៅខាងជើងប្រាសាទព្រះខ័ន និងខាងលិចក្រុងអង្គរធំ។


 
ចំណុចមួយទៀតនៃការសង់មន្ទីរពេទ្យនៅពេលនោះ គឺគម្លាតពីមួយទៅមួយ ត្រូវបានរៀបចំមិនឱ្យលើសពី៤០គីឡូម៉ែត្រទេ។ ចំណុចនេះលោក អ៊ឹម សុខរិទ្ធី ពន្យល់ថា ដើម្បីងាយស្រួយធ្វើដំណើរ និងដឹកជញ្ជូនអ្នកជំងឺ ហើយក៏បានបញ្ចូលលើការងាររៀបចំដែនរដ្ឋបាលនៅសម័យនោះដែរ។ គ្រប់មន្ទីរពេទ្យទាំងអស់ សង់នៅទីប្រជុំជននៃរដ្ឋបាលមួយៗ ប្រៀបដូចទីរួមស្រុកនាពេលបច្ចុប្បន្នដូច្នោះដែរ។
 
តាមមន្ទីរពេទ្យនីមួយៗ មានបុគ្គលិក និងអ្នកធ្វើការសរុបរវាង៩០ ទៅ១០០នាក់ ក្នុងនោះមាននាយក១នាក់ គ្រូពេទ្យ២នាក់ មានគិលានុបដ្ឋាក ជំនួយការពេទ្យ ឱសថការី ឆ្មាំ អ្នកដាំថ្នាំ និងកិនថ្នាំជាដើម។ល៕
 


 
 
 

Tag:
 មន្ទីរពេទ្យ
  ព្រះបាទជ័យវរ្ម័នទី៧
  អាណាចក្រខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com